ពាក្យទូរអារបស់មនុស្សដែលត្រូវគេក្បត់ចិត្តទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ណាពីទត។ 1 អុលឡោះអើយ! សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមកុំលាក់មុខ នៅពេលខ្ញុំទទូចអង្វរទ្រង់។ 2 សូមទ្រង់មេត្តាស្តាប់ខ្ញុំ ហើយឆ្លើយតបមកខ្ញុំវិញផង ខ្ញុំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង 3 នៅពេលឮពាក្យសំដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនខ្ញុំ។ ពួកគេធ្វើឲ្យខ្ញុំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងខ្ញុំដោយកំហឹង។ 4 ខ្ញុំភ័យតក់ស្លុតជាខ្លាំង ខ្ញុំភ័យញាប់ញ័រ ខ្លាចស្លាប់ 5 ខ្ញុំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយខ្ញុំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ 6 ខ្ញុំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។ 7 ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក 8 ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។ 9 អុលឡោះតាអាឡាអើយ! សូមកុំឲ្យខ្មាំងសត្រូវ របស់ខ្ញុំនិយាយស្ដាប់គ្នាបានឡើយ ដ្បិតនៅក្នុងទីក្រុង ខ្ញុំឃើញមានតែ អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។ 10 ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងអំពើពាល។ 11 នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។ 12 អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន 13 គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។ 14 យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា យើងធ្លាប់ទៅថ្វាយបង្គំអុលឡោះជាមួយគ្នា ក្នុងដំណាក់របស់ទ្រង់។ 15 សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់ សូមឲ្យពួកគេធ្លាក់នរ៉កាទាំងរស់ ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។ 16 រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរអុលឡោះ ហើយអុលឡោះតាអាឡានឹងសង្គ្រោះខ្ញុំ។ 17 ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរទ្រង់ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយទ្រង់ស្តាប់ពាក្យខ្ញុំ។ 18 ទោះបីមានខ្មាំងសត្រូវលើកគ្នា សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី ក៏ទ្រង់រំដោះខ្ញុំឲ្យបានសុខសាន្តដែរ។ 19 អុលឡោះគ្រងរាជ្យតាំងពីអស់កល្បរៀងមក សូមទ្រង់ស្ដាប់ពាក្យខ្ញុំ ហើយបំបាក់មុខពួកគេទៅ - សម្រាក អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន គោរពកោតខ្លាចអុលឡោះទាល់តែសោះ។ 20 អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។ 21 ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។ 22 ចូរផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតទ្រង់មិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។ 23 ឱអុលឡោះអើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯខ្ញុំវិញ ខ្ញុំទុកចិត្តលើទ្រង់ហើយ។ |
© 2014 United Bible Societies, UK.
United Bible Societies