ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 24 - អាល់គីតាប អាល់គីតាប
អេសាយ 24

អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​ផែនដី

1 អុលឡោះ‌តាអាឡា​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ទ្រង់​នឹង​រំលើង​ផែនដី ហើយ​កំចាត់‌កំចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី

2 គឺ​អ៊ីមុាំ​ក៏​ដូច​ប្រជា‌ជន ម្ចាស់​ប្រុស​ក៏​ដូច​ទាសា ម្ចាស់​ស្រី​ក៏​ដូច​ទាសី អ្នក​លក់​ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់​ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។

3 ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុង ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។

4 មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។

5 ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយ‌សារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ច្បាប់ ពួក​គេ​រំលោភ​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ច ដែល​ទ្រង់​ចង​ជា​មួយ​គេ។

6 ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា មនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោស ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

7 សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។

8 សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ សំឡេង​ហ៊ោ​ខ្ញៀវ‌ខ្ញារ​ក៏​ត្រូវ​ចប់ ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ ក៏​លែង​មាន​ទៀត​ដែរ។

9 ពេល​នោះ មនុស្ស‌ម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។

10 ក្រុង​ដែល​គ្មាន​មនុស្ស​នៅ​នឹង​ត្រូវ​រលំ ផ្ទះ​ទាំង‌ឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។

11 នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។

12 ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេច‌ខ្ទី​អស់​ដែរ។

13 ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំង‌បាយជូរ​ដែល នៅ​សេស‌សល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។

14 រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរី‌រុង‌រឿង អុលឡោះ‌តាអាឡា ដោយ​អំណរ​រីក‌រាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។

15 អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!

16 យើង​បាន​ឮ​សូរ​ចំរៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​អុលឡោះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!

17 មនុស្ស‌ម្នា​នៅ​លើ​ផែនដី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!

18 អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។

19 ផែនដី​ប្រេះ ផែនដី​បាក់​បែក ផែនដី​រញ្ជួយ​ញាប់‌ញ័រ​យ៉ាង​ខ្លាំង

20 ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹង ហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក ព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។

ចុង​បញ្ចប់​របស់​អាណា‌ចក្រ​នានា

21 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំង‌ឡាយ នៅ​ផែនដី​ដែរ។

22 ទ្រង់​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ទ្រង់​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ទ្រង់​ជំនុំ‌ជម្រះ​ពួក​គេ។

23 ពេល​នោះ ព្រះ‌ច័ន្ទ​ត្រូវ​បាក់​មុខ ព្រះ‌អាទិត្យ​ត្រូវ​អាម៉ាស់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សិរី‌រុង‌រឿង​របស់​ទ្រង់ ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​មុខ​អស់​អ្នក​ដែល​ជា​អះលី‌ជំអះ។

© 2014 United Bible Societies, UK.

United Bible Societies