ទំនុកតម្កើង 8 - អាល់គីតាបសិរីរុងរឿងរបស់អុលឡោះនិងកិត្តិយសរបស់មនុស្ស ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សម្រាប់ពិណពីក្រុងកាថ។ ទំនុករបស់ណាពីទត។ 1 អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំអើយ! នាមរបស់ទ្រង់ថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ទ្រង់ថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។ 2 ទ្រង់បានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ទ្រង់ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ ឲ្យវិនាសសាបសូន្យទៅ។ 3 ពេលខ្ញុំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាដៃរបស់ទ្រង់ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលទ្រង់ដាក់នៅលើមេឃនោះ 4 ខ្ញុំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ តើបុត្រាមនុស្សជាអ្វីបានជាទ្រង់យក ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ? 5 ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្តិយសដល់គាត់ ទុកជាមកុដរាជ្យ។ 6 ទ្រង់ប្រទានឲ្យគាត់គ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលទ្រង់បានបង្កើតមក ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គាត់ 7 គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន 8 ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ 9 អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំអើយ នាមរបស់ទ្រង់ថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! |
© 2014 United Bible Societies, UK.
United Bible Societies