ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 23 - អាល់គីតាប អាល់គីតាប
ជន‌គណនា 23

1 បាឡាម​ជម្រាប​ស្តេច​បាឡាក់​ថា៖ «សូម​ស្តេច​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀប​ចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ខ្ញុំ​ផង»។

2 ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម។ ស្តេច​បាឡាក់ និង​បាឡាម​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នី​មួយៗ។

3 បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច​នេះ​ហើយ ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែលអុលឡោះ‌តាអាឡា​មក​ជួប​ខ្ញុំ។ ពេល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណាៗ​នោះ ខ្ញុំ​នឹង​នាំ​យក​មក​ជម្រាប​ស្តេច»។ បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

4 អុលឡោះ​មក​ជួប​បាឡាម គាត់​ក៏​ជម្រាប​ទ្រង់​ថា៖ «ខ្ញុំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ខ្ញុំ​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។

5 អុលឡោះ‌តាអាឡា​ក៏​ប្រាប់​បាឡាម​អំពី​សេចក្តី​ដែល​គាត់​ត្រូវ​ថ្លែង ហើយ​ឲ្យ​គាត់​វិល​ទៅ​ជួប​ស្តេច​បាឡាក់​វិញ ដើម្បី​ថ្លែង​បន្ទូល​នេះ។

6 បាឡាម​ក៏​វិល​ទៅ​ជួប​ស្តេច​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​គូរបាន​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់ ឈរ​ជា​មួយ​ផង។

7 បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ «ស្តេច​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្តេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្តាសា​កូន​ចៅ​យ៉ាកកូប! ចូរ​មក​ប្រទេច​ផ្តាសា​កូន​ចៅ​អ៊ីស្រ‌អែល!

8 តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​អ្នក​ដែល​អុលឡោះ​មិន​ដាក់​បណ្តាសា​ដូច​ម្តេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច​ផ្តាសា​អ្នក​ដែល អុលឡោះ‌តាអាឡា​មិន​ប្រទេច​ផ្តាសា​ដូច​ម្តេច​បាន​!

9 ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេ ប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។

10 តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកកូប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រ‌អែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

11 ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​អ្នក​មក ដើម្បី​ឲ្យ​ដាក់​បណ្តាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។

12 បាឡាម​ជម្រាប​ស្តេច​ថា៖ «ខ្ញុំ​ត្រូវ​ថ្លែង តែ​សេចក្តី​ណា​ដែលអុលឡោះ‌តាអាឡា​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។

13 ស្តេច​បាឡាក់​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ សូម​អ្នក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​អ្នក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ អ្នក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ អ្នក​ត្រូវ​តែ​ដាក់​បណ្តា​សា​ពួក​គេ​ឲ្យ​យើង»។

14 ស្តេច​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នី​មួយៗ ស្តេច​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។

15 បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ទី​នេះ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច ខ្ញុំ​នឹង​ចេញ​ទៅ​ជួប​អុលឡោះ»។

16 អុលឡោះ‌តាអាឡា​មក​ជួប​បាឡាម ទ្រង់​ប្រាប់​គាត់​អំពី​សេចក្តី​ដែល​គាត់​ត្រូវ​ថ្លែង ហើយ​ឲ្យ​គាត់​វិល​ទៅ​ជួប​ស្តេច​បាឡាក់​វិញ ដើម្បី​ថ្លែង​បន្ទូល​នេះ។

17 បាឡាម​ក៏​វិល​ទៅ​ជួប​ស្តេច​បាឡាក់​ដែល​ឈរ​នៅ​ក្បែរ​គូរបាន​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ស្តេច​បាឡាក់​សួរ​គាត់​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ម្តេច?»។

18 បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ សូម​ជម្រាប​ស្តេច​បាឡាក់ សូម​ប្រុង​ប្រៀប​ស្តាប់! សូម​ជម្រាប​បុត្រ​របស់​ស្តេច​ស៊ីបពរ សូម​ផ្ទៀង​ត្រចៀក​ស្តាប់!

19 អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។

20 ខ្ញុំ​បាន​ទទួល​បញ្ជា​ពី​ទ្រង់ ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះ បើ​ទ្រង់​ឲ្យ​ពរ នោះ​ខ្ញុំ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ។

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់ កូន​ចៅ​យ៉ាកកូប​ឡើយ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា កើត​មាន​ដល់ កូន​ចៅ​អ៊ីស្រ‌អែល​ដែរ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ នៅ​ជា​មួយ​ពួក​គេ ពួក​គេ​ប្រកាស​ថា ទ្រង់​ជា​ស្តេច​របស់​ពួក​គេ។

22 អុលឡោះ​បាន​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23 មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកកូប​បាន​ទេ អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រ‌អែល​បាន​ដែរ។ នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ ដែល​អុលឡោះ​ធ្វើ​ចំពោះ​យ៉ាកកូប និង​អ៊ីស្រ‌អែល។

24 មើល​ចុះ ប្រជា‌ជន​នេះងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ»។

25 ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «ប្រសិន​បើ​អ្នក​មិន​ដាក់​បណ្តាសា​ពួក​គេ​ទេ​នោះ​ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។

26 បាឡាម​តប​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​រួច​ហើយ​ថា ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។

ណាពី​បាឡាម​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​លើក​ទី​បី

27 ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​អ្នក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ប្រហែល​ជា​អុលឡោះ​ពេញ​ចិត្ត​ឲ្យ​អ្នក​ដាក់​បណ្តាសា​ពួក​គេ»។

28 ស្តេច​បាឡាក់​នាំ​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។

29 បាឡាម​ជម្រាប​ស្តេច​បាឡាក់​ថា៖ «សូម​ស្តេច​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ខ្ញុំ​ផង»។

30 ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នី​មួយៗ។

© 2014 United Bible Societies, UK.

United Bible Societies