ពេលមានទុក្ខ ខ្ញុំនឹកឃើញពីការអស្ចារ្យរបស់ទ្រង់កាលពីជំនាន់ដើមបទពីសៀវភៅរបស់គ្រូចំរៀង។ សម្រាប់លោកយេឌូថិន។ ទំនុករបស់លោកអេសាភ។ 1 ខ្ញុំបន្លឺសំឡេងទៅកាន់អុលឡោះ ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំបន្លឺសំឡេងទៅកាន់អុលឡោះ ទ្រង់ស្តាប់ពាក្យខ្ញុំ។ 2 នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកអុលឡោះតាអាឡា នៅពេលយប់ ខ្ញុំលើកដៃអង្វរទ្រង់ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសំរាលទុក្ខខ្ញុំសោះឡើយ។ 3 ពេលនឹកដល់អុលឡោះខ្ញុំស្រែកថ្ងូរ ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក 4 អុលឡោះតាអាឡាអើយ ទ្រង់ធ្វើឲ្យខ្ញុំ ទទួលទានដំណេកមិនលក់សោះ ខ្ញុំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។ 5 ខ្ញុំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ 6 ខ្ញុំរិះគិតដដែលៗ ពេញមួយយប់ ខ្ញុំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា 7 តើអុលឡោះតាអាឡាបោះបង់ចោលយើងរហូតឬ? តើទ្រង់មិនពេញចិត្ត នឹងយើងទៀតទេឬ? 8 តើទ្រង់លែងមានចិត្ត មេត្តាករុណាចំពោះយើងហើយឬ? តើទ្រង់នៅស្ងៀមលែងមានបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ? 9 តើអុលឡោះភ្លេចសំដែងចិត្ត ប្រណីសន្ដោសចំពោះយើងហើយឬ? នៅពេលទ្រង់ខឹង តើទ្រង់ឈប់អាណិតអាសូរយើងហើយឬ? - សម្រាក 10 ខ្ញុំគិតទៀតថា ខ្ញុំរងទុក្ខវេទនាដូច្នេះ មកពីអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត លែងសំដែងអំណាចជួយយើងទៀតហើយ! 11 អុលឡោះតាអាឡាអើយ ខ្ញុំរំលឹកឡើងវិញ នូវស្នាដៃរបស់ទ្រង់ ខ្ញុំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើកាលពីជំនាន់ដើម។ 12 ខ្ញុំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ខ្ញុំពិចារណាអំពីស្នាដៃ ដ៏ថ្កុំថ្កើងរបស់ទ្រង់។ 13 អុលឡោះអើយ មាគ៌ារបស់ទ្រង់ជាមាគ៌ាដ៏វិសុទ្ធ គ្មានម្ចាស់ឯណាទៀតធំឧត្តុង្គឧត្ដម ដូចទ្រង់ឡើយ។ 14 មានតែទ្រង់ទេដែលធ្វើការអស្ចារ្យ ទ្រង់បានសំដែងអំណាច ឲ្យជាតិសាសន៍នានាឃើញ។ 15 ទ្រង់បានប្រើអំណាច លោះប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បានរំដោះពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់យូសុះ។ - សម្រាក 16 ឱអុលឡោះអើយ ទឹកសមុទ្របានឃើញទ្រង់! ពេលទឹកសមុទ្របានឃើញទ្រង់ វាពុះកញ្ជ្រោល សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។ 17 មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ ដូចទឹកជ្រោះធ្លាក់ ហើយក៏មានផ្គរលាន់ឮពីលើមេឃ មកយ៉ាងខ្លាំងដែរ រន្ទះរបស់ទ្រង់ភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ 18 នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ទ្រង់ភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។ 19 ទ្រង់ដើរកាត់សមុទ្រ ទ្រង់ដើរកាត់មហាសាគរ គ្មាននរណាអាចរកដានជើង របស់ទ្រង់ឃើញទេ។ 20 ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies