ចម្លើយរបស់ស្តេចដារីយូស1 ស្តេចដារីយូសបញ្ជាឲ្យគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ 2 គេរកឃើញក្រាំងមួយនៅអាក់មេថា ជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តមេឌី។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: 3 នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ស្តេចបានចេញរាជបញ្ជាមួយស្តីអំពីដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹម។ ត្រូវសង់ដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងធ្វើគូរបាន។ ដំណាក់នេះត្រូវមានកំពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។ 4 គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ 5 គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃដំណាក់របស់អុលឡោះដែលស្តេចនេប៊ូក្នេសាបានរឹបអូសយកពីម៉ាស្ជិទ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅម៉ាស្ជិទនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងដំណាក់របស់អុលឡោះ»។ 6 ស្តេចដារីយូសផ្ញើសារទៅលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ 7 ទុកឲ្យជនជាតិយូដាសង់ដំណាក់របស់អុលឡោះឡើងវិញចុះ។ ត្រូវឲ្យទេសាភិបាល និងពួកអះលីជំអះរបស់ជនជាតិយូដា សង់ដំណាក់ត្រង់កន្លែងដើម។ 8 សុំអស់លោកជួយពួកអះលីជំអះរបស់ជនជាតិយូដា ក្នុងការសាងសង់ដំណាក់របស់អុលឡោះឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ 9 សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមអ៊ីមុាំ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀម សម្រាប់ជាគូរបានដុត ជូនចំពោះអុលឡោះជាម្ចាស់នៃសូរ៉កា ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមអ៊ីមុាំ កុំបីអាក់ខានឡើយ។ 10 ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។ 11 ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសម្រាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោរបង់ផង។ 12 សូមឲ្យអុលឡោះដែលតាំងនាមរបស់ទ្រង់នៅទីនោះ ទម្លាក់ស្តេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញដំណាក់របស់ទ្រង់ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ 13 លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ស្តេចដារីយូសយ៉ាងម៉ត់ចត់បំផុត។ ពិធីបុណ្យឆ្លងម៉ាស្ជិទ14 ពួកអះលីជំអះនៃជនជាតិយូដាបន្តការសាងសង់ម៉ាស្ជិទដោយជោគជ័យ ស្របតាមសេចក្ដីដែលណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ម៉ាស្ជិទ ស្របតាមបញ្ជារបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល និងស្របតាមរាជក្រឹត្យរបស់ស្តេចស៊ីរូស ស្តេចដារីយូស និងស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស។ 15 គេបានសង់ដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលស្តេចដារីយូស។ 16 ជនជាតិអ៊ីស្រអែល ក្រុមអ៊ីមុាំ ក្រុមលេវី និងប្រជាជននៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះដោយអំណរ។ 17 ក្នុងឱកាសពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះនេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកធ្វើជាគូរបានរំដោះបាប សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ គេក៏បានជូនពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែលដែរ។ 18 គេបានតែងតាំងក្រុមអ៊ីមុាំតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារ ដែលពួកគេបំពេញជូនអុលឡោះនៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគីតាបរបស់ណាពីម៉ូសា។ ជនជាតិយូដាធ្វើពិធីបុណ្យរំលង19 អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ 20 ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យរំលង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមអ៊ីមុាំ ជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។ 21 ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។ 22 ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយៈពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតអុលឡោះតាអាឡាប្រទានឲ្យពួកគេបានពោរពេញដោយអំណរ គឺទ្រង់ដូរចិត្តរបស់ស្តេច ឲ្យមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ដំណាក់របស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ |
© 2014 United Bible Societies, UK.
United Bible Societies