ជនគណនា 34 - អាល់គីតាបព្រំប្រទល់ស្រុកកាណាន 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរបង្គាប់កូនចៅអ៊ីស្រអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ: 3 ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។ 4 បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីនទៅដល់ខាងត្បូងកាដេស–បារណា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ–អាដា និងអាសម៉ូន។ 5 ពីអាសម៉ូនព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។ 6 សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ 7 ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ 8 ពីភ្នំហោរត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។ 9 ព្រំដែននេះត្រូវបន្តទៅដល់ស៊ីប្រុន បង្ហួសទៅដល់ហាសារ–អេណាន។ នេះហើយ ជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។ 10 ត្រូវកំណត់ព្រំដែនខាងកើតរបស់អ្នករាល់គ្នា ចាប់ពីហាសារ–អេណានទៅសេផាម។ 11 ព្រំដែននេះត្រូវចុះពីសេផាមទៅរីមឡាដែលនៅខាងកើតអាយ៉ីន ចុះទៅដល់ត្រើយខាងកើតសមុទ្រគេនេសារ៉ែត។ 12 បន្ទាប់មក ព្រំប្រទល់ចុះតាមទន្លេយ័រដាន់ទៅដល់សមុទ្រអំបិល។ នេះហើយជាកំណត់ព្រំដែននៃស្រុករបស់អ្នករាល់គ្នា»។ 13 ម៉ូសានាំយកបញ្ជារបស់អុលឡោះនេះ ទៅប្រាប់ជនជាតិអ៊ីស្រអែល។ គាត់មានប្រសាសន៍ថា៖ «នេះហើយជាស្រុកដែលអុលឡោះតាអាឡាបង្គាប់ឲ្យប្រគល់ដល់មេដឹកនាំនៃកុលសម្ព័ន្ធប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ហើយអ្នករាល់គ្នាត្រូវបែងចែកគ្នា ដោយចាប់ឆ្នោត 14 ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេបានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។ 15 កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។ អុលឡោះបញ្ជាបែងចែកទឹកដី 16 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ 17 «អ្នកដែលត្រូវចាត់ចែងបែងចែកទឹកដី គឺអ៊ីមុាំអេឡាសារ និងយ៉ូស្វេជាកូនរបស់នូន។ 18 ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមេដឹកនាំម្នាក់ជួយបែងចែកទឹកដីដែរ។ 19 អ្នកទាំងនោះមានឈ្មោះដូចតទៅ: កាលែប ជាកូនរបស់យេភូនេ តំណាងកុលសម្ព័ន្ធយូដា។ 20 សាំយូអែល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធស៊ីម្មាន។ 21 អេលីដាដ ជាកូនរបស់គីសឡូន តំណាងកុលសម្ព័ន្ធពុនយ៉ាមីន។ 22 ប៊ូគី ជាកូនរបស់យុកលី តំណាងកុលសម្ព័ន្ធដាន់។ 23 ហានាល ជាកូនរបស់អេផូដ តំណាងកុលសម្ព័ន្ធម៉ាណាសេ ជាកូនរបស់យូសុះ។ 24 កេមយួល ជាកូនរបស់ស៊ីបតានតំណាងកុលសម្ព័ន្ធអេប្រាអ៊ីម។ 25 អេលីសាផាន ជាកូនរបស់ប៉ាណាក់ តំណាងកុលសម្ព័ន្ធសាប់យូឡូន។ 26 ប៉ាលទាល ជាកូនរបស់អាស្សាន តំណាងកុលសម្ព័ន្ធអ៊ីសាខារ។ 27 អហ៊ីហ៊ូដ ជាកូនរបស់សេឡូមី តំណាងកុលសម្ព័ន្ធអេស៊ើរ។ 28 ពេដាហិល ជាកូនរបស់អាំមីហ៊ូដ តំណាងកុលសម្ព័ន្ធណែបថាលី»។ 29 គឺអ្នកទាំងនេះហើយដែលអុលឡោះតាអាឡាបញ្ជាឲ្យបែងចែងស្រុកកាណាន ដល់ជនជាតិអ៊ីស្រអែល។ |
© 2014 United Bible Societies, UK.
United Bible Societies