ចូរស៊ូទ្រាំ1 ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង 2 ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។ ការប្រៀនប្រដៅក្នុងនាមជាឪពុក3 តាមពិត អ្នករាល់គ្នាត្រូវសញ្ជឹងគិតអំពីព្រះអង្គដែលស៊ូទ្រាំនឹងការទាស់ទែងដល់ម្ល៉េះពីមនុស្សបាបដែលទាស់នឹងអង្គទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយហត់ និងអស់កម្លាំងក្នុងចិត្តឡើយ។ 4 អ្នករាល់គ្នាមិនទាន់តយុទ្ធប្រឆាំងនឹងបាប រហូតដល់ហូរឈាមនៅឡើយទេ។ 5 តើអ្នករាល់គ្នាភ្លេចហើយឬ ពាក្យលើកទឹកចិត្តដែលទូន្មានដល់អ្នករាល់គ្នា ដូចទូន្មានកូន? ដែលថា: “កូនរបស់ខ្ញុំអើយ កុំមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏កុំធ្លាក់ទឹកចិត្តនៅពេលត្រូវព្រះអង្គស្ដីបន្ទោសដែរ។ 6 ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ព្រះអង្គវាយប្រដៅអស់ទាំងកូនដែលព្រះអង្គទទួលយក”។ 7 អ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការប្រៀនប្រដៅ ដ្បិតព្រះកំពុងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះកូន។ តើមានកូនឯណាដែលឪពុកមិនប្រៀនប្រដៅ? 8 ប្រសិនបើអ្នករាល់គ្នាមិនដែលទទួលការប្រៀនប្រដៅដែលមនុស្សគ្រប់គ្នាបានទទួល នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លា ហើយមិនមែនជាកូនពិតទេ។ 9 មួយវិញទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកប្រៀនប្រដៅយើង ហើយយើងនៅតែគោរពគាត់ ចុះព្រះបិតាខាងវិញ្ញាណវិញ តើយើងមិនត្រូវចុះចូលនឹងព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ហើយរស់ទេឬ? 10 ឪពុកខាងសាច់ឈាមប្រៀនប្រដៅយើងតែមួយរយៈប៉ុណ្ណោះ តាមដែលគាត់យល់ឃើញថាល្អ រីឯព្រះបិតាខាងវិញ្ញាណវិញ ព្រះអង្គប្រៀនប្រដៅយើងដើម្បីជាប្រយោជន៍ គឺដើម្បីឲ្យយើងបានទទួលចំណែកក្នុងសេចក្ដីវិសុទ្ធរបស់ព្រះអង្គ។ 11 យ៉ាងណាមិញ ការប្រៀនប្រដៅទាំងអស់ កាលណាយើងទទួលនោះតែងតែមានអារម្មណ៍មិនសប្បាយមែន គឺឈឺចាប់វិញ ប៉ុន្តែក្រោយមក ទើបបង្កើតផលដ៏សុខសាន្តនៃសេចក្ដីសុចរិត ដល់អ្នកដែលត្រូវបានបង្វឹកតាមរបៀបនេះ។ 12 ដោយហេតុនេះ ចូរតម្រង់ដៃដែលរួយ និងជង្គង់ដែលទន់ឲ្យត្រង់ឡើងវិញចុះ! 13 ចូរតម្រង់ផ្លូវសម្រាប់ជើងអ្នករាល់គ្នាដែរ ដើម្បីកុំឲ្យមនុស្សខ្វិនគ្រេចជើងឡើយ គឺឲ្យត្រូវបានប្រោសឲ្យជាវិញ។ ពាក្យដាស់តឿនចំពោះការបដិសេធព្រះគុណ14 ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។ 15 ចូរប្រយ័ត្នប្រយែង កុំឲ្យអ្នកណាខ្វះមិនដល់ព្រះគុណរបស់ព្រះឡើយ ក៏កុំឲ្យឫសនៃជាតិល្វីងណាដុះឡើង ហើយធ្វើទុក្ខគេ ដែលធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ដោយសារតែការនេះ 16 ហើយកុំឲ្យអ្នកណាទៅជាមនុស្សអសីលធម៌ខាងផ្លូវភេទ ឬទៅជាមនុស្សប្រមាថព្រះ ដូចអេសាវដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់អាហារតែមួយពេលនោះឡើយ។ 17 ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក គាត់ចង់ទទួលពរជាមរតក ប៉ុន្តែត្រូវបានបដិសេធវិញ ហើយទោះបីជាគាត់បានស្វែងរកពរនោះទាំងទឹកភ្នែកក៏ដោយ ក៏រកឱកាសកែប្រែចិត្តមិនបានដែរ។ 18 អ្នករាល់គ្នាមិនមែនចូលមកដល់ភ្នំដែលអាចពាល់បាន ដែលមានភ្លើងឆេះ ដែលមានភាពងងឹត ភាពស្រអាប់ ខ្យល់ព្យុះ 19 សំឡេងត្រែ និងព្រះសូរសៀងនៃព្រះបន្ទូលនោះទេ——ពួកអ្នកដែលឮព្រះសូរសៀងនោះ បានសុំកុំឲ្យមានព្រះបន្ទូលដល់ពួកគេទៀត 20 ដ្បិតពួកគេទ្រាំនឹងសេចក្ដីដែលត្រូវបានបង្គាប់មកមិនបានទេ ដែលថា:“សូម្បីតែសត្វព្រៃដែលប៉ះភ្នំនេះ ក៏ត្រូវគប់ដុំថ្មសម្លាប់ដែរ”។ 21 ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចមែន បានជាម៉ូសេនិយាយថា:“ខ្ញុំញ័ររន្ធត់ ដោយភ័យខ្លាចយ៉ាងខ្លាំង”។ 22 ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់ 23 បានមកដល់ក្រុមជំនុំនៃបណ្ដាកូនច្បងដែលត្រូវបានចុះបញ្ជីនៅស្ថានសួគ៌ បានមកដល់ព្រះដែលជាចៅក្រមនៃមនុស្សទាំងអស់ បានមកដល់វិញ្ញាណរបស់បណ្ដាមនុស្សសុចរិតដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ 24 បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។ 25 ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតប្រសិនបើអ្នកទាំងនោះគេចផុតមិនបាន កាលពួកគេបដិសេធអ្នកដែលបានដាស់តឿនពួកគេនៅលើផែនដីទៅហើយ ចុះព្រះអង្គដែលដាស់តឿនយើងពីស្ថានសួគ៌វិញ តើយើងរឹតតែបែរចេញពីព្រះអង្គមិនបានអម្បាលម៉ានទៅទៀត! 26 កាលនោះ ព្រះសូរសៀងព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសន្យាថា:“យើងនឹងធ្វើឲ្យរញ្ជួយម្ដងទៀត មិនគ្រាន់តែផែនដីប៉ុណ្ណោះទេ គឺទាំងផ្ទៃមេឃដែរ”។ 27 ពាក្យ “ម្ដងទៀត” បញ្ជាក់អំពីការរើចេញរបស់អ្វីៗដែលត្រូវបានធ្វើឲ្យរញ្ជួយ នោះគឺអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនចេះរញ្ជួយបាននៅសល់។ 28 ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។ 29 ជាការពិត ព្រះនៃយើងជាភ្លើងដែលឆេះសន្ធោសន្ធៅ៕ |