Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 13 - អាល់គីតាប

1 ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក ហើយ​ខ្ញុំ​ក៏​បាន​យល់។

2 អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។

3 ក៏​ប៉ុន្តែ ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត ខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយ អុលឡោះ​តែ​ប៉ុណ្ណោះ

4 ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។

5 ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀម នោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!

6 ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។

7 តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​អុលឡោះ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ទ្រង់​កើត​ឬ?

8 តើ​អស់​លោក​ចង់​លម្អៀង​ខាង​អុលឡោះ ហើយ​ចង់​តវ៉ា​ជំនួស​ទ្រង់​ឬ?

9 ប្រសិន​បើ​ទ្រង់​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ទ្រង់​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​អ្នក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​អុលឡោះ ដូច​បញ្ឆោត​មនុស្ស​ឬ?

10 ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង ដោយ​លួច​លាក់​នោះ ទ្រង់​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។

11 ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ទ្រង់ នឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។

12 ពាក្យ​ដែល​អស់​លោក​និយាយ សុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះ ពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ា ប្រៀប​បាន​នឹង​ភក់។

13 សូម​អស់​លោក​នៅ​ស្ងៀម ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​ឲ្យ​កើត​ទៅ​ចុះ!

14 ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។

15 ទ្រង់​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ ទ្រង់។

16 ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិត ដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ។

17 សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​នឹង​ថ្លែង សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!

18 ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

19 តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ? ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។

20 ប៉ុន្តែ សូម​ទ្រង់​មេត្តា​អនុញ្ញាត​តាម សំណូម​ពរ​របស់​ខ្ញុំ នោះ​ខ្ញុំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី ទ្រង់​ទៀត​ឡើយ

21 គឺ​សូម​ដក​អំណាច​ចេញ​ពី​ខ្ញុំ ហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ខ្ញុំ ភ័យ​តក់‌ស្លុត​ទៀត​ដែរ។

22 បន្ទាប់​មក សូម​ទ្រង់​មាន​បន្ទូល មក​កាន់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​ឲ្យ​ខ្ញុំ​និយាយ​មុន រួច​ទើប​ទ្រង់​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។

23 តើ​កំហុស និង​អំពើ​បាប​របស់​ខ្ញុំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ខ្ញុំ​ផង។

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ទុក​ខ្ញុំ ជា​សត្រូវ​នឹង​ទ្រង់​ដូច្នេះ?

25 ខ្ញុំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួត ដែល​ប៉ើង​តាម​ខ្យល់ តើ​ទ្រង់​ដេញ​តាម​ប្រហារ​ខ្ញុំ​ធ្វើ​អ្វី?

26 ទ្រង់​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ខ្ញុំ​ប្រព្រឹត្ត ទ្រង់​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ខ្ញុំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។

27 ទ្រង់​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ខ្ញុំ ទ្រង់​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ប្រព្រឹត្ត សូម្បី​តែ​ដាន​ជើង​ខ្ញុំ ក៏​ទ្រង់​តាម​ពិនិត្យ​មើល​ដែរ។

28 រូប​កាយ​ខ្ញុំ​ប្រៀប​បាន​នឹង​ឈើ​ពុក ឬ​ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម