ពាក្យទូរអាដោយទុកចិត្តកំណាព្យរបស់ណាពីទត។ 1 ឱអុលឡោះអើយ សូមការពារខ្ញុំផង ដ្បិតខ្ញុំមកជ្រកកោនជាមួយទ្រង់ហើយ! 2 ខ្ញុំជម្រាបអុលឡោះតាអាឡាថា ទ្រង់ជាអុលឡោះជាអម្ចាស់ នៃខ្ញុំ ក្រៅពីទ្រង់ គ្មានអ្វីប្រសើរសម្រាប់ខ្ញុំឡើយ!។ 3 ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។ 4 រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ខ្ញុំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយខ្ញុំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ 5 ក្រៅពីអុលឡោះតាអាឡា ខ្ញុំគ្មានចំណែកមត៌កអ្វីទេ ទ្រង់ប្រទានអ្វីៗទាំងអស់ ដែលខ្ញុំត្រូវការ អនាគតរបស់ខ្ញុំស្ថិតនៅលើទ្រង់។ 6 ទ្រង់ប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកខ្ញុំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ខ្ញុំ។ 7 ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់ផ្តល់យោបល់ដល់ខ្ញុំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ខ្ញុំដាស់តឿនខ្ញុំដែរ។ 8 ខ្ញុំនឹកដល់អុលឡោះតាអាឡា ដែលស្ថិតនៅខាងមុខខ្ញុំជានិច្ច ដោយទ្រង់នៅខាងស្តាំខ្ញុំ ខ្ញុំនឹងមិនភ័យខ្លាចសោះឡើយ។ 9 ហេតុនេះហើយបានចិត្តខ្ញុំរីករាយ វិញ្ញាណខ្ញុំត្រេកអរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។ 10 ដ្បិតទ្រង់នឹងមិនបោះបង់ព្រលឹង ខ្ញុំចោលនៅក្នុងផ្នូរខ្មោចឡើយ ហើយទ្រង់មិនបណ្តោយឲ្យសពអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់ រលួយឡើយ ។ 11 ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies