Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ កូរិន‌ថូស 9 - ព្រះគម្ពីរខ្មែរសាកល


គំរូរបស់ប៉ូលក្នុងនាមជាសាវ័ក

1 តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ​? តើ​ខ្ញុំ​មិនមែន​ជា​សាវ័ក​ទេ​ឬ​? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិនមែន​ជា​ស្នាដៃ​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​?

2 ថ្វីត្បិតតែ​ខ្ញុំ​មិនមែន​ជា​សាវ័ក​សម្រាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ ខ្ញុំ​ជា​សាវ័ក​សម្រាប់​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​ត្រា​នៃ​មុខងារជាសាវ័ក​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​។

3 នេះ​ជា​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ដល់​ពួក​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​:

4 តើ​យើង​គ្មាន​សិទ្ធិ​ហូប និង​ផឹក​ទេ​ឬ​?

5 តើ​យើង​គ្មាន​សិទ្ធិ​ធ្វើដំណើរជាមួយ​ប្រពន្ធ​ដែលជាអ្នកជឿ ដូច​សាវ័ក​ឯទៀត ដូច​ប្អូន​ៗ​របស់​ព្រះអម្ចាស់ និង​ដូច​កេផាស​ទេ​ឬ​?

6 ឬមួយក៏​មាន​តែ​ខ្ញុំ និង​បារណាបាស​ប៉ុណ្ណោះ​ឬ ដែល​គ្មាន​សិទ្ធិ​ឈប់​ធ្វើការ​?

7 តើ​ដែលមាន​អ្នកណា​ធ្វើជាទាហាន​ដោយ​ចំណាយថវិកា​ផ្ទាល់ខ្លួន​ឬ​? តើ​មាន​អ្នកណា​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​មិន​ហូប​ផ្លែ​វា​? តើ​មាន​អ្នកណា​ឃ្វាល​ហ្វូង​ចៀម ហើយ​មិន​ផឹក​ទឹកដោះ​ពី​ហ្វូង​នោះ​?

8 តើ​ខ្ញុំ​កំពុង​និយាយ​សេចក្ដីទាំងនេះ​តាមរបៀប​មនុស្ស​ឬ​? តើ​ក្រឹត្យវិន័យ​ក៏​មិន​បាន​ចែង​សេចក្ដីទាំងនេះ​ដែរ​ទេ​ឬ​?

9 ដ្បិត​នៅក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ មាន​សរសេរ​ទុកមក​ថា​:“កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” តើ​ព្រះ​ខ្វល់​ព្រះហឫទ័យ​រឿង​គោ​ឬ​?

10 ឬមួយក៏​ព្រះអង្គ​មានបន្ទូល​ដូច្នេះ តាមពិត​សម្រាប់​យើង​? មែនហើយ មាន​សរសេរ​ទុកមក​ដូច្នេះ គឺ​សម្រាប់​យើង​ទេតើ​! ដ្បិត​អ្នក​ភ្ជួរ​គួរតែ​ភ្ជួរ​ដោយ​សង្ឃឹម ហើយ​អ្នក​បោកស្រូវ​ក៏​គួរតែ​បោកស្រូវ​ដោយ​សង្ឃឹម​នឹង​ទទួលចំណែក​ដែរ​។

11 ដោយព្រោះ​យើង​បាន​សាបព្រោះ​គ្រាប់ពូជ​ខាងវិញ្ញាណ​ក្នុងចំណោម​អ្នករាល់គ្នា តើ​ហួសហេតុពេក​ឬ បើ​យើង​ច្រូត​របស់របរខាងលោកីយ៍​ពី​អ្នករាល់គ្នា​?

12 ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។

13 តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​ធ្វើការ​ខាងព្រះវិហារ ហូប​ចំណីអាហារ​ពី​ព្រះវិហារ ហើយ​អ្នក​ដែល​ចាំបម្រើ​នៅ​អាសនា ក៏​ទទួលចំណែក​ពី​អាសនា​ដែរ​?

14 ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។

15 ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​ឡើយ​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​គេ​ប្រព្រឹត្ត​ដូច្នោះ​ដល់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​សុខចិត្ត​ស្លាប់​វិញ ប្រសើរ​ជាង​មាន​អ្នកណា​ម្នាក់​ដកយក​មោទនភាព​របស់ខ្ញុំ​។

16 ជាការពិត ប្រសិនបើ​ខ្ញុំ​ផ្សាយដំណឹងល្អ នោះ​មិនមែន​ជា​មោទនភាព​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ការផ្សាយដំណឹងល្អ​ជា​កាតព្វកិច្ច​ដែល​ត្រូវបាន​ផ្ទុក​លើ​ខ្ញុំ​។ វេទនា​ដល់​ខ្ញុំ​ហើយ ប្រសិនបើ​ខ្ញុំ​មិន​ផ្សាយដំណឹងល្អ​!

17 ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការនោះ​ដោយ​ស្ម័គ្រចិត្ត នោះ​ខ្ញុំ​ក៏​ទទួល​រង្វាន់ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនស្ម័គ្រចិត្ត ក៏​វា​នៅតែ​ជា​តួនាទី​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ខ្ញុំ​។

18 ចុះ​រង្វាន់​របស់ខ្ញុំ​ជា​អ្វី​? រង្វាន់​របស់ខ្ញុំ​គឺ ការ​ដែល​ខ្ញុំ​ជូន​ដំណឹងល្អ​ដោយ​ឥតគិតថ្លៃ​កាលណា​ខ្ញុំ​ផ្សព្វផ្សាយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ​ក្នុង​ដំណឹងល្អ​ឡើយ​។

19 ខ្ញុំ​មាន​សេរីភាព​មិនជាប់ចំណង​អ្នកណា​មែន ប៉ុន្តែ​ខ្លួនខ្ញុំផ្ទាល់​បាន​ធ្វើជាទាសករ​ដល់​មនុស្ស​ទាំងអស់ ដើម្បី​ឈ្នះបាន​គេ​មកវិញ​កាន់តែច្រើន​។

20 ចំពោះ​ជនជាតិយូដា ខ្ញុំ​ត្រឡប់​ដូចជា​ជនជាតិយូដា ដើម្បី​ឈ្នះបាន​ជនជាតិយូដា​មកវិញ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ទោះបីជា​ខ្លួនខ្ញុំ​មិន​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​ក៏ដោយ ក៏​ខ្ញុំ​ត្រឡប់​ដូចជា​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​ស្ថិតនៅ​ក្រោម​ក្រឹត្យវិន័យ​មកវិញ​;

21 ចំពោះ​អ្នក​ដែល​គ្មានក្រឹត្យវិន័យ ខ្ញុំ​ត្រឡប់​ដូចជា​គ្មានក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​គ្មានក្រឹត្យវិន័យ​មកវិញ​——​តាមពិត ខ្ញុំ​មិនមែន​គ្មានក្រឹត្យវិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​ស្ថិតនៅក្រោមក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ​វិញ​។

22 ចំពោះ​អ្នក​ខ្សោយ ខ្ញុំ​ត្រឡប់ជា​អ្នក​ខ្សោយ ដើម្បី​ឈ្នះបាន​អ្នក​ខ្សោយ​មកវិញ​។ ចំពោះ​មនុស្ស​គ្រប់ប្រភេទ ខ្ញុំ​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំងអស់ ដើម្បី​ឲ្យបាន​សង្គ្រោះ​អ្នកខ្លះ​។

23 ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​ដំណឹងល្អ ដើម្បី​បាន​រួមចំណែក​ក្នុង​ដំណឹងល្អ​។

24 តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។

25 អស់អ្នក​ដែល​ប្រកួតកីឡា គ្រប់គ្រងចិត្ត​ក្នុង​រឿង​គ្រប់ជំពូក​; យ៉ាងណាមិញ គេ​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលរមែងតែងតែសាបសូន្យ រីឯ​យើង​វិញ យើង​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលមិនចេះសាបសូន្យ​។

26 ដូច្នេះ ខ្ញុំ​រត់​យ៉ាងដូច្នោះ​ដែរ គឺ​មិនមែន​រត់​ដូចជា​គ្មានគោលដៅ​ទេ​; ខ្ញុំ​ប្រដាល់​យ៉ាងដូច្នោះ​ដែរ គឺ​មិនមែន​ដូចជា​ដាល់​ខ្យល់​ទេ​;

27 ផ្ទុយទៅវិញ ខ្ញុំ​វាយប្រដៅ​រូបកាយ​របស់ខ្ញុំ ហើយ​បង្ខំឲ្យចុះចូល ក្រែងលោ​ក្រោយពី​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ដល់​អ្នកដទៃ​ហើយ ខ្លួនខ្ញុំ​ត្រូវបាន​ដកសិទ្ធិ​ទៅវិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម