ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 78 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 78

អតីតកាល​ជា​មេ​រៀន​ដែល​យើង​ត្រូវ​ចង​ចាំ​ទុក
កំណាព្យ​របស់​លោក​អេសាភ។

1 ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។

2 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។

3 អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់

4 យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​អំណាច​របស់​អុលឡោះ‌តាអាឡា និង​ពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ទ្រង់។

5 ទ្រង់​ផ្តល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​យ៉ាកកូប ទ្រង់​ប្រទាន​ហ៊ូកុំ​មក​ឲ្យ​ពូជ‌ពង្ស របស់​អ៊ីស្រ‌អែល ទ្រង់​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ

6 ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។

7 ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​អុលឡោះ មិន​ភ្លេច​ពី​ស្នា‌ដៃ​របស់​ទ្រង់ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ​បញ្ជា​របស់​ទ្រង់

8 ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ទ្រង់​នោះ​ឡើយ។

9 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង

10 មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី របស់​អុលឡោះ គឺ​មិន​ព្រម​កាន់​តាម​ហ៊ូកុំ​របស់​ទ្រង់

11 ពួក​គេ​បាន​ភ្លេច​ពី​ស្នា‌ដៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ឃើញ។

12 នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

13 គឺ​ទ្រង់​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ទ្រង់​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។

14 នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ទ្រង់​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។

15 ទ្រង់​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

16 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។

17 ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ចិត្ត​ទ្រង់​ជា‌និច្ច ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។

18 ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​អុលឡោះ ដោយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

19 គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​អុលឡោះ​ថា: តើ​អុលឡោះ​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?

20 ទ្រង់​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ទ្រង់​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​ដែរ​ឬ?

21 ពេល​អុលឡោះ‌តាអាឡា​ឮ​ពាក្យ​របស់​ពួក​គេ ទ្រង់​ខឹង​ក្រៃ‌លែង ទ្រង់​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​យ៉ាកកូប ទ្រង់​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល

22 ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​អុលឡោះ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។

23 ទោះ​ជា​យ៉ាង​ណា​ក្ដី ទ្រង់​បាន​បង្គាប់​ពពក ទ្រង់​បាន​បើក​ផ្ទៃ​មេឃ

24 ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ទ្រង់​ប្រទាន​ស្រូវ​ពី​សូរ៉កា មក​ឲ្យ​ពួក​គេ​ ។

25 ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ម៉ាឡា‌អ៊ីកាត់ ទ្រង់​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

26 នៅ​លើ​មេឃ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

27 ទ្រង់​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ទ្រង់​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ

28 ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។

29 ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ ដោយ​អុលឡោះ​ធ្វើ​តាម​ចិត្ត ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។

30 ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល

31 ជា​ហេតុ​នាំ​ឲ្យ​អុលឡោះ​ខឹង ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ផង​ដែរ។

32 ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល ពួក​គេ​ពុំ​បាន​ជឿ​លើ​ទ្រង់ ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។

33 ដូច្នេះ ទ្រង់​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ទ្រង់​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។

34 ពេល​ឃើញ​អុលឡោះ​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ទ្រង់ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ទ្រង់​វិញ។

35 ពួក​គេ​នឹក​ឃើញ​ថា អុលឡោះ​ជា​ថ្ម‌ដា​របស់​ពួក​គេ ហើយ​ថា​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។

36 ក៏​ប៉ុន្តែ តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ទ្រង់ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។

37 ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ទ្រង់​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ដែរ។

38 រីឯ​ទ្រង់​វិញ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ​ជា‌និច្ច ទ្រង់​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ទ្រង់​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ទ្រង់​តែងតែ​ទប់ ចិត្ត​មិន​ឲ្យ​មាន​កំហឹង ទ្រង់​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

39 ទ្រង់​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

40 ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ នៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែងតែ ធ្វើ​ឲ្យ​ទ្រង់​ព្រួយ​ចិត្ត!។

41 ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​អុលឡោះ​ជា‌និច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាស់​ចិត្ត។

42 ពួក​គេ​ពុំ​បាន​នឹក​ឃើញ អំពី​អំណាច​របស់​ទ្រង់​ទេ ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ ដែល​ទ្រង់​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។

43 ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សំគាល់​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ទ្រង់​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។

44 ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។

45 ទ្រង់​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីប និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ អ្វីៗ​ទាំង​អស់។

46 ទ្រង់​ធ្វើ​ឲ្យ​មាន​ចង្រិត ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។

47 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ព្រិល​ធ្លាក់​មក កំទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេ ហើយ​មាន​ធាតុ​អាកាស​ត្រជាក់ មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។

48 ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រិល ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស ដោយ‌សារ​រន្ទះ​បាញ់។

49 អុលឡោះ​ខឹង ទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ទ្រង់​ដាក់​ទោស​ពួក​គេ ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ម៉ាឡា‌អ៊ីកាត់​ឲ្យ​មក​ប្រហារ​ពួក​គេ។

50 ទ្រង់​ធ្វើ​តាម​កំហឹង​របស់​ទ្រង់ ដោយ​ឥត​សំចៃ​ជីវិត​ជន‌ជាតិ​នោះ​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​ពួក​គេ

51 គឺ​ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។

52 ទ្រង់​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ទ្រង់​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន ដូច​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

53 ទ្រង់​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។

54 ទ្រង់​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធ គឺ​ទៅ​កាន់​ភ្នំ​ដែល​ទ្រង់​វាយ​យក​បាន ដោយ​អំណាច​របស់​ទ្រង់។

55 ទ្រង់​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ទ្រង់​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។

56 ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​អុលឡោះ ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ទ្រង់​ឡើយ។

57 ពួក​គេ​បាន​ងាក​ចេញ​ពី​ទ្រង់ និង​ក្បត់​ទ្រង់​ដូច​ដូនតា​របស់​ពួក​គេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។

58 ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់ ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ ធ្វើ​ឲ្យ​ទាស់​ចិត្ត​ទ្រង់​ជា​ខ្លាំង។

59 អុលឡោះ​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ទ្រង់​ខឹង ហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិ អ៊ីស្រ‌អែល​ទៀត។

60 ទ្រង់​បោះ​បង់​ចោល​ដំណាក់​នៅ​ស៊ីឡូ ទ្រង់​បោះ​បង់​ចោល​ជំរំ‌សក្ការៈ ដែល​ទ្រង់​ធ្លាប់​នៅ​ជា​មួយ​មនុស្ស​លោក។

61 ទ្រង់​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​និមិត្ត‌រូប​នៃ​អំណាច និង​សិរី‌រុង‌រឿង​របស់​ទ្រង់​ ។

62 ទ្រង់​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដោយ​មុខ​ដាវ ព្រោះ​ទ្រង់​ខឹង នឹង​ពួក​គេ​ ជា​ខ្លាំង។

63 ពួក​យុវជន​បាន​បាត់​បង់​ជីវិត ដោយ‌សារ​ភ្លើង​សង្គ្រាម ហើយ​គ្មាន​នៅ​សល់​កំលោះ ដើម្បី​រៀប‌ការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។

64 ពួក​អ៊ីមុាំ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។

65 ពេល​នោះ អុលឡោះ‌តាអាឡា​ក្រោក​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

66 ទ្រង់​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ ឲ្យ​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច។

67 ទ្រង់​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​យូសុះ ទ្រង់​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

68 តែ​ទ្រង់​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញ ទ្រង់​ពេញ​ចិត្ត​នឹង​ភ្នំ​ស៊ីយ៉ូន។

69 នៅ​ទី​នោះ​ទ្រង់​បាន​សង់​ទី‌សក្ការៈ របស់​ទ្រង់​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ទ្រង់​ធ្វើ​ឲ្យ​ទី‌សក្ការៈ​នោះ បាន​រឹង‌មាំ​ដូច​ផែនដី​រហូត​ត​ទៅ។

70 ទ្រង់​បាន​ជ្រើស​រើស​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម

71 ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​យ៉ាកកូប គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់។

72 ស្តេច​ទត​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ចិត្ត​ស្មោះ​ត្រង់ ស្តេច​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។

© 2014 United Bible Societies, UK.

United Bible Societies