អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះរបស់ខ្ញុំទំនុករបស់ណាពីទត។ 1 អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។ 2 ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។ 3 ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើអុលឡោះជានិច្ច។ 4 ខ្ញុំទូរអាសូមអុលឡោះតាអាឡានូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងដំណាក់ របស់អុលឡោះតាអាឡាអស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡា និងថ្វាយបង្គំទ្រង់នៅក្នុងម៉ាស្ជិទ 5 ដ្បិតនៅពេលខ្ញុំមានអាសន្ន ទ្រង់តែងឲ្យខ្ញុំជ្រកក្នុងជំរករបស់ទ្រង់ ទ្រង់តែងលាក់បំពួនខ្ញុំនៅក្នុងជំរំសក្ការៈ ទ្រង់លើកខ្ញុំដាក់នៅលើថ្មដា។ 6 ទ្រង់លើកមុខខ្ញុំឡើងឲ្យខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងធ្វើគូរបាននៅក្នុងជំរំសក្ការៈ របស់ទ្រង់ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀងគីតាបសាបូរ ជូនអុលឡោះតាអាឡា។ 7 ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់ស្នូរសំរែករបស់ខ្ញុំ សូមមេត្តាប្រណីសន្ដោសខ្ញុំ និងឆ្លើយតបមកខ្ញុំវិញផង!។ 8 ចិត្តខ្ញុំនឹកដល់បន្ទូល ដែលទ្រង់ថ្លែងថា «ចូរស្វែងរកយើង» នោះខ្ញុំឆ្លើយថា ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្វែងរកទ្រង់ហើយ! 9 សូមកុំលាក់នឹងខ្ញុំ សូមកុំខឹង ហើយបណ្តេញអ្នកបម្រើរបស់ទ្រង់! ទ្រង់បានសង្គ្រោះខ្ញុំ សូមកុំលះបង់ខ្ញុំ! ឱម្ចាស់សង្គ្រោះខ្ញុំអើយ សូមកុំបោះបង់ចោលខ្ញុំឡើយ!។ 10 ទោះបីឪពុកម្ដាយរបស់ខ្ញុំ បានបោះបង់ខ្ញុំចោលក៏ដោយ ក៏អុលឡោះតាអាឡានៅតែទទួលខ្ញុំជានិច្ច!។ 11 ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ សូមណែនាំខ្ញុំឲ្យដើរតាមផ្លូវត្រង់ ព្រោះខ្ញុំមានសត្រូវជាច្រើន។ 12 សូមកុំបណ្តោយឲ្យខ្ញុំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ខ្ញុំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ខ្ញុំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ 13 ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ ខ្ញុំនឹងឃើញសុភមង្គលមកពីអុលឡោះតាអាឡា ជាមិនខាន!។ 14 ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។ |
© 2014 United Bible Societies, UK.
United Bible Societies