ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 28 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 28

ពរ​របស់​អុលឡោះ

1 «ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ប្រសើរ​ជាង​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។

2 ប្រសិន​បើ​អ្នក​ស្តាប់​តាម​បន្ទូល​នៃអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទ្រង់​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក

3 គឺអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទី​ក្រុង ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចម្ការ។

4 អុលឡោះ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក កើន​ភោគ​ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។

5 អុលឡោះ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។

6 អុលឡោះ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

7 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ​ពីរ។

8 អុលឡោះ‌តាអាឡា​ប្រទាន​ពរ ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ទ្រង់​ប្រទាន​ពរ​ជា​និច្ច។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​អ្នក។

9 ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ នោះអុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏​វិសុទ្ធ ដូច​អុលឡោះ​បាន​សន្យា​ជា​មួយ​អ្នក។

10 ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី នឹង​ឃើញ​ថា អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។

11 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ដោយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​ភោគ​ផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ទ្រង់​បាន​សន្យា​ដល់​បុព្វ‌បុរស ថា​ប្រទាន​ឲ្យ​អ្នក​ដែរ។

12 អុលឡោះ‌តាអាឡា​នឹង​បើក​ផ្ទៃ​មេឃ​បង្អុរ​ភ្លៀង​ចុះ​មក ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។

13 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ថ្កុំ​ថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់‌ខ្ពស់​ជា​និច្ច គឺ​មិន​ចុះ​អោន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

14 មិន​ត្រូវ​ងាក​ទៅ​ឆ្វេង​ទៅ​ស្តាំ ឆ្ងាយ​ពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»។

បណ្តាសា

15 «ប្រសិន​បើ​អ្នក​មិន​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្តាសា ដូច​តទៅ:

16 អ្នក​នឹង​ត្រូវ​បណ្តាសា​នៅ​តាម​ទី​ក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្តាសា​នៅ​តាម​ស្រុក​ស្រែ។

17 អ្នក​នឹង​ត្រូវ​បណ្តាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។

18 អ្នក​នឹង​ត្រូវ​បណ្តាសា ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ​ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។

19 អ្នក​នឹង​ទទួល​បណ្តាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

20 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្ត‌រាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ទ្រង់។

21 អុលឡោះ‌តាអាឡា នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។

22 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្តៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។

23 មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្តៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។

24 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ធូលី​ដី ព្រម​ទាំង​ផែះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។

25 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ​ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។

26 សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។

27 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ទ្រង់​ធ្លាប់​ប្រហារ​ជន‌ជាតិ​អេស៊ីប​ដែរ។ ទ្រង់​នឹង​ប្រហារ​អ្នក ដោយ​រោគ​ប្ញស​ដូង​បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​បាន​ឡើយ។

28 អុលឡោះ‌តាអាឡា​ប្រហារ​អ្នក​ឲ្យ​វង្វេង​ស្មារតី វិកល​ចារឹក និង​មើល​អ្វី​លែង​ឃើញ។

29 អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង​ការ​ដែល​អ្នក​រៀប​ចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។

30 ពេល​អ្នក​មាន​គូ​ដណ្តឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​លើ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង​បាយ​ជូរ អ្នក​នឹង​មិន​បាន​បរិភោគ​ផល​ឡើយ។

31 គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។

32 គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់​ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។

33 ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់ នឹង​បរិភោគ​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង​ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន។

34 ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។

35 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ទ្រង់​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

36 អុលឡោះ‌តាអាឡា​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្តេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

37 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។

38 អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្តូប​ស៊ី។

39 អ្នក​ដាំ​ទំពាំង​បាយ​ជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង​បាយ​ជូរ​នោះ​អស់។

40 អ្នក​ដាំ​អូលីវ​ពាស​ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​កៀប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។

41 អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។

42 ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។

43 ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​អោន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។

44 គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ​ថ្កើង​បំផុត រីឯ​អ្នក​វិញ អ្នក​អន់​ជាង​គេ​បំផុត។

45 បណ្តាសា​ទាំង​នេះ នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជា​និច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្តាប់​តាម​សំឡេង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ដែល​ទ្រង់​ប្រទាន​មក​អ្នក​ឡើយ។

46 បណ្តាសា​ទាំង​នេះ​ជា​ទី​សំគាល់ និង​ជា​ការ​អស្ចារ្យ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។

47 នៅ​ពេល​សម្បូណ៌‌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ

48 នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែលអុលឡោះ‌តាអាឡា ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ទ្រង់​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

49 អុលឡោះ‌តាអាឡា​នឹង​នាំ​ប្រជា‌ជាតិ​មួយ ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ​ពួយ អ្នក​ស្តាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។

50 ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។

51 ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន​ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម ឲ្យ​នៅ​សល់ សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។

52 ពួក​គេ​នឹង​ឡោម‌ព័ទ្ធ ទី​ក្រុង​ទាំង​ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ។

53 ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។

54 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត​បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់​សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស​សល់

55 ដោយ​ខ្លាច​គេ​ដណ្តើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង​គ្មាន​អ្វី​បរិភោគ​ទេ។

56 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត​បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់​សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន

57 ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក​នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។។

58 ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ

59 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សំដែង​ការ​អស្ចារ្យ​ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ​ដែល​ពុំ​អាច​មើល​ជា។

60 អុលឡោះ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។

61 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។

62 អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក។

63 អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ទ្រង់​ក៏​មាន​ចិត្ត​រីក‌រាយ​នឹង​កំទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​យ៉ាង​នោះ​ដែរ។ ទ្រង់​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។

64 អុលឡោះ‌តាអាឡា​នឹង​កំចាត់​កំចាយ​អ្នក ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។

65 ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។

66 ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សម្រាប់​អ្នក​ទៀត​ឡើយ។

67 ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្តាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។

68 អុលឡោះ‌តាអាឡា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

សុន្ទរ‌កថា​ចុង​ក្រោយ​របស់​ណាពី​ម៉ូសា សម្ពន្ធ‌មេត្រី​នៅ​ស្រុក​ម៉ូអាប់

69 ក្រៅ​ពី​សម្ពន្ធ‌មេត្រីដែលអុលឡោះ‌តាអាឡា​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ភ្នំ​ហោរែប ទ្រង់​បាន​បង្គាប់​ឲ្យ​ម៉ូសា​ចង​សម្ពន្ធ‌មេត្រី​មួយ​ទៀត ជា​មួយ​ពួក​គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្តី​ដូច​ខាង​ក្រោម​នេះ។

© 2014 United Bible Societies, UK.

United Bible Societies