ពាក្យជម្រាបសួរ1 ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត។ 2 អ្នកដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមឲ្យអ្នករីកចម្រើនក្នុងការទាំងអស់ ហើយមានសុខភាពល្អ ដូចដែលព្រលឹងរបស់អ្នកបានរីកចម្រើនដែរ។ 3 មានបងប្អូនបានមក ហើយធ្វើបន្ទាល់អំពីការដែលអ្នកស្ថិតនៅក្នុងសេចក្ដីពិត គឺអំពីរបៀបដែលអ្នកកំពុងដើរក្នុងសេចក្ដីពិត ធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់។ 4 ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។ ទទួលអ្នកធ្វើការរបស់ព្រះ5 អ្នកដ៏ជាទីស្រឡាញ់អើយ អ្វីក៏ដោយដែលអ្នកធ្វើសម្រាប់បងប្អូន ជាពិសេសសម្រាប់បងប្អូនដែលមិនស្គាល់ នោះអ្នកកំពុងធ្វើដោយស្មោះត្រង់ហើយ។ 6 ពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅមុខក្រុមជំនុំ។ ប្រសិនបើអ្នកជូនដំណើរពួកគេតាមបែបសមគួរនឹងព្រះ នោះអ្នកនឹងធ្វើបានល្អ 7 ដ្បិតពួកគេបានចេញដំណើរដើម្បីព្រះនាមរបស់ព្រះអង្គ ដោយមិនទទួលអ្វីពីសាសន៍ដទៃឡើយ។ 8 ដូច្នេះ យើងត្រូវតែទទួលមនុស្សបែបនេះ ដើម្បីឲ្យយើងបានជាអ្នករួមការងារសម្រាប់សេចក្ដីពិត។ ឌីអូត្រេពេស និងដេមេទ្រាស9 ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។ 10 ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងលើកយករឿងគាត់ដែលគាត់ធ្វើ គឺគាត់និយាយបរិហារយើងដោយពាក្យអាក្រក់ ហើយមិនស្កប់ចិត្តនឹងទង្វើទាំងនេះ; គាត់មិនគ្រាន់តែមិនទទួលបងប្អូនប៉ុណ្ណោះទេ គឺថែមទាំងហាមឃាត់អ្នកដែលចង់ទទួល រហូតដល់បណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។ 11 អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។ 12 ដេមេទ្រាសត្រូវទាំងអស់គ្នាធ្វើបន្ទាល់ ហើយត្រូវសេចក្ដីពិតផ្ទាល់ធ្វើបន្ទាល់ដែរ; រីឯយើងក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងហើយថា ទីបន្ទាល់របស់យើងគឺពិត។ ពាក្យជម្រាបលា13 ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នក ប៉ុន្តែខ្ញុំមិនចង់សរសេរមកអ្នកដោយទឹកខ្មៅ និងប៉ាកកាទេ។ 14 ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នកភ្លាមៗ ហើយនិយាយគ្នាផ្ទាល់មាត់។ 15 សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ពួកមិត្តសម្លាញ់របស់យើង ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ។ សូមអ្នកជួយសួរសុខទុក្ខមិត្តសម្លាញ់របស់យើងម្នាក់ៗផង៕៚ |