ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 4

បល្ល័ង្កនៅស្ថានសួគ៌

1 បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល ហើយ​មើល៍! មាន​ទ្វារ​មួយ​បើកចំហ​នៅ‍លើមេឃ​។ សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ និយាយ​មក​ខ្ញុំ​ថា​៖“ចូរ​ឡើងមក​ទីនេះ​! យើង​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង បន្ទាប់ពីការទាំងនេះ”។

2 ភ្លាមនោះ​ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ហើយ​មើល៍! មាន​បល្ល័ង្ក​មួយ​តាំង​នៅ​លើមេឃ ទាំង​មាន​មួយអង្គ​គង់​លើ​បល្ល័ង្ក​នោះ​។

3 ព្រះអង្គ​ដែល​គង់​នោះ​ មើលទៅ​ស្រដៀងនឹង​ត្បូង​ចាសស្ពើរ និង​ត្បូងឡាំបៀ ហើយ​មាន​ឥន្ទធនូ​នៅជុំវិញ​បល្ល័ង្ក​នោះ មើលទៅ​ស្រដៀងនឹង​ត្បូងមរកត​។

4 នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។

5 មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។

6 នៅមុខ​បល្ល័ង្ក​មានអ្វី​ដូចជា​សមុទ្រ​កែវ​ស្រដៀងនឹង​កែវចរណៃ ហើយ​នៅ​កណ្ដាល​បល្ល័ង្ក និង​ជុំវិញ​បល្ល័ង្ក មាន​សត្វមានជីវិត​បួន​ដែល​មាន​ភ្នែក​ពេញខ្លួន ទាំង​នៅ​ខាងមុខ និង​ខាងក្រោយ​។

7 សត្វមានជីវិត​ទីមួយ​ស្រដៀងនឹង​សិង្ហ សត្វមានជីវិត​ទីពីរ​ស្រដៀងនឹង​កូនគោ សត្វមានជីវិត​ទីបី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វមានជីវិត​ទីបួន​ស្រដៀងនឹង​ឥន្ទ្រី​ដែល​កំពុង​ហើរ។

8 សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”។

9 កាលណា​សត្វមានជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង កិត្តិយស និង​ការអរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ

10 ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​នឹង​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ព្រមទាំង​បោះ​មកុដ​របស់​ខ្លួន​នៅមុខ​បល្ល័ង្ក ហើយ​ពោលថា​៖

11 “ព្រះអម្ចាស់ ជា​ព្រះ​នៃយើងខ្ញុំ​អើយ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង កិត្តិយស និង​ព្រះចេស្ដា ដ្បិត​ព្រះអង្គ​បាន​និម្មិតបង្កើត​របស់​សព្វសារពើ​។ ដោយសារតែ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ របស់សព្វសារពើ​មាននៅ និង​ត្រូវបាន​និម្មិតបង្កើត”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative