ណាពីអេសាយទៅជួបស្ដេចអេហាស1 នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។ 2 មានគេនាំដំណឹងមកជម្រាបរាជវង្សរបស់ស្តេចទតថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យស្តេចអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។ 3 ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់អេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ 4 ត្រូវជម្រាបស្ដេចថា សូមស្តេចកុំខ្វល់ចិត្ត កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។ 5 ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្ដេចអ៊ីស្រអែល ប្រឆាំងស្តេច ដោយពោលថា: 6 “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឲ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀល ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។ 7 ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “ពួកគេមិនអាចសម្រេចការទាំងនេះបានទេ ការទាំងនេះពុំអាចកើតឡើងបានឡើយ។ 8 ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថាប្រជាជនទៀតហើយ។ 9 ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។ 10 អុលឡោះតាអាឡាចាត់អេសាយឲ្យទៅជម្រាបស្តេចអេហាសសាជាថ្មីថា៖ 11 «ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។ 12 ស្តេចអេហាសតបមកវិញថា៖ «យើងនឹងមិនសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលអុលឡោះតាអាឡាឡើយ!»។ 13 ពេលនោះ ណាពីអេសាយជម្រាបស្តេចថា៖ «សូមជម្រាបរាជវង្សរបស់ស្តេចទត សូមស្តេចស្តាប់ខ្ញុំ! ស្តេចមិនត្រឹមតែធ្វើឲ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យអុលឡោះជាម្ចាស់របស់ខ្ញុំ ណាយចិត្តទៀតផង។ 14 ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។ 15 បុត្រនោះនឹងពិសាតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។ 16 ប៉ុន្តែ មុនពេលបុត្រនោះ ចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្ដេចទាំងពីរដែលបានមក បំភ័យស្តេច នឹងត្រូវគេបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។ 17 អុលឡោះតាអាឡានឹងធ្វើឲ្យស្តេច ព្រមទាំងប្រជារាស្ត្រ និងរាជវង្ស ជួបប្រទះនឹងសភាពការណ៍ផ្សេងៗ ព្រោះតែស្ដេចរបស់ជនជាតិអាស្ស៊ីរី គឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីម បានបែកចេញពីប្រជាជាតិយូដាមក មិនដែលមានសភាពការណ៍បែបនេះទេ។ 18 នៅគ្រានោះអុលឡោះតាអាឡានឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី 19 ឲ្យមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។ 20 នៅគ្រានោះអុលឡោះតាអាឡានឹងជួលកាំបិតកោរ ពីខាងនាយទន្លេអឺប្រាត - គឺស្ដេចស្រុកអាស្ស៊ីរី - មកកោរសក់ កោររោមជើង និងកោរពុកចង្ការបស់ប្រជាជាតិនេះ។ 21 នៅគ្រានោះម្នាក់ៗនឹងចិញ្ចឹមមេគោមួយ និងពពែញីពីរក្បាល 22 ហើយដោយសារសម្បូណ៌ទឹកដោះពេក ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។ 23 នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន ទំពាំងបាយជូរមួយពាន់ដើម តម្លៃជាប្រាក់បីរយតម្លឹង បែរជាដុះសុទ្ធតែបន្លា និងរពាក់។ 24 ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ 25 ចំណែកឯនៅតាមភ្នំ ដែលពីមុនគេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និងរពាក់ គេទុកឲ្យគោ និងហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។ |
© 2014 United Bible Societies, UK.
United Bible Societies