ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 12 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 12

ហ៊ូកុំ​ផ្សេងៗ ត្រូវ​ថ្វាយ‌បង្គំ អុលឡោះ‌តាអាឡា នៅ​កន្លែង​តែ​មួយ

1 «នេះ​ជា​ហ៊ូកុំ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ ទុក​ជា​កម្ម‌សិទ្ធិ។

2 ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជាតិ​នា​នា​ជូន​សក្ការៈ​បូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​ឲ្យ​នៅ​សល់​ឡើយ។

3 ចូរ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កំទេច​ស្តូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា‌ករ​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នា​នា ឲ្យ​អស់​ពី​កន្លែង​នោះ​ផង។

4 ក្នុង​ការ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តម្រាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។

5 អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។

6 ត្រូវ​យក​គូរបាន​ដុត ជូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ជូន​អុលឡោះ​នៅ​កន្លែង​នោះ។

7 ត្រូវ​បរិភោគ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ដោយ​សារអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។

8 នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ

9 ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខ‌សាន្ត ជា​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ​ជា​កេរម‌ត៌ក​នៅ​ឡើយ​ទេ។

10 អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កេរ‌មត៌ក។ ទ្រង់​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ដោយ​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។

11 ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។

12 អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។

13 ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​គូរបាន​ដុត​របស់​អ្នក​ទៅ​ជូន នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន​ដែល​អ្នក​ឃើញ​នោះ​ឡើយ

14 គឺ​ត្រូវ​ធ្វើ​គូរបាន​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។

15 ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ​បាន តាម​ចិត្ត​ប៉ង​ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ​បាន ដូច​ជា​បរិភោគ​សាច់​ក្តាន់ ឬ​សាច់​ឈ្លូស​ដែរ។

16 ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

17 រីឯ​ជំនូន​មួយ​ភាគ​ដប់ ដែល​អ្នក​ត្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​មាន​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​ជំនូន​ផ្សេងៗ​ទៀត ដូច​ជា​ជំនូន​លា​បំណន់​ជំនូន​ស្ម័គ្រ​ចិត្ត និង​ជំនូន​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។

18 ត្រូវ​បរិភោគ​ជំនូន​ទាំង​នោះ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​សារ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។

19 ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។

20 នៅ​ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​បាន​តាម​ចិត្ត​ប៉ង​ប្រាថ្នា។

21 ប្រសិន​បើ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស សម្រាប់​សំដែង​នាម​ទ្រង់ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ង​ប្រាថ្នា។

22 ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្តាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា។

23 ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។

24 កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

25 កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភ‌មង្គល​ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា។

26 ចំណែក​ឯ​សត្វ ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ជូនអុលឡោះ‌តាអាឡា ឬ​ជំនូន​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ជូន​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស។

27 ចំពោះ​គូរបាន​ដុត ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម ទៅ​ជូន​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ រីឯ​គូរបាន​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ជូន​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

28 ចូរ​ស្តាប់ និង​កាន់​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភ‌មង្គល​រហូត​តទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។

29 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នឹង​កំចាត់​ប្រជា‌ជាតិ​នា​នា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។

30 ពេល​ណា​ប្រជា‌ជាតិ​ទាំង​នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តម្រាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បម្រើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។

31 មិន​ត្រូវ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក តាម​របៀប​ថ្វាយ‌បង្គំ​ព្រះ​របស់​ប្រជា‌ជាតិ​នា​នា​ឡើយ។ ប្រជា‌ជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បម្រើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែលអុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត ជា​គូរបាន ដល់​ព្រះ​ទាំង​នោះ​ដែរ។

32 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។

© 2014 United Bible Societies, UK.

United Bible Societies