ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 2

សំបុត្រដល់ក្រុមជំនុំប្រាំពីរ សំបុត្រដល់ក្រុមជំនុំនៅអេភេសូរ

1 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​អេភេសូរ​ថា​: ‘ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​យាង​នៅ​កណ្ដាលចំណោម​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ មានបន្ទូល​ដូច្នេះ​:

2 យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ការនឿយហត់ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា អ្នក​មិនអាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បានឡើយ​។ អ្នក​បាន​ល្បងល​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​សាវ័ក ប៉ុន្តែ​តាមពិត​មិនមែន​ជា​សាវ័ក ហើយ​ឃើញថា​ពួកគេ​ជា​អ្នក​ភូតភរ​។

3 អ្នក​មាន​ការអត់ធ្មត់ ហើយ​បាន​ទ្រាំទ្រ​ព្រោះតែ​នាម​របស់យើង ក៏​មិន​បាន​នឿយហត់​ឡើយ​។

4 យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់​ដំបូង​របស់អ្នក​ហើយ​។

5 ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ធ្លាក់ចុះ​ពីកន្លែងណា រួច​កែប្រែចិត្ត ព្រមទាំង​ធ្វើ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​នៅ​ដើមដំបូង​វិញ​ចុះ​! បើមិនដូច្នោះទេ យើង​នឹង​មក‍រក​អ្នក​ហើយ​ដកយក​ជើងចង្កៀង​របស់អ្នក​ពី​កន្លែងដើម លុះត្រាតែ​អ្នក​បាន​កែប្រែចិត្ត​។

6 ក៏ប៉ុន្តែ​អ្នក​មាន​ចំណុចល្អមួយ​គឺថា​អ្នក​ស្អប់​ទង្វើ​របស់​ពួកនីកូឡាស ដែល​យើងក៏​ស្អប់​ដែរ​។

7 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។

សំបុត្រដល់ក្រុមជំនុំនៅស្មឺណា

8 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ស្មឺណា​ថា​: ‘ព្រះអង្គ​ដែល​ជា​ដើម និង​ជា​ចុង គឺ​ព្រះអង្គ​ដែល​បាន​សុគត ហើយ​មានព្រះជន្មរស់ឡើងវិញ មានបន្ទូល​ដូច្នេះ​:

9 យើង​ស្គាល់​ទុក្ខវេទនា និង​ភាពក្រីក្រ​របស់អ្នក​ហើយ ប៉ុន្តែ​តាមពិត​អ្នក​ជា​អ្នកមាន​ទេ​។ យើង​ស្គាល់​ពាក្យមួលបង្កាច់​របស់​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា​ហើយ ប៉ុន្តែ​តាមពិត​មិនមែន​ជា​ជនជាតិយូដា គឺ​ជា​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង​វិញ​។

10 កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។

11 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! អ្នក​ដែល​មានជ័យជម្នះ នឹង​មិន​រងទុក្ខ​ពី​សេចក្ដីស្លាប់​ទីពីរ​សោះឡើយ’។

សំបុត្រដល់ក្រុមជំនុំនៅពើកាម៉ុស

12 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​:

13 យើង​ស្គាល់​កន្លែងដែល​អ្នក​រស់នៅ ជា​កន្លែង​មាន​បល្ល័ង្ក​របស់​សាតាំង​។ ប៉ុន្តែ​អ្នក​កាន់ខ្ជាប់​នូវ​នាម​របស់យើង ហើយ​មិន​បាន​បដិសេធ​ជំនឿ​លើ​យើង​ឡើយ សូម្បីតែ​នៅ​គ្រា​របស់​អាន់ទីប៉ាស​សាក្សី​ស្មោះត្រង់​របស់យើង ដែល​ត្រូវគេ​សម្លាប់​ក្នុងចំណោម​អ្នករាល់គ្នា ជា​កន្លែងដែល​សាតាំង​រស់នៅ​។

14 យ៉ាងណាមិញ យើង​មាន​រឿង​ខ្លះ​ប្រកាន់នឹង​អ្នក គឺថា​នៅ​ទីនោះ អ្នក​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​បាឡាម​ដែល​បង្រៀន​បាឡាក ឲ្យ​ដាក់​ហេតុបណ្ដាលឲ្យជំពប់ដួល​នៅមុខ​កូនចៅ​អ៊ីស្រាអែល គឺ​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ និង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​។

15 ដូចគ្នាដែរ អ្នក​ក៏​មាន​ពួក​កាន់តាម​សេចក្ដីបង្រៀន​របស់​ពួកនីកូឡាស​។

16 ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។

17 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ’។

សំបុត្រដល់ក្រុមជំនុំនៅធាទេរ៉ា

18 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:

19 យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ស្គាល់​សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា​កិច្ចការ​ក្រោយៗ​របស់អ្នក ប្រសើរជាង​កិច្ចការ​ដំបូង​ទៅទៀត​។

20 យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។

21 យើង​បាន​ទុក​ពេល​ឲ្យ​នាង​កែប្រែចិត្ត ប៉ុន្តែ​នាង​មិន​ព្រម​កែប្រែចិត្ត​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ឡើយ។

22 មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​អ្នកជំងឺ​ព្រមទាំង​បោះ​ពួក​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង លុះត្រាតែ​ពួកគេ​បាន​កែប្រែចិត្ត​ពី​អំពើ​របស់​នាង​។

23 យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។

24 រីឯ​ចំពោះ​អ្នករាល់គ្នា និង​អ្នក‍​ឯទៀត​នៅ​ធាទេរ៉ា ដែល​មិន​បាន​ទទួលយក​សេចក្ដីបង្រៀន​នេះ ហើយ​មិន​បាន​ស្គាល់​សេចក្ដី​ដែល​គេ​ហៅថា “ជម្រៅ​របស់​សាតាំង” យើង​នឹង​ប្រាប់ថា យើង​នឹង​មិន​ដាក់​បន្ទុក​ផ្សេងទៀត​លើ​អ្នករាល់គ្នា​ឡើយ

25 គ្រាន់តែ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នករាល់គ្នា​មាន រហូតដល់​យើង​មកវិញ​ចុះ​។

26 ចំពោះ​អ្នក​ដែល​មានជ័យជម្នះ និង​អ្នក​ដែល​កាន់តាម​កិច្ចការ​របស់យើង​រហូតដល់​ទីបញ្ចប់ យើង​នឹង​ឲ្យ​សិទ្ធិអំណាច​លើ​ប្រជាជាតិ​ទាំងឡាយ​ដល់​អ្នកនោះ​——

27 អ្នកនោះ​នឹង​គ្រប់គ្រង ​ប្រជាជាតិទាំងឡាយ​ដោយ​ដំបង​ដែក ដូចដែល​គេ​វាយកម្ទេច​ភាជនៈ​ដី ——

28 គឺ​ដូចដែល​យើង​បាន​ទទួល​ពី​ព្រះ​បិតា​របស់យើង​ដែរ​។ យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នកនោះ​ដែរ​។

29 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative