Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 19 - អាល់គីតាប


ឆ្អឹង​របស់​គោញី​ពណ៌​ទង់​ដែង

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖

2 «នេះ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​ទុក ដូច​ត​ទៅ: ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់​ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។

3 ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​អ៊ីមុាំ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។

4 អ៊ីមុាំ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ‌ពីរ​ដង​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

5 ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។

6 អ៊ីមុាំ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។

7 អ៊ីមុាំ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​យក​ទឹក​មក​លុប​លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក អ៊ីមុាំ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូត​ទល់​ល្ងាច។

8 រីឯ​អ្នក​ដែល​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក​បំពាក់ និង​យក​ទឹក​មក​លុប​លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង រហូត​ទល់​ល្ងាច។

9 ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ឆ្អឹង​របស់​គោញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ​ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ឆ្អឹង​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រ‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​គូរបាន​រំដោះ​បាប​ដែរ។

10 អ្នក​រើស​ឆ្អឹង​របស់​គោញី ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ទល់​ល្ងាច។ នេះ​ជា​ហ៊ូកុំ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ។


ហ៊ូកុំ​ស្តីអំពី​ពិធី​ជម្រះ​កាយ

11 អ្នក​ណា​ប៉ះ​ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

12 គេ​ត្រូវ​យក​ទឹក​នេះ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។

13 អ្នក​ណា​ប៉ះ​ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។

14 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

15 រីឯ​ភាជន៍​ទាំង​ប៉ុន្មាន នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គំរប នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។

16 អ្នក​ណា​ប៉ះ​សាក‌សព ដែល​ស្លាប់​នៅ​ទី​វាល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​ដោយ​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ​អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

17 ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​បរិសុទ្ធ គេ​ត្រូវ​យកឆ្អឹង​របស់​គោញី ដែល​បាន​ជូនជា​គូរបាន​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។

18 ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ​លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ​ពាល់​ឆ្អឹង ប៉ះ​ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​ដោយ​ធម្មតា ឬ​ក៏​ប៉ះ​ពាល់​ផ្នូរ។

19 អ្នក​ដែល​មិន​សៅ‌ហ្មង ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃទី​ប្រាំ‌ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ យក​ទឹក​លុប​លាង​ខ្លួន នោះ​គាត់​នឹង​បាន​បរិសុទ្ធ​នៅ​ពេល​ល្ងាច។

20 បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម​ជំអះ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី​សក្ការៈ​របស់អុលឡោះ‌តាអាឡា ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។

21 នេះ​ជា​ហ៊ូកុំ​ដែល​ពួក​គេ​ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​អ្នក​ដែល​ប៉ះ​ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។

22 អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​ប៉ះ​ពាល់ ក៏​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះពាល់​របស់​សៅ‌ហ្មង នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ទល់​ល្ងាច»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម