ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ កូរិន‌ថូស 10 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ កូរិន‌ថូស 10

ដាស់តឿនដោយលើកអំពីអតីតកាល

1 បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ដូនតា​របស់យើង​សុទ្ធតែ​នៅ​ក្រោម​ពពក ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​ដើរឆ្លងកាត់​សមុទ្រ

2 ព្រមទាំង​បាន​ទទួលពិធីជ្រមុជទឹក​ទាំងអស់គ្នា​ដោយនូវ​ម៉ូសេ ក្នុង​ពពក និង​សមុទ្រ​។

3 ពួកគាត់​ទាំងអស់គ្នា​បាន​ហូប​អាហារ​ខាងវិញ្ញាណ​ដូចគ្នា

4 ហើយ​បាន​ផឹក​គ្រឿងផឹក​ខាងវិញ្ញាណ​ដូចគ្នា ដ្បិត​ពួកគាត់​បាន​ផឹក​ពី​ថ្មដា​ខាងវិញ្ញាណ​ដែល​មកតាម​ពួកគាត់ ហើយ​ថ្មដា​នោះ​គឺ​ព្រះ​គ្រីស្ទ​។

5 ប៉ុន្តែ​ព្រះ​មិន​បាន​សព្វព្រះហឫទ័យ​នឹង​មនុស្ស​ភាគច្រើន​ក្នុង​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ក៏​ដួលស្លាប់​នៅ​ទីរហោស្ថាន​។

6 ការទាំងនេះ​បាន​កើតឡើង​ជា​មេរៀន​ដល់​យើង ដើម្បីកុំឲ្យ​យើង​ទៅជា​មនុស្សមានតណ្ហា​អាក្រក់ ដូចដែល​ពួកគាត់​មានតណ្ហា​ឡើយ​។

7 កុំឲ្យ​អ្នករាល់គ្នា​ទៅជា​មនុស្សថ្វាយបង្គំរូបបដិមាករ ដូច​អ្នកខ្លះ​ក្នុង​ពួកគាត់​ឡើយ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ប្រជាជន​បាន​អង្គុយ​ស៊ីផឹក រួច​ក្រោកឡើង​លេងសប្បាយ”​។

8 កុំឲ្យ​យើង​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ប្រព្រឹត្ត​ឡើយ ជាលទ្ធផល មាន​មនុស្ស​ពីរម៉ឺនបីពាន់​នាក់​ដួលស្លាប់ ក្នុង​មួយ​ថ្ងៃ​។

9 កុំឲ្យ​យើង​ល្បងល​ព្រះ​គ្រីស្ទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ល្បងល​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​សត្វពស់​បំផ្លាញជីវិត​។

10 កុំឲ្យ​យើង​រអ៊ូរទាំ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​រអ៊ូរទាំ​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​មេបំផ្លាញ​សម្លាប់​។

11 ការទាំងនេះ​បាន​កើតឡើង​ដល់​ពួកគាត់​ដើម្បីជា​មេរៀន ព្រមទាំង​មាន​សរសេរ​ទុកមក​ដើម្បី​ជា​សេចក្ដីទូន្មាន​ដល់​យើង​ដែល​ប្រឈមមុខ​នឹង​ទីបញ្ចប់​នៃ​ពិភពលោក​។

12 ដូច្នេះ ចូរឲ្យ​អ្នក​ដែល​គិតថា​ខ្លួនឯង​ឈរមាំ ប្រុងប្រយ័ត្ន​កុំឲ្យ​ដួល​ឡើយ​។

13 គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។

ដាស់តឿនអំពីការថ្វាយបង្គំរូបបដិមាករ

14 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​គេចឲ្យផុត​ពី​ការថ្វាយបង្គំរូបបដិមាករ​។

15 ខ្ញុំ​និយាយ​នឹង​អ្នករាល់គ្នា ដូចជា​និយាយ​ទៅកាន់​មនុស្ស​មានប្រាជ្ញា ដូច្នេះ​ចូរ​ពិចារណា​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​ខ្ញុំ​និយាយ​ចុះ​។

16 ពែង​នៃ​ព្រះពរ​ដែល​យើង​អរព្រះគុណ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? នំប៉័ង​ដែល​យើង​កាច់ តើ​មិនមែន​ជា​ការរួមចំណែក​ក្នុង​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​?

17 ដោយព្រោះ​មាន​នំប៉័ង​មួយ យើង​ដែល​មានគ្នាច្រើន​ក៏​ជា​រូបកាយ​មួយ ដ្បិត​យើង​ទាំងអស់គ្នា​ទទួលចំណែក​ពី​នំប៉័ង​មួយ​។

18 ចូរ​មើល​ជនជាតិអ៊ីស្រាអែល​ខាងសាច់ឈាម​មើល៍ តើ​អ្នក​ដែល​ហូប​យញ្ញបូជា មិនមែន​ជា​អ្នកមានចំណែក​ពី​អាសនា​ទេ​ឬ​?

19 ដូច្នេះ តើ​ខ្ញុំ​ចង់​និយាយ​អ្វី​? ចង់​និយាយ​ថា​អាហារដែលសែនដល់រូបបដិមាករ​មាន​អ្វី​សំខាន់​ឬ​? ឬមួយក៏​ចង់​និយាយ​ថា​រូបបដិមាករ​មាន​អ្វី​សំខាន់​?

20 ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយ​ថា អ្វីដែល​គេ​ថ្វាយជាយញ្ញបូជា​នោះ គេ​ថ្វាយ​ដល់​អារក្ស មិនមែន​ដល់​ព្រះ​ទេ ហើយ​ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ជាមួយ​ពួក​អារក្ស​ឡើយ​។

21 អ្នករាល់គ្នា​មិនអាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង ផឹក​ពី​ពែង​របស់​អារក្ស​ផង​បានទេ ហើយក៏​មិនអាច​ទទួលចំណែក​ពី​តុ​អាហារ​របស់​ព្រះអម្ចាស់​ផង ទទួលចំណែក​ពី​តុ​អាហារ​របស់​អារក្ស​ផង​បាន​ដែរ​។

22 ឬមួយក៏​យើង​ចង់​ធ្វើឲ្យ​ព្រះអម្ចាស់​ច្រណែន​? តើ​យើង​ខ្លាំង​ជាង​ព្រះអង្គ​ឬ​?

សេរីភាពរបស់គ្រីស្ទាន

23 “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​ស្អាងទឹកចិត្ត​ទេ​។

24 កុំឲ្យអ្នកណា​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នកដទៃ​។

25 ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​មាន​លក់​នៅតាម​ផ្សារ​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ

26 ដ្បិត“ផែនដី និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ជា​របស់​ព្រះអម្ចាស់”។

27 ប្រសិនបើ​មាន​អ្នក​មិនជឿ​អញ្ជើញ​អ្នករាល់គ្នា​ទៅហូបអាហារ ហើយ​អ្នករាល់គ្នា​ព្រម​ទៅ ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ​។

28 ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នេះ​ជា​អាហារដែលសែនដល់រូបបដិមាករ” នោះ​កុំ​ហូប​ឡើយ ដោយយល់ដល់​អ្នក​ដែល​ប្រាប់​នោះ និង​ដោយយល់ដល់​សតិសម្បជញ្ញៈ​។

29 ខ្ញុំ​និយាយ​នេះ មិនមែន​សំដៅលើ​សតិសម្បជញ្ញៈ​របស់​ខ្លួនអ្នក​ទេ គឺ​សតិសម្បជញ្ញៈ​របស់​អ្នកនោះ​វិញ ដ្បិត​ហេតុអ្វីបានជា​សេរីភាព​របស់ខ្ញុំ​ត្រូវ​សតិសម្បជញ្ញៈ​របស់​អ្នកដទៃ​វិនិច្ឆ័យ​?

30 ប្រសិនបើ​ខ្ញុំ​ទទួល​ដោយ​អរព្រះគុណ ហេតុអ្វីបានជា​ខ្ញុំ​ត្រូវគេ​មួលបង្កាច់​អំពី​អ្វីដែល​ខ្ញុំ​អរព្រះគុណ​ហើយនោះ​?

31 ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។

32 កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ

33 ដូចដែល​ខ្ញុំ​បំពេញចិត្ត​មនុស្ស​ទាំងអស់​ក្នុង​គ្រប់ការទាំងអស់​ដែរ ដោយ​មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បីឲ្យ​ពួកគេ​បាន​សង្គ្រោះ​។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative