Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 36 - អាល់គីតាប


ហ៊ូកុំ​ការពារ​ស្ត្រី​ដែល​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​ក្រៅ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន

1 មេដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​យូសុះ នាំ​គ្នា​ចូល​មក​ជិត​ម៉ូសា ជម្រាប​គាត់​នៅ​ចំពោះ​មុខ​ពួក មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖

2 «អុលឡោះ‌តាអាឡា​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពីអុលឡោះ‌តាអាឡា ដើម្បី​ប្រគល់​ទឹក​ដី ជា​ចំណែក​របស់​លោក​ស្លូផិត‌ហាត​ជា​បង​ប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។

3 បើ​ពួក​នាង​រៀប​ការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូន​តា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ​ដោយ​ការ​ចាប់​ឆ្នោត​នោះ​នឹង​ថយ​ចុះ។

4 លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹកដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើងខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

5 ម៉ូសា​នាំ​យក​ពាក្យ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖

6 «កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យូសុះ​និយាយ​ត្រូវ​មែន។ អុលឡោះ‌តាអាឡា បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិហាត​ថា: ពួក​នាង​អាច​រៀប​ការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀប​ការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

7 ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ត្រូវ​ផ្ទេរពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ៗ ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​ខ្លួន។

8 កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​រៀប​ការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នីមួយៗ គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។

9 ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ត្រូវ​ផ្ទេរពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។

10 កូន​ស្រី​របស់​លោក​ស្លូផិហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

11 នាង​ម័សឡា ធើសា ហុកឡា‌មីលកា និង​ណូហា បាន​រៀប​ការ​ជា​មួយ​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។

12 ពួក​គេ​បាន​រៀប​ការ​នឹង​បុរស​មក​ពី​អំបូរ កូន​ចៅ​លោក​ម៉ាណាសេ ជា​កូន​របស់​យូសុះ។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

13 នេះ​ជា​បទ​បញ្ជា និង​ហ៊ូកុំ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​តាម​រយៈ​ម៉ូសា​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម