ណាពីម៉ូសាទទួលមរណភាព1 ម៉ូសាឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ អុលឡោះតាអាឡាបានបង្ហាញឲ្យគាត់ឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់ 2 ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ 3 តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើរ រហូតដល់ក្រុងសូអារ។ 4 អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបថា “យើងនឹងប្រគល់ស្រុកនេះ ឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។ 5 ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា បានស្លាប់នៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ 6 អុលឡោះតាអាឡាបញ្ចុះសពគាត់នៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់គាត់ឡើយ។ 7 ពេលម៉ូសាស្លាប់នោះ គាត់មានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកគាត់មិនអន់ទេ រីឯកម្លាំងរបស់គាត់ ក៏មិនចុះអន់ថយដែរ។ 8 ជនជាតិអ៊ីស្រអែលនាំគ្នាកាន់ទុក្ខម៉ូសា អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខគាត់រហូតទាល់តែផុតកំណត់ ពេលសាមសិបថ្ងៃនោះ។ 9 យ៉ូស្វេ ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតម៉ូសាបានដាក់ដៃលើគាត់។ ជនជាតិអ៊ីស្រអែលនាំគ្នាស្តាប់បង្គាប់យ៉ូស្វេ ដោយធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 10 នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។ 11 គ្មាននរណាម្នាក់សំដែងទីសំគាល់ និងការអស្ចារ្យដូចអុលឡោះតាអាឡាចាត់គាត់ ឲ្យទៅសំដែង នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ព្រមទាំងអ្នកបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ 12 ហើយក៏គ្មាននរណាម្នាក់អាចសំដែងអំណាច គួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ដូចម៉ូសាដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies