1 កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ! 2 ចូរកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ ហើយមានជីវិតរស់ចុះ; ចូរកាន់តាមសេចក្ដីបង្រៀនរបស់ខ្ញុំដូចជាប្រស្រីភ្នែករបស់អ្នក។ 3 ចូរចងវាភ្ជាប់នឹងម្រាមដៃអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក 4 ចូរនិយាយនឹងប្រាជ្ញាថា៖ “អ្នកជាបងប្អូនស្រីរបស់ខ្ញុំ” ចូរហៅការយល់ដឹងថាសាច់ញាតិ។ 5 នេះគឺដើម្បីការពារអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង។ រឿងអំពីការល្បួង6 ដ្បិតពីបង្អួចផ្ទះរបស់ខ្ញុំ ខ្ញុំបានអើតមើលតាមចម្រឹង 7 ក៏ឃើញក្នុងចំណោមមនុស្សខ្វះចំណេះដឹង ហើយសង្កេតឃើញក្នុងចំណោមយុវជន មានយុវជនម្នាក់ដែលខ្វះវិចារណញ្ញាណ។ 8 គាត់ឆ្លងកាត់តាមផ្លូវតូចនៅក្បែរកែងផ្លូវរបស់ស្ត្រីនោះ ក៏ដើរតាមផ្លូវទៅផ្ទះរបស់នាង 9 គឺនៅពេលថ្ងៃលិច នៅពេលល្ងាច នៅពាក់កណ្ដាលយប់ងងឹតសូន្យ។ 10 ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា ទាំងមានឧបាយកលក្នុងចិត្ត។ 11 នាងឡូឡា ហើយសេពអបាយមុខ; ជើងរបស់នាងមិនចេះនៅផ្ទះរបស់ខ្លួនឡើយ។ 12 ជួនកាលនាងនៅតាមផ្លូវ ជួនកាលនាងនៅតាមកន្លែងសាធារណៈ ទាំងសម្ងំចាំនៅគ្រប់កែងផ្លូវ។ 13 នាងចាប់កំលោះនោះ ហើយថើបគាត់ ក៏និយាយនឹងគាត់ដោយមុខក្រាស់ថា៖ 14 “មានយញ្ញបូជានៃតង្វាយមេត្រីនៅនឹងខ្ញុំ ថ្ងៃនេះ ខ្ញុំបានលាបំណន់របស់ខ្ញុំហើយ 15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបអ្នក ដើម្បីខំរកមុខអ្នក ឥឡូវនេះ ខ្ញុំរកអ្នកឃើញហើយ។ 16 ខ្ញុំបានក្រាលកម្រាលលើគ្រែខ្ញុំ ជាក្រណាត់ប៉ាក់ធ្វើពីអំបោះផាឌិបអេហ្ស៊ីប; 17 ខ្ញុំបានអប់គ្រែខ្ញុំដោយជ័រល្វីងទេស ក្រឹស្នា និងឈើអែម។ 18 មក៍! ចូរឲ្យយើងបានស្កប់ស្កល់នឹងក្ដីស្នេហ៍រហូតដល់ព្រឹក ចូរឲ្យយើងបានត្រេកត្រអាលជាមួយនឹងស្នេហា 19 ពីព្រោះប្ដីខ្ញុំអត់នៅផ្ទះទេ គាត់បានចេញដំណើរទៅឆ្ងាយហើយ។ 20 គាត់បានយកថង់ប្រាក់ក្នុងដៃ ដល់ថ្ងៃពេញបូណ៌មី ទើបគាត់មកផ្ទះវិញ”។ 21 នាងបានល្បួងកំលោះនោះដោយហេតុផលជាច្រើន នាងអូសទាញគាត់ដោយភាពរលូននៃបបូរមាត់របស់នាង។ 22 គាត់ក៏ទៅតាមនាងភ្លាម ដូចជាគោទៅទីពិឃាត ដូចជាមនុស្សល្ងីល្ងើត្រូវគេដាក់ខ្នោះជើងយកទៅវាយប្រដៅ 23 រហូតដល់ព្រួញទម្លុះថ្លើមខ្លួន—— គាត់ក៏ដូចសត្វស្លាបដែលប្រញាប់ចូលអន្ទាក់ ប៉ុន្តែគាត់មិនដឹងថាការនេះដកយកព្រលឹងរបស់ខ្លួនឡើយ។ 24 ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ! 25 កុំឲ្យចិត្តអ្នកបែរចេញទៅរកផ្លូវរបស់នាងឡើយ ក៏កុំឲ្យវង្វេងទៅតាមគន្លងរបស់នាងដែរ។ 26 ជាការពិត នាងបានធ្វើឲ្យជនរងគ្រោះជាច្រើនដួល ហើយអស់អ្នកដែលត្រូវនាងសម្លាប់ក៏មានច្រើនរាប់មិនអស់ដែរ។ 27 ផ្ទះនាងជាផ្លូវទៅស្ថានមនុស្សស្លាប់ ដែលនាំចុះទៅទីឃុំឃាំងនៃសេចក្ដីស្លាប់៕ |