Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 11 - អាល់គីតាប


ប្រសាសន៍​របស់​លោក​សូផារ: សូម​វិល​មក​រក​អុលឡោះ​វិញ!

1 លោក​សូផារ ជា​អ្នក​ស្រុក​ណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖

2 «តើ​យើង​គួរ​នៅ​ស្ងៀម មិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ? សំដី​របស់​អ្នក​ពូកែ​វោហារ មិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។

3 ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​អ្នក មិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។ បើ​អ្បក​មើល‌ងាយ​គេ គេ​ក៏​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ​វិញ​ដែរ។

4 គាត់​មាន​ប្រសាសន៍​ថា: “អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ ដូច​ទ្រង់​ជ្រាប​ស្រាប់​ហើយ”។

5 ខ្ញុំ​បន់​ឲ្យ​តែ​អុលឡោះ​មាន​បន្ទូល គឺ​សូម​ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ផ្ទាល់​តែ​ម្ដង។

6 សូម​ទ្រង់​ថ្លែង​ប្រាប់​អ្នក​ពី​អាថ៌‌កំបាំង នៃ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស ពេល​នោះ អ្នក​នឹង​ដឹង​ថា អុលឡោះ​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក របស់​អ្នក។

7 តើ​អ្នក​អាច​ស្វែង​យល់​ជម្រៅ​ពី​បំណង របស់​អុលឡោះ ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ នៃ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?

8 លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ ខ្ពស់​លើស​ផ្ទៃ​មេឃ ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត ដែល​អ្នក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។

9 លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ​ធំ​ជាង​ផែនដី ហើយ​ទូលាយ​ជាង​សមុទ្រ​ទៅ​ទៀត។

10 បើ​ទ្រង់​មក​ចាប់​អ្នក​មាន​ទោស នាំ​ទៅ​តុលា​ការ តើ​នរណា​អាច​ជំទាស់​នឹង​ទ្រង់​បាន?

11 អុលឡោះ​ស្គាល់​មនុស្ស​ឥត​បាន​ការ​យ៉ាង​ច្បាស់ ទ្រង់​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ ដោយ​មិន​បាច់​ពិចារណា​វែង​ឆ្ងាយ។

12 មនុស្ស​ល្ងី‌ល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង។

13 ចំណែក​ឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​បែរ​ចិត្ត​រក​អុលឡោះ ហើយ​លើក​ដៃ​អង្វរ​ករ​ទ្រង់

14 ប្រសិន​បើ​អ្នក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​អ្នក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​អ្នក

15 នោះ​អ្នក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បាន ព្រោះ​អ្នក​គ្មាន​កំហុស​ទៀត​ទេ អ្នក​នឹង​បាន​រឹង‌ប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។

16 អ្នក​នឹង​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់ ដូច​ទឹក​ដែល​ហូរ​បាត់​ទៅ គឺ​អ្នក​នឹង​មិន​នឹក​ចាំ​ទៀត​ទេ។

17 ជីវិត​របស់​អ្នក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។

18 អ្នក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ ព្រោះ​អ្នក​មាន​សង្ឃឹម។ អ្នក​លែង​អាម៉ាស់ ហើយ​អ្នក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។

19 ពេល​អ្នក​សម្រាក គ្មាន​នរណា​មក​រំខាន​អ្នក​ឡើយ។ មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​អ្នក។

20 ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម