ទំនុកតម្កើង 79 - អាល់គីតាបឱអុលឡោះអើយ សូមមកជួយសង្គ្រោះយើងខ្ញុំផង! ទំនុករបស់លោកអេសាភ។ 1 ឱអុលឡោះអើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ទ្រង់ ពួកគេបានធ្វើឲ្យម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ទៅជាសៅហ្មង ពួកគេបានកំទេចក្រុងយេរូសាឡឹម។ 2 ពួកគេបានបោះសាកសពអ្នកបម្រើរបស់ទ្រង់ ទៅឲ្យត្មាតស៊ី យកសាកសពអ្នកជឿទ្រង់ ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។ 3 ពួកគេបានបង្ហូរឈាមប្រជាជន នៅជុំវិញក្រុងយេរូសាឡឹមឲ្យហូរដូចទឹក ហើយគ្មាននរណាបញ្ចុះសព ប្រជាជនទាំងនោះទេ ។ 4 អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។ 5 អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត? 6 គួរតែទ្រង់ជះកំហឹង ទៅលើប្រជាជាតិដែលពុំស្គាល់ទ្រង់ និងនគរនានាដែលមិនគោរពបម្រើនាម ទ្រង់នោះវិញ។ 7 ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស របស់យ៉ាកកូប ព្រមទាំងបំផ្លាញស្រុកទេសរបស់គាត់ផង។ 8 សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស របស់យើងខ្ញុំបានធ្វើខុសនោះឡើយ ផ្ទុយទៅវិញ សូមប្រញាប់សំដែងចិត្ត អាណិតអាសូរយើងខ្ញុំផង! ដ្បិតយើងខ្ញុំកំពុងតែលិចលង់។ 9 ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃនាមរបស់ទ្រង់ សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប ដោយយល់ដល់នាមរបស់ទ្រង់។ 10 ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» អុលឡោះអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ទ្រង់នឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ទ្រង់។ 11 សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយទ្រង់មានអំណាច សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។ 12 អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។ 13 រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ទ្រង់ នឹងនាំគ្នាលើកតម្កើងទ្រង់អស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies