ក្រុងរបស់ពួកលេវី1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសានៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ 2 «ចូរបង្គាប់ជនជាតិអ៊ីស្រអែល ឲ្យប្រគល់ទីក្រុងដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះឲ្យពួកលេវីដែរ។ 3 ដូច្នេះ ពួកគេនឹងមានក្រុងសម្រាប់រស់នៅ ហើយមានដីសម្រាប់ហ្វូងសត្វ និងសម្រាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ 4 ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។ 5 រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្តាលដីនោះ។ 6 ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យ ពួកលេវីមានក្រុងសម្រាប់ជាជំរកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ 7 សរុបចំនួនក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងដីដែលនៅជុំវិញក្រុងទាំងនោះផង។ 8 កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។ ក្រុងដែលជាជំរក9 អុលឡោះតាអាឡាមានបន្ទូល មកកាន់ម៉ូសាថា៖ 10 «ចូរប្រាប់កូនចៅអ៊ីស្រអែល ដូចតទៅ: ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ 11 ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជំរកសម្រាប់ឲ្យអ្នកដែលសម្លាប់គេ ដោយអចេតនា រត់មកជ្រកកោន។ 12 ក្រុងទាំងនោះ ជាជំរកការពារអ្នករាល់គ្នាឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្តីឡើយ។ 13 ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជំរក។ 14 ក្រុងជំរកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។ 15 ប្រសិនបើជនជាតិអ៊ីស្រអែល ឬជនបរទេសដែលស្នាក់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នាបានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។ 16 ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 17 ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 18 ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 19 អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបានត្រូវតែសម្លាប់ចោល។ 20 ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្តាលឲ្យគេស្លាប់ 21 ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្តាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។ 22 ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន 23 ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្តាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ 24 សហគមន៍ត្រូវសំរុះសំរួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹកតាមហ៊ូកុំស្តីអំពីករណីនេះ។ 25 សហគមន៍ត្រូវរំដោះអ្នកដែលធ្វើឲ្យគេស្លាប់នោះ ពីកណ្តាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជំរក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមូស្ទីដែលបានតែងតាំងដោយប្រេងសក្ការៈស្លាប់។ 26 ប្រសិនបើអ្នកសម្លាប់គេចេញទៅក្រៅទីក្រុងដែលខ្លួនរត់ទៅជ្រក 27 ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ 28 អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជំរក រហូតដល់មូស្ទីស្លាប់។ ក្រោយពេលមូស្ទីស្លាប់ផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន។ 29 អ្នករាល់គ្នាត្រូវអនុវត្តតាមហ៊ូកុំនេះ ទុកជាហ៊ូកុំគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 30 គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ 31 មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។ 32 មិនត្រូវទទួលប្រាក់លោះជីវិតអ្នកនោះ ហើយបើកឲ្យគេទៅរស់នៅក្នុងក្រុងជំរក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយស្លាប់របស់មូស្ទី។ 33 មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។ 34 កុំធ្វើឲ្យស្រុកដែលអ្នករាល់គ្នាចូលទៅរស់នៅ ក្លាយទៅជាសៅហ្មងឡើយ។ យើងក៏នៅក្នុងចំណោមអ្នករាល់គ្នាដែរ ដ្បិតយើងជាអុលឡោះតាអាឡាដែលស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល»។ |
© 2014 United Bible Societies, UK.
United Bible Societies