ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 35 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 35

អ្នកដែលត្រូវបានប្រោសលោះត្រឡប់មកស៊ីយ៉ូនវិញ

1 ទីរហោស្ថាន និង​ទីហួតហែង​នឹង​រីករាយ វាលខ្សាច់​នឹង​ត្រេកអរ ហើយ​ចេញផ្កា​ដូចជា​ផ្កាកំភ្លឹង

2 គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។

3 ចូរ​ធ្វើឲ្យ​ដៃ​ដែល​ខ្សោយ​មានកម្លាំងឡើង ហើយ​ធ្វើឲ្យ​ជង្គង់​ដែល​ទន់​មាំមួនឡើង​!

4 ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។

5 ពេលនោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​ត្រូវបាន​បើក ត្រចៀក​របស់​មនុស្ស​ថ្លង់​ក៏​នឹង​ត្រូវបាន​បើក​ដែរ​។

6 ពេលនោះ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀងដោយអំណរ​។ ដ្បិត​នឹង​មាន​ទឹក​ផុសចេញ​នៅ​ទីរហោស្ថាន នឹង​មាន​ជ្រោះទឹក​នៅ​វាលខ្សាច់​។

7 ដីក្ដៅខ្លោច​នឹង​ត្រឡប់ជា​ស្រះ ដីហួតហែង​នឹង​ត្រឡប់ជា​ប្រភពទឹក​; នៅក្នុង​លំនៅ​របស់​ឆ្កែព្រៃ ជា​កន្លែងដែល​វា​ដេក ស្មៅក្រៀម​នឹង​ត្រឡប់ជា​ដើមបបុស និង​ដើមកក់​។

8 នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។

9 គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។

10 រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative