អុលឡោះតាអាឡាជាម្ចាស់សង្គ្រោះរបស់ជនក្រីក្រ និងអ្នកដែលត្រូវគេជិះជាន់ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ តាមលំនាំបទកូនប្រុសស្លាប់។ ទំនុករបស់ណាពីទត។ 1 ខ្ញុំនឹងច្រៀងសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ខ្ញុំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលទ្រង់បានធ្វើ 2 ខ្ញុំនឹងរីករាយដោយសារទ្រង់ ខ្ញុំនឹងត្រេកអរយ៉ាងខ្លាំង ឱ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! ខ្ញុំច្រៀងលើកតម្កើងនាមទ្រង់!។ 3 ខ្មាំងសត្រូវរបស់ខ្ញុំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះទ្រង់ 4 ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យខ្ញុំ គឺឲ្យគេឃើញថាខ្ញុំសុចរិត ទ្រង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។ 5 ទ្រង់គំរាមកំហែងជាតិសាសន៍នានា ទ្រង់បានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ទ្រង់លុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ 6 ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ទ្រង់បានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។ 7 អុលឡោះតាអាឡាគ្រងរាជ្យរហូតតរៀងទៅ ទ្រង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។ 8 ទ្រង់គ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ទ្រង់វិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ 9 សូមអុលឡោះតាអាឡាធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។ 10 អុលឡោះតាអាឡាអើយ អស់អ្នកដែលស្គាល់នាមទ្រង់ នឹងទុកចិត្តលើទ្រង់ជាមិនខាន ដ្បិតទ្រង់មិនបោះបង់ចោល អស់អ្នកដែលស្វែងរកទ្រង់ឡើយ!។ 11 ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់! 12 ដ្បិតទ្រង់ដាក់ទោសអ្នកដែលសម្លាប់គេ ទ្រង់ចងចាំជានិច្ច ទ្រង់មិនភ្លេចសំរែករបស់ជនរងគ្រោះឡើយ។ 13 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតអាសូរខ្ញុំផង សូមមើលខ្ញុំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែទ្រង់ទេ ដែលអាចនាំខ្ញុំ ឲ្យរួចពីសេចក្ដីស្លាប់ 14 ដើម្បីឲ្យខ្ញុំថ្លែងគ្រប់ពាក្យ សរសើរតម្កើងទ្រង់នៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យខ្ញុំត្រេកអរសប្បាយបំផុត ព្រោះទ្រង់បានសង្គ្រោះខ្ញុំ។ 15 ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។ 16 អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក 17 សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចអុលឡោះ វិលទៅរកផ្នូរខ្មោចវិញទៅ។ 18 រីឯមនុស្សក្រីក្រ ទ្រង់មិនភ្លេចគេសោះឡើយ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។ 19 អុលឡោះតាអាឡាអើយ សូមក្រោកឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះទ្រង់។ 20 ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក |
© 2014 United Bible Societies, UK.
United Bible Societies