ស្ដេចហេរ៉ូដសម្លាប់ណាពីយ៉ះយ៉ា1 នៅគ្រានោះ ស្តេចហេរ៉ូដ ជាស្ដេចអនុរាជ បានជ្រាបអំពីកិត្ដិនាមរបស់អ៊ីសា 2 ស្តេចនិយាយទៅពួកអ្នកបម្រើថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ បានជាគាត់មានអំណាច សំដែងការអស្ចារ្យយ៉ាងនេះ»។ 3 ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន 4 ព្រោះយ៉ះយ៉ាបានបន្ទោសស្ដេចថា «ស្តេចគ្មានសិទ្ធិយកនាងមកធ្វើជាប្រពន្ធឡើយ»។ 5 ស្ដេចហេរ៉ូដចង់សម្លាប់យ៉ះយ៉ា តែគាត់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកយ៉ះយ៉ាជាណាពីមួយនាក់។ 6 នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង 7 រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។ 8 នាងជម្រាបទៅស្ដេចវិញ តាមពាក្យបង្គាប់របស់ម្តាយថា៖ «សូមស្តេចប្រទានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសមកឲ្យខ្ញុំ!»។ 9 ស្តេចព្រួយចិត្តក្រៃលែង ព្រោះគាត់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ស្តេចក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង 10 គឺចាត់ទាហានឲ្យទៅកាត់កយ៉ះយ៉ា 11 យកក្បាលដាក់លើថាសមួយប្រគល់ឲ្យនាង រួចនាងយកទៅជូនម្តាយ។ 12 ពួកសិស្សរបស់យ៉ះយ៉ា មកយកសពគាត់ទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅជម្រាបអ៊ីសា។ ណាពីអ៊ីសាប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ13 កាលអ៊ីសាបានជ្រាបដំណឹងនេះ គាត់ក៏ចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមអ៊ីសា។ 14 កាលអ៊ីសាឡើងពីទូក ឃើញមហាជនដ៏ច្រើនយ៉ាងនេះ គាត់អាណិតអាសូរគេពន់ពេកណាស់ ហើយគាត់ក៏ប្រោសអ្នកជំងឺឲ្យបានជា។ 15 ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតអ៊ីសាជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ 16 ប៉ុន្ដែ អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ 17 សិស្សជម្រាបអ៊ីសាថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ 18 អ៊ីសាបានប្រាប់ថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ 19 បន្ទាប់មកអ៊ីសាប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ គាត់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើ សរសើរតម្កើងអុលឡោះហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។ 20 អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 21 អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។ ណាពីអ៊ីសាដើរលើទឹកសមុទ្រ22 រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនគាត់ ហើយគាត់ក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។ 23 កាលអ៊ីសាឲ្យមហាជនចេញផុតអស់ហើយ អ៊ីសាឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បីទូរអា។ លុះដល់យប់ គាត់នៅទីនោះតែម្នាក់ឯង។ 24 ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ 25 ដល់ពេលជិតភ្លឺ អ៊ីសាដើរលើទឹកឆ្ពោះទៅរកពួកសិស្ស។ 26 កាលពួកគេឃើញគាត់ដើរលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ 27 រំពេចនោះ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ 28 ពេត្រុសសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឲ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ 29 អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អញ្ជើញមក!» ពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកអ៊ីសា។ 30 ប៉ុន្ដែ កាលគាត់ឃើញខ្យល់បក់ខ្លាំងគាត់ភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ 31 អ៊ីសាក៏លូកដៃទាញគាត់ឡើងភ្លាម ទាំងមានប្រសាសន៍ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដដូច្នេះ?»។ 32 បន្ទាប់មក អ៊ីសា និងពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ 33 អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំអ៊ីសា ទាំងពោលថា៖ «អ៊ីសាពិតជាបុត្រារបស់អុលឡោះមែន!»។ 34 អ៊ីសា និងពួកសិស្សបានឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកគេនេសារ៉ែត។ 35 អ្នកស្រុកនោះស្គាល់គាត់ភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកអ៊ីសា 36 ទូរអាសូមគ្រាន់តែពាល់ជាយអាវរបស់គាត់ប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយគ្រប់ៗគ្នា។ |
© 2014 United Bible Societies, UK.
United Bible Societies