ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 12 - អាល់គីតាប អាល់គីតាប
យ៉ូប 12

ចម្លើយ​របស់​ណាពី​អៃយ៉ូប: គ្មាន​នរណា​អាច​បង្ក្រាប​អុលឡោះ​បាន​ទេ

1 អៃយ៉ូប​តប​វិញ​ថា៖

2 «ពិត​មែន​ហើយ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!

3 ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិត‌គូរ​ដូច​អស់​លោក គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។ សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះ តើ​នរណា​មិន​ដឹង!

4 ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យ ខ្ញុំ​អង្វរ​រក​អុលឡោះសូម​ចម្លើយ​ពី​ទ្រង់ តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្តី ក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។

5 អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្ត តែងតែ​មើល‌ងាយ​មនុស្ស​វេទនា ហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួល ត្រូវ​តែ​វេទនា​ដូច្នេះ។

6 មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​ឥត​កង្វល់ អស់​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ តែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។

7 ក៏​ប៉ុន្តែ សូម​អស់​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ នោះ​វា​នឹង​ប្រៀន‌ប្រដៅ​អស់​លោក សូម​សួរ​សត្វ​ស្លាប​ទៅ នោះ​វា​នឹង​ប្រាប់​អស់​លោក​ឲ្យ​ដឹង។

8 សូម​សាក​សួរ​ផែនដី​ទៅ នោះ​ផែនដី​នឹង​ប្រៀន‌ប្រដៅ​អស់​លោក សូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រ នោះ​វា​នឹង​និទាន​ប្រាប់​អស់​លោក។

9 ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​អុលឡោះ‌តាអាឡា!

10 ទ្រង់​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ដៃ​របស់​ទ្រង់​ដែរ។

11 ត្រចៀក​ស្ដាប់​យល់​ពាក្យ​សំដី ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​ម្ហូប​អាហារ​ដែរ។

12 មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញា ហើយ​អ្នក​ដែល​មាន​អាយុ​វែង ក៏​មាន​ការ​យល់​ដឹង​ដែរ។

13 មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​អំណាច ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។

14 ប្រសិន​បើ​ទ្រង់​កំទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ទ្រង់​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។

15 ប្រសិន​បើ​ទ្រង់​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត ប្រសិន​បើ​ទ្រង់​បើក នោះ​ទឹក​នឹង​លិច​ផែនដី។

16 ទ្រង់​ប្រកប​ដោយ​អំណាច ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​បំណង រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់។

17 ទ្រង់​ដក​អ្នក​ធំ​ចេញ​ពី​តំណែង ទ្រង់​ធ្វើ​ឲ្យ​ចៅ‌ក្រម​ទៅ​ជា​លេលា។

18 ទ្រង់​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាច ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

19 ទ្រង់​ដក​ពួក​អ៊ីមុាំ​ចេញ​ពី​តំណែង ទ្រង់​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។

20 ទ្រង់​ដក​ពាក្យ​សំដី​ចេញ​ពី​អ្នក​ពូកែ​វោហារ ទ្រង់​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី​ពួក​អះលី‌ជំអះ។

21 ទ្រង់​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាប ហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។

22 ទ្រង់​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅ ហើយ​លើក​ផ្នូរ​ខ្មោច មក​ដាក់​ក្រោម​ពន្លឺ។

23 ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចំរើន​ឡើង ហើយ​ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញ ទ្រង់​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា យ៉ាង​ទូលាយ រួច​ទ្រង់​កំចាត់‌កំចាយ​ពួក​គេ។

24 ទ្រង់​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជា‌ជន នៅ​លើ​ផែនដី ហើយ​ឲ្យ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសាន ដែល​គ្មាន​ច្រក​ចេញ។

25 ពួក​គេ​ដើរ​រាវ​ពពើម​នៅ​ក្នុង​ទី​ងងឹត គ្មាន​ពន្លឺ ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ ដូច​មនុស្ស​ស្រវឹង​ស្រា។

© 2014 United Bible Societies, UK.

United Bible Societies