1 នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ: លោកនេហេមាជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលា ជាចៅរបស់លោកសេដេគា 2 លោកសេរ៉ាយ៉ា លោកអសារា លោកយេរេមា 3 លោកផាសហ៊ើរ លោកអម៉ារា លោកម៉ាល់គា 4 លោកហាធូស លោកសេបានា លោកម៉ាលូក 5 លោកហារីម លោកម្រេម៉ូត លោកអូបាឌា 6 លោកដានីយ៉ែល លោកគីនេថោន លោកបារូក 7 លោកមស៊ូឡាម លោកអប៊ីយ៉ា លោកមីយ៉ាមីន 8 លោកមាស៊ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាអ៊ីមុាំ។ 9 ក្រុមលេវីមាន: លោកយេសួរ ជាកូនរបស់លោកអសានា លោកប៊ីនុយពីអំបូរហេណាដាដ លោកកាឌមាល 10 ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានា លោកហូឌា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន 11 លោកមីកា លោករេហូប លោកហាសាបយ៉ា 12 លោកសាគើរ លោកសេរេប៊ីយ៉ា លោកសេបានា 13 លោកហូឌា លោកបានី និងលោកបេនីនូ។ 14 មេដឹកនាំរបស់ប្រជាជនមាន: លោកប៉ារ៉ូស លោកផាហាត-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី 15 លោកប៊ូននី លោកអាសកាដ លោកបេបាយ 16 លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអេឌីន 17 លោកអេធើរ លោកហេសេគា លោកអស៊ើរ 18 លោកហូឌា លោកហាស៊ូម លោកបេសាយ 19 លោកហារីប លោកអណាថូត លោកនេបៃ 20 លោកម៉ាកពីអាស លោកមស៊ូឡាម លោកហេសៀរ 21 លោកមសេសាបេល លោកសាដុក លោកយ៉ាដួរ 22 លោកពេឡាធា លោកហាណាន លោកអណាយ៉ា 23 លោកហូសេ លោកហាណានា លោកហាស៊ូប 24 លោកហាឡូហេស លោកពីឡាហា លោកសូបេក 25 លោករេហ៊ូម លោកហាសាបណា លោកមាសេយ៉ា 26 លោកអហ៊ីយ៉ា លោកហាណាន លោកអណាន 27 លោកម៉ាលូក លោកហារីម លោកបាណា។ 28 ប្រជាជនឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបម្រើម៉ាស្ជិទ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមហ៊ូកុំរបស់អុលឡោះព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន 29 នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមហ៊ូកុំ ដែលអុលឡោះប្រទានមកតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងហ៊ូកុំ និងវិន័យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។ 30 យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ 31 នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។ 32 យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវជូនប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តំរូវការក្នុងដំណាក់របស់អុលឡោះជាម្ចាស់ 33 គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងជូនអុលឡោះតាអាឡា ជំនូនអចិន្ត្រៃយ៍ គូរបានដុត ដែលត្រូវជូនជាអចិន្ត្រៃយ៍នៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ គូរបានរំដោះបាបជនជាតិអ៊ីស្រអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងដំណាក់របស់ម្ចាស់នៃយើង។ 34 ពួកយើងជាអ៊ីមុាំ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ដំណាក់របស់ម្ចាស់នៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាជំនូនតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ដូចមានចែងទុកក្នុងហ៊ូកុំ។ 35 យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកជូននៅក្នុងដំណាក់របស់អុលឡោះតាអាឡា ជារៀងរាល់ឆ្នាំដែរ។ 36 យើងនឹងនាំកូនប្រុសច្បងរបស់យើង មកជូនអុលឡោះតាអាឡា ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកជូនទ្រង់ ដូចមានចែងទុកក្នុងហ៊ូកុំ គឺយើងនឹងនាំមកជូនក្រុមអ៊ីមុាំ ដែលបម្រើការងារនៅក្នុងដំណាក់របស់ម្ចាស់នៃយើង។ 37 យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងជំនូនដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមអ៊ីមុាំ នៅក្នុងបន្ទប់អមនៃដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ យើងនឹងយកភោគផលពីដីរបស់យើង មួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។ 38 ពេលក្រុមលេវីនាំយកជំនូនមួយភាគដប់ចូលមក អ៊ីមុាំមួយនាក់ដែលជាពូជពង្សរបស់ហារូន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃជំនូនមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ 39 ជនជាតិអ៊ីស្រអែល និងក្រុមលេវី ត្រូវយកជំនូនដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមអ៊ីមុាំដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចំរៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលដំណាក់របស់អុលឡោះជាម្ចាស់នៃយើងឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies