ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 7

អ៊ីស្រាអែលដែលត្រូវបានបោះត្រា

1 បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។

2 បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ឡើងមក​ពី​ទិសខាងកើត ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ប្រទានឲ្យ​ធ្វើទុក្ខ​ផែនដី និង​សមុទ្រ​នោះ

3 ថា​៖ “កុំ​ធ្វើទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើមឈើ​ឡើយ រហូតទាល់តែ​យើង​បាន​បោះត្រា​លើ​ថ្ងាស​បាវបម្រើ​ទាំងឡាយ​របស់​ព្រះ​នៃយើង​ឲ្យហើយសិន”។

4 ពេលនោះ ខ្ញុំ​បាន​ឮ​ចំនួន​អ្នក​ដែល​ត្រូវបាន​បោះត្រា គឺ​អ្នក​ដែល​ត្រូវបាន​បោះត្រា​ពី​គ្រប់ទាំង​កុលសម្ព័ន្ធ​នៃ​កូនចៅ​អ៊ីស្រាអែល មាន ១៤៤ ០០០ នាក់​:

5 អ្នកដែល​ត្រូវបាន​បោះត្រា​ពី​កុលសម្ព័ន្ធ​យូដា មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​រូបេន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​កាដ មាន ១២ ០០០ នាក់​;

6 ពី​កុលសម្ព័ន្ធ​អេស៊ើរ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ណែបថាលី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ម៉ាណាសេ មាន ១២ ០០០ នាក់​;

7 ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​លេវី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​អ៊ីសាខារ មាន ១២ ០០០ នាក់​;

8 ពី​កុលសម្ព័ន្ធ​សាប់យូឡូន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​យ៉ូសែប មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន ១២ ០០០ នាក់ ដែល​ត្រូវបាន​បោះត្រា​។

ហ្វូងមនុស្សពីគ្រប់ជាតិសាសន៍

9 បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ

10 ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “សេចក្ដីសង្គ្រោះ​មកពី​ព្រះ​នៃយើង​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​កូនចៀម​!”។

11 អស់ទាំង​ទូតសួគ៌​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​ពួក​ចាស់ទុំ និង​ជុំវិញ​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​មុខ​នៅទៀប​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះ

12 ទាំង​ពោលថា​៖ “អាម៉ែន​! សូមឲ្យ​ព្រះពរ សិរីរុងរឿង ព្រះប្រាជ្ញាញាណ ការអរព្រះគុណ កិត្តិយស ព្រះចេស្ដា និង​ឫទ្ធានុភាព មាន​ដល់​ព្រះ​នៃយើង រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន”។

13 ពេលនោះ ម្នាក់​ក្នុង​ពួក​ចាស់ទុំ​សួរ​ខ្ញុំ​ថា​៖ “តើ​ពួក​អ្នក​ដែល​ពាក់​អាវវែង‍ពណ៌ស​ទាំងនេះ​ជា​នរណា ហើយ​មក​ពីណា​?”។

14 ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។

15 ដោយហេតុនេះ ពួកគេ​ស្ថិត​នៅមុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​បម្រើ​ព្រះអង្គ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។ ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ ក៏​នឹង​ពន្លាតរោង​លើ​ពួកគេ​។

16 ពួកគេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត​ឡើយ ហើយ​ព្រះអាទិត្យ ឬ​កម្ដៅ​ណាមួយ ក៏មិន​ធ្វើទុក្ខ​ពួកគេ​ទៀត​ដែរ

17 ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative