អុលឡោះវិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រអែល1 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ! 2 អុលឡោះតាអាឡាទាស់ចិត្តនឹង ប្រជាជាតិទាំងអស់ ទ្រង់ខឹងនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ទ្រង់បំផ្លាញពួកគេ ទ្រង់បញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។ 3 សាកសពរបស់ពួកគេនឹងត្រូវទុកចោល ឲ្យមានក្លិនអសោច ហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។ 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ ដែលជ្រុះអស់នោះដែរ។ 5 អុលឡោះតាអាឡាកំពុងគ្រវីដាវនៅលើមេឃ ដាវនេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលទ្រង់បានកាត់ទោសនេះ ជូនដល់ទ្រង់។ 6 ដាវរបស់អុលឡោះតាអាឡាប្រឡាក់សុទ្ធតែ ឈាម និងខ្លាញ់ គឺដូចឈាមកូនចៀម និងពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងក្រលៀន របស់ចៀមឈ្មោល ដ្បិតអុលឡោះតាអាឡាធ្វើគូរបាននៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។ 7 នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ 8 ដ្បិតថ្ងៃនោះជាថ្ងៃដែលអុលឡោះតាអាឡា សងសឹកខ្មាំងសត្រូវ ហើយនៅឆ្នាំនោះ ទ្រង់ជម្រះបញ្ជីពួកគេ ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។ 9 ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុករបស់គេ ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។ 10 គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់ មានផ្សែងហុយអស់កល្បជានិច្ច។ ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់ ដើរកាត់តាមនោះទៀតឡើយ។ 11 សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និងក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ អុលឡោះនឹងធ្វើឲ្យស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ 12 នៅក្នុងស្រុកនឹងលែងមានអ្នកធំ ដើម្បីជ្រើសរើសស្ដេចឲ្យឡើង សោយរាជ្យទៀតហើយ រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។ 13 គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយ ដែលក្លាយទៅជាជំរករបស់ចចក និងជាទ្រនំរបស់សត្វត្មាត។ 14 សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ 15 រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ 16 ចូរពិនិត្យមើលក្នុងគីតាបរបស់អុលឡោះតាអាឡា អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង ថា: «សត្វទាំងនោះនឹងនាំគ្នាមក ឥតខ្វះមួយណាឡើយ គឺវាធ្វើតាមបង្គាប់អុលឡោះទាំងអស់គ្នា ដ្បិតរសរបស់ទ្រង់ នឹងប្រមែប្រមូលវាមក។ 17 ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ |
© 2014 United Bible Societies, UK.
United Bible Societies