ប្រភពទឹកនៅមេរីបា1 សហគមន៍អ៊ីស្រអែលទាំងមូល បានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ សាទីម៉ារៀមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ 2 ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ 3 ប្រជាជនរករឿងម៉ូសាថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះអុលឡោះតាអាឡា នោះប្រសើរជាង! 4 ហេតុអ្វីបានជាពួកអ្នកនាំក្រុមជំអះរបស់អុលឡោះតាអាឡា ឲ្យមកស្លាប់នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? 5 ហេតុអ្វីបានជាពួកអ្នកនាំពួកយើងចាកចេញពីស្រុកអេស៊ីបមកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ 6 ម៉ូសា និងហារូននាំគ្នាចាកចេញពីក្រុមជំអះ ឆ្ពោះទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ្នកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យអ្នកទាំងពីរឃើញ។ 7 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 8 «ចូរយកដំបង រួចអ្នក និងហារូន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។ 9 ម៉ូសាយកដំបងដែលស្ថិតនៅចំពោះអុលឡោះតាអាឡា ដូចទ្រង់បានបង្គាប់គាត់។ 10 ម៉ូសា និងហារូន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ ម៉ូសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្តាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះ សម្រាប់អ្នករាល់គ្នា បានឬមិនបាន?»។ 11 ម៉ូសាលើកដៃឡើង ហើយយកដំបងរបស់គាត់វាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។ 12 ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសំដែងឲ្យកូនចៅអ៊ីស្រអែលស្គាល់ភាពបរិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំអះនេះចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យពួកគេឡើយ»។ 13 គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រអែលនាំគ្នារករឿងអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់បានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់អុលឡោះ។ ស្តេចស្រុកអេដុមមិនព្រមឲ្យអ៊ីស្រអែលឆ្លងកាត់ទឹកដីរបស់គេ14 ម៉ូសាបានចាត់អ្នកនាំសារ ពីកាដេសទៅជួបស្តេចស្រុកអេដុម ហើយប្រាប់ថា៖ «សូមស្តេចស្តាប់ពាក្យរបស់អ៊ីស្រអែល ជាបងប្អូនរបស់ស្តេច។ ស្តេចជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ 15 បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។ 16 យើងខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ស្តេច។ 17 យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ស្តេច តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ស្តេចទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្តូងរបស់ស្តេចដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំដោយឥតងាកទៅឆ្វេង ឬងាកទៅស្តាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ស្តេច»។ 18 ស្តេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។ 19 ជនជាតិអ៊ីស្រអែលជម្រាបស្តេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ស្តេច នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។ 20 ស្តេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រអែល 21 មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រអែលក៏ដើរវាងទឹកដីរបស់គេ។ ណាពីហារូនទទួលមរណភាព22 សហគមន៍អ៊ីស្រអែលទាំងមូលចេញដំណើរពីកាដេស ទៅដល់ភ្នំហោរ។ 23 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូននៅភ្នំហោរដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖ 24 «បន្តិចទៀត ហារូននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើងនៅប្រភពទឹកមេរីបា។ 25 ចូរនាំហារូន និងអេឡាសារ ជាកូនប្រុសរបស់គាត់ឡើងទៅលើភ្នំហោរ។ 26 នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីហារូន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលហារូនត្រូវទទួលមរណភាព»។ 27 ម៉ូសាបានធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ ពួកគាត់នាំគ្នាឡើងទៅលើភ្នំហោរនៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល។ 28 គាត់ដោះសម្លៀកបំពាក់ចេញពីហារូន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ ហារូនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ ម៉ូសា និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។ 29 សហគមន៍ទាំងមូលបានឃើញហារូនផុតដង្ហើម ហើយកូនចៅអ៊ីស្រអែលទាំងអស់នាំគ្នាកាន់ទុក្ខហារូន អស់រយៈពេលសាមសិបថ្ងៃ។ |
© 2014 United Bible Societies, UK.
United Bible Societies