សេចក្ដីសង្គ្រោះ និងការជំនុំជម្រះនៅថ្ងៃនោះ1 ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។ 2 ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ក៏ធ្វើឲ្យទីក្រុងដ៏រឹងមាំទៅជាទីបាក់បែក; បន្ទាយរបស់សាសន៍ដទៃលែងជាទីក្រុងទៀត វានឹងមិនត្រូវបានសង់ឡើងវិញឡើយ គឺជារៀងរហូត។ 3 ដោយហេតុនេះ ជាតិសាសន៍ដ៏ខ្លាំងពូកែនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ ទីក្រុងរបស់បណ្ដាប្រជាជាតិដ៏កាចសាហាវនឹងកោតខ្លាចព្រះអង្គ។ 4 ជាការពិត ព្រះអង្គបានជាបន្ទាយដល់អ្នកក្រខ្សត់ ជាបន្ទាយដល់មនុស្សខ្វះខាតក្នុងទុក្ខវេទនារបស់គេ ជាជម្រកពីព្យុះ ជាម្លប់ពីកម្ដៅ ដ្បិតដង្ហើមរបស់មនុស្សកាចសាហាវ ដូចជាព្យុះបក់បោកជញ្ជាំង។ 5 ដូចដែលកម្ដៅនៅកន្លែងហួតហែងជាយ៉ាងណា ព្រះអង្គក៏បន្ទាបសូរគឹកកងរបស់សាសន៍ដទៃយ៉ាងនោះដែរ ដូចដែលកម្ដៅនៅក្រោមម្លប់ពពកជាយ៉ាងណា ព្រះអង្គក៏បញ្ឈប់ចម្រៀងរបស់មនុស្សកាចសាហាវយ៉ាងនោះដែរ។ 6 នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។ 7 នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។ 8 ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។ 9 នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។ 10 ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ានឹងស្ថិតនៅលើភ្នំនេះ រីឯម៉ូអាប់នឹងត្រូវគេជាន់ឈ្លីនៅកន្លែងរបស់ខ្លួន ដូចចំបើងដែលត្រូវគេជាន់ឈ្លីក្នុងទឹកពីគំនរលាមក 11 ហើយពួកគេនឹងលាតដៃរបស់ខ្លួននៅកណ្ដាលចំណោមពួកគេ ដូចជាអ្នកហែលទឹកដែលលាតដៃហែលទឹក ប៉ុន្តែព្រះអង្គនឹងបន្ទាបអំនួតរបស់ពួកគេ ជាមួយនឹងឧបាយកលនៃដៃរបស់ពួកគេ។ 12 ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕ |