ទំនុកតម្កើង 78 - អាល់គីតាបអតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក កំណាព្យរបស់លោកអេសាភ។ 1 ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។ 2 ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ 3 អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ 4 យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីអំណាចរបស់អុលឡោះតាអាឡា និងពីស្នាដៃដ៏អស្ចារ្យដែលទ្រង់បានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងទ្រង់។ 5 ទ្រង់ផ្តល់ដំបូន្មានឲ្យកូនចៅ របស់យ៉ាកកូប ទ្រង់ប្រទានហ៊ូកុំមកឲ្យពូជពង្ស របស់អ៊ីស្រអែល ទ្រង់បង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ 6 ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ 7 ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើអុលឡោះ មិនភ្លេចពីស្នាដៃរបស់ទ្រង់ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ទ្រង់ 8 ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងអុលឡោះ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងទ្រង់នោះឡើយ។ 9 កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចំបាំង 10 មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី របស់អុលឡោះ គឺមិនព្រមកាន់តាមហ៊ូកុំរបស់ទ្រង់ 11 ពួកគេបានភ្លេចពីស្នាដៃដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលទ្រង់បានសំដែងឲ្យគេឃើញ។ 12 នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ 13 គឺទ្រង់បានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ទ្រង់ធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ 14 នៅពេលថ្ងៃ ទ្រង់ដឹកនាំគេដោយដុំពពក ហើយរាល់យប់ទ្រង់ដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។ 15 ទ្រង់បានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ 16 ទ្រង់បានធ្វើឲ្យមានទឹក ហូរចេញពីផ្ទាំងសិលាមក ដូចជាទឹកទន្លេ។ 17 ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងចិត្តទ្រង់ជានិច្ច ពួកគេបះបោរប្រឆាំងនឹងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ 18 ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ 19 គេនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះថា: តើអុលឡោះអាចជប់លៀងយើង ក្នុងវាលរហោស្ថាននេះបានឬ? 20 ទ្រង់បានវាយផ្ទាំងថ្មឲ្យមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន ក៏ប៉ុន្តែ តើទ្រង់អាចប្រទាននំបុ័ង និងផ្គត់ផ្គង់សាច់មកឲ្យ ប្រជារាស្ត្ររបស់ទ្រង់បានដែរឬ? 21 ពេលអុលឡោះតាអាឡាឮពាក្យរបស់ពួកគេ ទ្រង់ខឹងក្រៃលែង ទ្រង់ក្ដៅក្រហាយនឹងពូជពង្ស របស់យ៉ាកកូប ទ្រង់ខឹងទាស់នឹងជនជាតិអ៊ីស្រអែល 22 ព្រោះពួកគេគ្មានជំនឿលើអុលឡោះ ពួកគេពុំបានផ្ញើជីវិតលើទ្រង់ ដែលអាចសង្គ្រោះគេនោះឡើយ។ 23 ទោះជាយ៉ាងណាក្ដី ទ្រង់បានបង្គាប់ពពក ទ្រង់បានបើកផ្ទៃមេឃ 24 ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង ឲ្យពួកគេធ្វើជាអាហារ គឺទ្រង់ប្រទានស្រូវពីសូរ៉កា មកឲ្យពួកគេ ។ 25 ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកម៉ាឡាអ៊ីកាត់ ទ្រង់ប្រទានឲ្យគេ បរិភោគឆ្អែតទាំងអស់គ្នា។ 26 នៅលើមេឃ ទ្រង់បានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយទ្រង់ក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។ 27 ទ្រង់ធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺទ្រង់ប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ 28 ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ ជុំវិញកន្លែងដែលគេស្នាក់នៅ។ 29 ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ដោយអុលឡោះធ្វើតាមចិត្ត ប៉ងប្រាថ្នារបស់ពួកគេ។ 30 ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល 31 ជាហេតុនាំឲ្យអុលឡោះខឹង ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រអែលផងដែរ។ 32 ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល ពួកគេពុំបានជឿលើទ្រង់ ដែលធ្វើការអស្ចារ្យទាំងនោះទេ។ 33 ដូច្នេះ ទ្រង់ក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ទ្រង់ផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។ 34 ពេលឃើញអុលឡោះប្រហារជីវិត អ្នកខ្លះក្នុងចំណោមពួកគេ ពួកគេក៏នាំគ្នាស្វែងរកទ្រង់ ហើយប្រែចិត្តគំនិតមករកទ្រង់វិញ។ 35 ពួកគេនឹកឃើញថា អុលឡោះជាថ្មដារបស់ពួកគេ ហើយថាអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។ 36 ក៏ប៉ុន្តែ តាមពិត ពួកគេចង់បោកប្រាស់ទ្រង់ គឺអ្វីៗដែលគេនិយាយចេញមក សុទ្ធតែជាពាក្យកុហកទាំងអស់។ 37 ពួកគេមានចិត្តមិនទៀងនឹងទ្រង់ទេ ហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ទ្រង់ដែរ។ 38 រីឯទ្រង់វិញ ទ្រង់មានចិត្តអាណិតអាសូរជានិច្ច ទ្រង់បានលើកលែងទោសឲ្យពួកគេ គឺទ្រង់មិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ទ្រង់តែងតែទប់ ចិត្តមិនឲ្យមានកំហឹង ទ្រង់អត់ធ្មត់ចំពោះពួកគេ។ 39 ទ្រង់នឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។ 40 ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។ 41 ពួកគេចេះតែល្បងលមើលអុលឡោះជានិច្ច ពួកគេនាំគ្នាធ្វើឲ្យអុលឡោះជាម្ចាស់ដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រអែលទាស់ចិត្ត។ 42 ពួកគេពុំបាននឹកឃើញ អំពីអំណាចរបស់ទ្រង់ទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលទ្រង់បានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ 43 ពួកគេពុំបាននឹកឃើញពីទីសំគាល់អស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលទ្រង់ធ្វើនៅតំបន់សូអានឡើយ។ 44 ទ្រង់បានធ្វើឲ្យទឹកនៅដៃទន្លេនីល ប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិ អេស៊ីបរកទឹកផឹកមិនបាន។ 45 ទ្រង់បានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ អ្វីៗទាំងអស់។ 46 ទ្រង់ធ្វើឲ្យមានចង្រិត ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។ 47 ទ្រង់បានធ្វើឲ្យមានព្រិលធ្លាក់មក កំទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។ 48 ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។ 49 អុលឡោះខឹង ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ទ្រង់ដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកម៉ាឡាអ៊ីកាត់ឲ្យមកប្រហារពួកគេ។ 50 ទ្រង់ធ្វើតាមកំហឹងរបស់ទ្រង់ ដោយឥតសំចៃជីវិតជនជាតិនោះឡើយ ទ្រង់បានធ្វើឲ្យគ្រោះកាច កើតមានដល់ពួកគេ 51 គឺទ្រង់ប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។ 52 ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល ទ្រង់ដឹកនាំពួកគេនៅវាលរហោស្ថាន ដូចអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។ 53 ទ្រង់ដឹកនាំពួកគេយ៉ាងសុខសាន្ត ឥតភ័យខ្លាចអ្វីឡើយ តែខ្មាំងសត្រូវរបស់ពួកគេ ត្រូវលិចលង់ក្នុងទឹកសមុទ្រ។ 54 ទ្រង់នាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ គឺទៅកាន់ភ្នំដែលទ្រង់វាយយកបាន ដោយអំណាចរបស់ទ្រង់។ 55 ទ្រង់បណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺទ្រង់ឲ្យកុលសម្ព័ន្ធអ៊ីស្រអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។ 56 ក៏ប៉ុន្តែ ពួកគេបានល្បងលអុលឡោះ ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ទ្រង់ឡើយ។ 57 ពួកគេបានងាកចេញពីទ្រង់ និងក្បត់ទ្រង់ដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ 58 ពួកគេប្រព្រឹត្តខុសចំពោះទ្រង់ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ចិត្តទ្រង់ជាខ្លាំង។ 59 អុលឡោះឃើញគេប្រព្រឹត្តដូច្នេះ ទ្រង់ខឹង ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រអែលទៀត។ 60 ទ្រង់បោះបង់ចោលដំណាក់នៅស៊ីឡូ ទ្រង់បោះបង់ចោលជំរំសក្ការៈ ដែលទ្រង់ធ្លាប់នៅជាមួយមនុស្សលោក។ 61 ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។ 62 ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ទ្រង់ ដោយមុខដាវ ព្រោះទ្រង់ខឹង នឹងពួកគេ ជាខ្លាំង។ 63 ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។ 64 ពួកអ៊ីមុាំបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ 65 ពេលនោះ អុលឡោះតាអាឡាក្រោកឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ 66 ទ្រង់វាយខ្មាំងសត្រូវពីក្រោយ ឲ្យបាក់មុខអស់កល្បជានិច្ច។ 67 ទ្រង់មិនរវីរវល់នឹងពូជពង្សរបស់យូសុះ ទ្រង់ពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ 68 តែទ្រង់បានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ ទ្រង់ពេញចិត្តនឹងភ្នំស៊ីយ៉ូន។ 69 នៅទីនោះទ្រង់បានសង់ទីសក្ការៈ របស់ទ្រង់យ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់ ទ្រង់ធ្វើឲ្យទីសក្ការៈនោះ បានរឹងមាំដូចផែនដីរហូតតទៅ។ 70 ទ្រង់បានជ្រើសរើសស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ទ្រង់បានយកស្ដេចចេញពីកន្លែងឃ្វាលចៀម 71 ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។ 72 ស្តេចទតដឹកនាំជនជាតិអ៊ីស្រអែល ដោយចិត្តស្មោះត្រង់ ស្តេចដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។ |
© 2014 United Bible Societies, UK.
United Bible Societies