ចោទិយកថា 27 - អាល់គីតាបជនជាតិអ៊ីស្រអែលធ្វើពិធីរំលឹកអំពីសម្ពន្ធមេត្រី ថ្មនៅភ្នំអេបាល 1 ម៉ូសា និងក្រុមអះលីជំអះនៃជនជាតិអ៊ីស្រអែលបានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ 2 នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។ 3 ចូរចារឹកហ៊ូកុំដែលខ្ញុំប្រគល់ឲ្យលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ស្របតាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។ 4 ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់ឲ្យបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។ 5 បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនមួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក 6 គឺត្រូវយកថ្មដែលមិនទាន់ដាប់សង់អាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចយកគូរបានដុតទាំងមូលមកជូនទ្រង់ នៅលើអាសនៈនោះ។ 7 ចូរធ្វើគូរបានមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ 8 ចូរចារឹកហ៊ូកុំទាំងនេះនៅលើថ្មឲ្យបានច្បាស់ៗ»។ 9 បន្ទាប់មកម៉ូសា និងអ៊ីមុាំលេវីថ្លែងទៅកាន់ប្រជាជនអ៊ីស្រអែលទាំងមូល ដូចតទៅ៖ «អ៊ីស្រអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្តាប់ចុះ! ថ្ងៃនេះ អ្នកក្លាយទៅជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ 10 ដូច្នេះ ចូរស្តាប់បង្គាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងហ៊ូកុំរបស់អុលឡោះដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ»។ 11 នៅថ្ងៃដដែលនោះ ម៉ូសាបង្គាប់ប្រជាជន ដូចតទៅ៖ 12 «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យូសុះ និងពុនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីពរប្រាប់ប្រជាជន។ 13 រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្តាសា»។ បណ្តាសាទាំងដប់ពីរ 14 «ពួកលេវីត្រូវប្រកាសប្រាប់ប្រជាជនអ៊ីស្រអែលទាំងមូលយ៉ាងខ្លាំងៗថា: 15 “អ្នកណាឆ្លាក់រូបបដិមាករ ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលអុលឡោះតាអាឡាស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្ស ទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 16 “អ្នកណាប្រមាថមើលងាយឪពុកម្តាយ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 17 “អ្នកណាបង្ខិតបង្គោលរបង ចូលទៅក្នុងដីធ្លីបងប្អូនរបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 18 “អ្នកណាធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 19 “អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 20 “អ្នកណារួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន! ព្រោះគេបង្អាប់កិត្តិយសរបស់ឪពុកខ្លួន”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 21 “អ្នកណារួមដំណេកជាមួយសត្វឆ្អឹង អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 22 “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្តាយមួយក្តី អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 23 “អ្នកណារួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 24 “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 25 “អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ 26 “អ្នកណាមិនគោរពសេចក្តីដែលមានចែងទុកក្នុងហ៊ូកុំនេះ ហើយមិនប្រតិបត្តិតាមទេ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”»។ |
© 2014 United Bible Societies, UK.
United Bible Societies