២ យ៉ូហាន 1 - ព្រះគម្ពីរខ្មែរសាកលពាក្យជម្រាបសួរ 1 ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រីដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នាជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ 2 ពីព្រោះសេចក្ដីពិតស្ថិតនៅក្នុងយើង ហើយក៏នឹងនៅជាមួយយើងជារៀងរហូត។ 3 ព្រះគុណ សេចក្ដីមេត្តា និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះបិតា នឹងស្ថិតនៅជាមួយយើង ក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។ សេចក្ដីពិត និងការបោកបញ្ឆោត 4 ខ្ញុំអរសប្បាយខ្លាំងណាស់ ដោយឃើញថាមានអ្នកខ្លះក្នុងចំណោមកូនៗរបស់អ្នកដើរក្នុងសេចក្ដីពិត ស្របតាមសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះបិតា។ 5 លោកស្រីអើយ ឥឡូវនេះ ខ្ញុំសូមអង្វរអ្នក ឲ្យយើងរាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសរសេរមកអ្នក មិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺជាសេចក្ដីបង្គាប់ដែលយើងមានតាំងពីដំបូងមក។ 6 នេះហើយ ជាសេចក្ដីស្រឡាញ់ គឺយើងត្រូវដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ; នេះហើយ ជាសេចក្ដីបង្គាប់ដូចដែលយើងបានឮតាំងពីដំបូងមក គឺយើងត្រូវតែដើរក្នុងសេចក្ដីស្រឡាញ់។ 7 ជាការពិត មានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងពិភពលោកហើយ ពួកគេមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទបានយាងមកជាសាច់ឈាមទេ។ មនុស្សបែបនេះជាអ្នកបោកប្រាស់ និងជាអ្នកប្រឆាំងព្រះគ្រីស្ទ។ 8 ចូរប្រយ័ត្នខ្លួន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងរាល់គ្នាបានធ្វើ គឺឲ្យអ្នករាល់គ្នាទទួលបានរង្វាន់ដ៏ពេញលេញវិញ។ 9 អស់អ្នកដែលទៅហួស ហើយមិនស្ថិតនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ រីឯអ្នកដែលស្ថិតនៅក្នុងសេចក្ដីបង្រៀននេះ អ្នកនោះមានទាំងព្រះបិតា និងព្រះបុត្រា។ 10 ប្រសិនបើអ្នកណាមករកអ្នករាល់គ្នា ប៉ុន្តែមិននាំសេចក្ដីបង្រៀននេះមកទេ នោះកុំទទួលអ្នកនោះមកក្នុងផ្ទះ ហើយក៏កុំជម្រាបសួរអ្នកនោះឡើយ 11 ដ្បិតអ្នកដែលជម្រាបសួរអ្នកនោះ ក៏មានចំណែកក្នុងកិច្ចការអាក្រក់របស់អ្នកនោះដែរ។ ពាក្យជម្រាបលា 12 ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅទេ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់ ដើម្បីឲ្យអំណររបស់យើងត្រូវបានបំពេញ។ 13 កូនៗរបស់បងស្រីអ្នក គឺបងស្រីដែលត្រូវបានជ្រើសតាំង ក៏ផ្ដាំសួរសុខទុក្ខលោកស្រីដែរ៕៚ |