ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 119 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 119

1 មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា

2 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់ របស់​ទ្រង់ ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត

3 អើ ពួក​នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ គឺ​គេ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​វិញ

4 ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់

5 ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ បាន​រៀបចំ​ទៅ​អេះ ដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់

6 កាល​ណា​ទូលបង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ

7 កាល​ណា​ទូលបង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិត របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដោយ​ចិត្ត​ទៀង​ត្រង់

8 ទូលបង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់ ឱ​សូម​កុំ​លះ​ចោល​ទូលបង្គំ​ឲ្យ​អស់​រលីង​ឡើយ។

9 ៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ‌សារ​អ្វី គឺ​ដោយ​ប្រយ័តនឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

10 ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់ របស់​ទ្រង់​ឡើយ

11 ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ

12 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ

13 បបូរ​មាត់​ទូលបង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

14 ទូលបង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាម សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង

15 ទូលបង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់

16 ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។

17 ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

18 សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់

19 ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ

20 ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា

21 ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃ ដែល​ត្រូវ​បណ្តាសា​ហើយ ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់

22 សូម​ដក​យក​ការ​ដំនៀល នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក

23 មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូលបង្គំ​ដែរ អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត របស់​ទ្រង់​វិញ

24 ទូលបង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន ហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។

25 ៙ ព្រលឹង​ទូលបង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដី សូម​ប្រោស​ទូលបង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

26 ទូលបង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ ហើយ​ទ្រង់​បាន​ឆ្លើយ​មក សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ​ផង

27 សូម​ឲ្យ​ទូលបង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​ទ្រង់

28 ព្រលឹង​ទូលបង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

29 សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូលបង្គំ​ចេញ ហើយ​អនុញ្ញាត​ប្រទាន​ក្រិត្យ‌វិន័យ​របស់​ទ្រង់​មក​ទូលបង្គំ ដោយ​ព្រះ‌គុណ

30 ទូលបង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយ ទូលបង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ

31 ទូលបង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ

32 ទូលបង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់ ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូលបង្គំ​ឡើង​ហើយ។

33 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត

34 សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង

35 សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ

36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ

37 សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់

38 សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់

39 សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ

40 មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។

41 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ទូលបង្គំ គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់

42 យ៉ាង​នោះ ទូលបង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណា ដែល​ត្មះ‌តិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់

43 សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូលបង្គំ អស់​រលីង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់

44 យ៉ាង​នោះ ទូលបង្គំ​នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ជានិច្ច នៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ

45 ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាព ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់

46 ទូលបង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ

47 ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ជា​សេចក្ដី​ដែល​ទូលបង្គំ​បាន​ស្រឡាញ់

48 ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។

49 ៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល ដល់​អ្នក​បំរើ​ទ្រង់ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សង្ឃឹម

50 នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង

51 ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ

52 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត

53 ទូលបង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្ត ដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោល ក្រិត្យ‌វិន័យ​របស់​ទ្រង់

54 អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ

55 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់ នៅ​វេលា​យប់ ហើយ​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់

56 សេចក្ដី​នេះ​បាន​កើត​ដល់​ទូលបង្គំ ដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។

57 ៙ ឯ​ចំណែក​នៃ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូលបង្គំ​រក្សា​អស់​ទាំង ព្រះ‌បន្ទូល​នៃ​ទ្រង់

58 ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្ត សូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់

59 ទូលបង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ

60 ទូលបង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយ គឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់

61 ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូលបង្គំ​ជុំវិញ តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

62 នៅ​កណ្តាល​អធ្រាត្រ ទូលបង្គំ​នឹង​ក្រោក​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

63 ទូលបង្គំ​ជា​មិត្រ‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ

64 ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ សេចក្ដី​សប្បុរស​របស់​ទ្រង់ សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង។

65 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

66 សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ

67 កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ

68 ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ

69 ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត

70 ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់ តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ

71 ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់

72 ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់ ទាំង​ពាន់​ផង។

73 ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

74 ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

75 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ហើយ​ថា អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ

76 ទូលបង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរស របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូលបង្គំ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ

77 សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូលបង្គំ ដើម្បី​ឲ្យទូលបង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅ ដ្បិត​ទូលបង្គំ​យក​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន

78 សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

79 សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ បាន​បែរ​មក​ឯ​ទូលបង្គំ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង

80 សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។

81 ៙ ព្រលឹង​នៃ​ទូលបង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បាន សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទូលបង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

82 ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ ដោះ​ទុក្ខ​ទូលបង្គំ​ទៅ

83 ដ្បិត​ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ

84 តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅ តើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោស ដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ

85 ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូលបង្គំ ជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់

86 អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ ឯ​គេៗ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូលបង្គំ​ផង

87 គេ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ប៉ុន្តែទូលបង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ

88 សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90 សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91 ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តាម​ច្បាប់​ទ្រង់ ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92 បើ​ទូលបង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយ របស់​ទូលបង្គំ​ហើយ

93 ទូលបង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94 ទូលបង្គំ​ជា​របស់​ផង​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

95 ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​វិនាស តែ​ទូលបង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់

96 ទូលបង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយ តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97 ៙ ឱ​ទូលបង្គំ​ស្រឡាញ់​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រិត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

98 សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូលបង្គំ​ជា​ដរាប

99 ទូលបង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូលបង្គំ

100 ទូលបង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗ ពី​ព្រោះ​ទូលបង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

101 ទូលបង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

102 ទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ទូលបង្គំ

103 ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត

104 ទូលបង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។

105 ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់ទូលបង្គំ​ផង

106 ទូលបង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់

107 ទូលបង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

108 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួល ដង្វាយ​នៃ​មាត់​ទូលបង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូលបង្គំ​ផង

109 ជីវិត​នៃ​ទូលបង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

110 ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

111 ទូលបង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​មរដក​នៅ​ជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​រីក‌រាយ

112 ទូលបង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់ នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។

113 ៙ ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២ តែ​ទូលបង្គំ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ

114 ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

115 នែ អ្នក​រាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ពី​អញ​ចេញ ដើម្បី​ឲ្យ​អញ​បាន​រក្សា​សេចក្ដី​បង្គាប់​របស់​ព្រះ​នៃ​អញ

116 សូម​ទប់‌ទល់​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូលបង្គំ​ឡើយ

117 សូម​ទ្រង់​ធ្វើ​ជា​បង្អែក​នៃ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​សេចក្ដី​សុខ នោះ​ទូលបង្គំ​នឹង​គោរព​រាប់‌អាន​ចំពោះ​បញ្ញត្ត​ទ្រង់​ជានិច្ច

118 ទ្រង់​បាន​លើក​ថ្លឹង​នូវ​អស់​អ្នក​ដែល​វង្វេង​ចេញ ពី​បញ្ញត្ត​ទ្រង់ ដ្បិត​សេចក្ដី​ឆ‌បោក​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ

119 ទ្រង់​ធ្វើ​ឲ្យ​ពួក​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដី ដូច​ជា​គេ​ដួស​ពពុះ​ចេញ​ពី​ឆ្នាំង ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់​ដល់​សេចក្ដី​បន្ទាល់ របស់​ទ្រង់

120 រូប​សាច់​ទូលបង្គំ​ញ័រ‌ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់ ទូលបង្គំ​ក៏​ខ្លាច​ចំពោះ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដែរ។

121 ៙ ទូលបង្គំ​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត សូម​កុំ​បោះ‌បង់​ចោល​ទូលបង្គំ ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឡើយ

122 សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ

123 ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹង ចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នឹង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់

124 សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ

125 ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់

126 នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយ ដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ទ្រង់

127 ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាស អើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង

128 ដូច្នេះ ទូលបង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថា ជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការ តែ​ទូលបង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។

129 ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូលបង្គំ​គោរព​កាន់​តាម

130 ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់

131 ទូលបង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំ ដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

132 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តា ដល់​ទូលបង្គំ ដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់

133 សូម​តាំង​ជំហាន​នៃ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាច លើ​ទូលបង្គំ​ឡើយ

134 សូម​លោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន របស់​មនុស្ស នោះ​ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់

135 សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង

136 ទឹក​ភ្នែក​ទូលបង្គំ​ហូរ​រហាម ពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់។

137 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិត ហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់

138 ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើ សេចក្ដី​យុត្តិ‌ធម៌ ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង

139 សេចក្ដី​ឧស្សាហ៍​របស់​ទូលបង្គំ​បាន​ស៊ី​បង្ហិន​ទូលបង្គំ ពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូលបង្គំ គេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់

140 ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធ ជា​ទី​បំផុត​ហើយ ហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់

141 ឯ​ទូលបង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ

142 សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិត ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត

143 សេចក្ដី​ទុក្ខ នឹង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់ លើ​ទូលបង្គំ​ហើយ ទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ​ដែរ

144 សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាប សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ​នឹង​បាន​រស់​នៅ។

145 ៙ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

146 ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

147 ទូលបង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូលបង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

148 ទូលបង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក ដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់

149 សូម​ស្តាប់​សំឡេង​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ មាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់

150 ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ

151 ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរ ហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់

152 តាំង​ពី​យូរ​មក​ហើយ ទូលបង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថា ទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។

153 ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

154 សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូលបង្គំ ហើយ​លោះ​ទូលបង្គំ​ផង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់

155 សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់

156 ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណា ដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លប់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់

157 ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូលបង្គំ គេ​មាន​គ្នា​ច្រើន ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ

158 ទូលបង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ ហើយ​ក៏​ស្អប់​ខ្ពើម​គេ ដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

159 សូម​ទ្រង់​ពិចារណា​ដែល​ទូលបង្គំ​ស្រឡាញ់ ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់

160 បូក​រួម​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា ពិត​ត្រង់​ទាំង​អស់ ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។

161 ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ ប៉ុន្តែចិត្ត​ទូលបង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់

162 ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន

163 ទូលបង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូត តែ​ស្រឡាញ់​ដល់​ក្រិត្យ‌វិន័យ​ទ្រង់​វិញ

164 ទូលបង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដង ដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

165 ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ‌វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ

166 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់ ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

167 ព្រលឹង​ទូលបង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃ‌លែង

168 ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូលបង្គំ​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

169 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូលបង្គំ បាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

170 សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូលបង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

171 សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូលបង្គំ បាន​ពោល ពាក្យ​សរសើរ ដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ

172 សូម​ឲ្យ​អណ្តាត​ទូលបង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​ទាំង​អស់

173 សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូលបង្គំ ព្រោះ​ទូលបង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់

174 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ

175 សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូលបង្គំ​រស់​នៅ នោះ​នឹង បាន​សរសើរ​ដល់​ទ្រង់ ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូលបង្គំ​ផង

176 ទូលបង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់ សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia