ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាការី 8 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាការី 8

សេចក្ដីសង្គ្រោះ និងសេចក្ដីសុខសាន្តរបស់យេរូសាឡិម

1 ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​មកដល់​ថា​៖

2 “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​បាន​ប្រច័ណ្ឌ​ស៊ីយ៉ូន​ដោយ​ការប្រច័ណ្ឌ​យ៉ាងខ្លាំង យើង​បាន​ប្រច័ណ្ឌ​នាង​ដោយ​សេចក្ដីក្ដៅក្រហាយ​យ៉ាងខ្លាំង’។

3 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។

4 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘បុរស​ចំណាស់ និង​ស្ត្រី​ចំណាស់​នឹង​អង្គុយ​តាម​កន្លែងសាធារណៈ​ក្នុង​យេរូសាឡិម​ម្ដងទៀត គ្រប់គ្នា​មាន​ឈើច្រត់​នៅ​ដៃ​របស់ខ្លួន ដោយព្រោះ​មាន​អាយុ​ច្រើន​។

5 កន្លែងសាធារណៈ​ក្នុង​ទីក្រុង​នឹង​ពេញ​ដោយ​ក្មេងប្រុស​ក្មេងស្រី ដែល​រត់លេង​ក្នុង​កន្លែងសាធារណៈ​នៃ​ទីក្រុងនោះ’។

6 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ប្រសិនបើ​ការនេះ​អស្ចារ្យ​ក្នុង​ភ្នែក​របស់​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​នៅគ្រានោះ ចុះ​វា​នឹង​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​ដែរ​ឬ​?’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

7 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘មើល៍! យើង​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់យើង​ពី​ស្រុក​ខាងកើត និង​ពី​ស្រុក​ខាងលិច​ដែរ​។

8 យើង​នឹង​នាំ​ពួកគេ​មក នោះ​ពួកគេ​នឹង​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ដោយ​សេចក្ដីពិតត្រង់ និង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌’។

9 “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​នៅ​សព្វថ្ងៃនេះ ពី​មាត់​របស់​ពួក​ព្យាការី​ក្នុង​ថ្ងៃ​ចាក់គ្រឹះ​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដើម្បី​សង់​ព្រះវិហារ​ឡើងវិញ​អើយ ចូរឲ្យ​ដៃ​របស់អ្នករាល់គ្នា​មានកម្លាំងឡើង​!

10 ដ្បិត​មុន​គ្រានោះ គ្មាន​ថ្លៃឈ្នួល​សម្រាប់​មនុស្ស ក៏​គ្មាន​ថ្លៃឈ្នួល​សម្រាប់​សត្វស្រុក​ដែរ ហើយ​គ្មាន​សុវត្ថិភាព​ដល់​អ្នកដែល​ចេញទៅ ឬ​ដល់​អ្នកដែល​ចូលមក​ផង ដោយសារតែ​ពួក​បច្ចាមិត្ត ពីព្រោះ​យើង​បាន​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ទាស់នឹង​គ្នាទៅវិញទៅមក​។

11 ប៉ុន្តែ​ឥឡូវនេះ យើង​នឹង​មិន​ប្រព្រឹត្ត​ដល់​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ ដូច​កាល​ពីមុន​ទៀតឡើយ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

12 ‘មែនហើយ គ្រាប់ពូជ​នឹងត្រូវបានសាបព្រោះ​ក្នុង​សេចក្ដីសុខសាន្ត ដើមទំពាំងបាយជូរ​នឹង​ផ្ដល់​ផលផ្លែ​របស់វា ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា ហើយ​ផ្ទៃមេឃ​នឹង​ផ្ដល់​ទឹកសន្សើម​របស់វា​ដែរ​។ យើង​នឹង​ឲ្យ​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ​ទទួល​ទាំងអស់នេះ​ជាមរតក​។

13 វង្សត្រកូល​យូដា និង​វង្សត្រកូល​អ៊ីស្រាអែល​អើយ ដូចដែល​អ្នករាល់គ្នា​បាន​ទៅជា​ពាក្យប្រដូចផ្ដាសា​នៅកណ្ដាល​ប្រជាជាតិ​នានា​យ៉ាងណា យើង​ក៏​នឹង​សង្គ្រោះ​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​បានជា​ពរ​យ៉ាងនោះដែរ​។ កុំ​ខ្លាច​ឡើយ ចូរឲ្យ​ដៃ​របស់អ្នករាល់គ្នា​មានកម្លាំងឡើង​!’។

14 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ដូចដែល​យើង​បាន​សម្រេចចិត្ត​នាំមហន្តរាយ​មកលើ​អ្នករាល់គ្នា កាល​ដូនតា​របស់អ្នករាល់គ្នា​បាន​ធ្វើឲ្យ​យើង​ខឹង ហើយ​យើង​មិន​បាន​ដូរគំនិត​យ៉ាងណា

15 នៅ​សព្វថ្ងៃនេះ យើង​ក៏​សម្រេចចិត្ត​ម្ដងទៀត នឹង​នាំការល្អ​ដល់​យេរូសាឡិម និង​ដល់​វង្សត្រកូល​យូដា​យ៉ាងនោះដែរ’។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘កុំ​ខ្លាច​ឡើយ​!

16 នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។

17 កុំឲ្យ​អ្នកណា​គិតគូរ​ការអាក្រក់​ក្នុងចិត្ត​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន​ឡើយ ក៏​កុំឲ្យ​ចូលចិត្ត​ការស្បថ​ដោយ​កុហក​ដែរ ដ្បិត​ការទាំងអស់​នេះ​ហើយ ដែល​យើង​ស្អប់’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។

18 ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មកដល់​ខ្ញុំ​ទៀត​ថា​៖

19 “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។

20 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘បណ្ដាជន​នឹង​មក​ម្ដងទៀត គឺ​អ្នកដែល​រស់នៅ​ទីក្រុង​ជាច្រើន

21 ហើយ​អ្នកដែល​រស់នៅ​ទីក្រុង​មួយ​នឹង​ទៅ​ឯ​ទីក្រុង​មួយទៀត និយាយថា​: “យើង​ប្រញាប់​នាំគ្នា​ទៅ​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា ហើយ​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ​!”។

22 មែនហើយ ជាតិសាសន៍​ជាច្រើន និង​បណ្ដា​ប្រជាជាតិ​ដ៏ខ្លាំងពូកែ​នឹង​មក​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នៅ​យេរូសាឡិម ដើម្បី​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា’។

23 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘នៅគ្រានោះ មនុស្ស​ដប់​នាក់​ពី​អស់ទាំង​ភាសា​នៃ​ប្រជាជាតិ​នានា នឹង​ចាប់​ជាយអាវ​របស់​ជនជាតិយូដា​ម្នាក់ ដោយ​ពោលថា​: “សូមឲ្យ​ពួកខ្ញុំ​ទៅ​ជាមួយ​ពួកអ្នក​ផង ពីព្រោះ​ពួកខ្ញុំ​បាន​ឮ​ថា ព្រះ​គង់នៅ​ជាមួយ​ពួកអ្នក​!”’”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative