ពាក្យជម្រាបសួរ1 ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។ 2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះ និងអំពីព្រះយេស៊ូវព្រះអម្ចាស់នៃយើង! ការរីកចម្រើនខាងជំនឿ3 ព្រះចេស្ដាខាងព្រះរបស់ព្រះអម្ចាស់យេស៊ូវ បានប្រទានដល់យើងនូវអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពព្រះ តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះអង្គដែលត្រាស់ហៅយើងមកក្នុងសិរីរុងរឿង និងគុណធម៌របស់ព្រះអង្គផ្ទាល់។ 4 តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។ 5 ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវខ្នះខ្នែងអស់ពីចិត្តបន្ថែមគុណធម៌លើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមចំណេះដឹងលើគុណធម៌ 6 បន្ថែមការគ្រប់គ្រងចិត្តលើចំណេះដឹង បន្ថែមការអត់ធ្មត់លើការគ្រប់គ្រងចិត្ត បន្ថែមការគោរពព្រះលើការអត់ធ្មត់ 7 បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។ 8 ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។ 9 ពោលគឺ អ្នកដែលគ្មានសេចក្ដីទាំងនេះជាមនុស្សខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំងភ្លេចអំពីការជម្រះបាបពីមុនរបស់ខ្លួនទៅហើយ។ 10 ដូច្នេះ បងប្អូនអើយ ចូរខំប្រឹងកាន់តែខ្លាំងឡើង ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសតាំងរបស់អ្នករាល់គ្នាបានប្រាកដប្រជា ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នានឹងមិនជំពប់សោះឡើយ 11 ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។ 12 ដោយហេតុនេះ ខ្ញុំបម្រុងនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងនេះជានិច្ច ទោះបីជាអ្នករាល់គ្នាស្គាល់ ព្រមទាំងត្រូវបានពង្រឹងក្នុងសេចក្ដីពិតដែលអ្នករាល់គ្នាមានហើយនោះក៏ដោយ។ 13 ខ្ញុំយល់ឃើញថា ជាការត្រឹមត្រូវដែលខ្ញុំជំរុញទឹកចិត្តអ្នករាល់គ្នាដោយការរំលឹក ដរាបណាខ្ញុំនៅក្នុងរោងនេះ 14 ដ្បិតខ្ញុំដឹងហើយថា ខ្ញុំត្រូវដោះរោងរបស់ខ្ញុំនេះចេញក្នុងពេលឆាប់ៗ ដូចដែលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងបានបញ្ជាក់ដល់ខ្ញុំ។ 15 ខ្ញុំក៏នឹងខំប្រឹងដែរ ដើម្បីធ្វើឲ្យអ្នករាល់គ្នាបាននឹកឃើញសេចក្ដីទាំងនេះជានិច្ច ក្រោយពីការចាកចេញរបស់ខ្ញុំ។ ពាក្យព្យាករដ៏គួរឲ្យទុកចិត្ត16 ជាការពិត យើងមិនបានតាមទេវកថាដែលប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ កាលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីព្រះចេស្ដា និងការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ផ្ទុយទៅវិញ យើងជាសាក្សីផ្ទាល់ភ្នែកនៃអានុភាពរបស់ព្រះអង្គ។ 17 នៅពេលព្រះអង្គបានទទួលកិត្តិយស និងសិរីរុងរឿងពីព្រះដែលជាព្រះបិតា មានសំឡេងមួយពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកដល់ព្រះអង្គដូច្នេះថា: “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”។ 18 យើងបានឮសំឡេងនេះដែលមកពីលើមេឃ កាលយើងនៅលើភ្នំវិសុទ្ធជាមួយព្រះអង្គ 19 ហើយយើងមានពាក្យរបស់ព្យាការីដែលប្រាកដប្រជាជាងនេះទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពាក្យនោះ ដូចជាយកចិត្តទុកដាក់នឹងចង្កៀងដែលបញ្ចេញពន្លឺក្នុងកន្លែងងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹកលេចឡើងក្នុងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាធ្វើបានល្អហើយ។ 20 អ្នករាល់គ្នាត្រូវដឹងការនេះជាមុនសិនថា គ្រប់ទាំងពាក្យព្យាករក្នុងព្រះគម្ពីរ មិនមែនមកពីការបកស្រាយផ្ទាល់ខ្លួនរបស់មនុស្សទេ 21 ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕ |