ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


វិវរណៈ 14 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
វិវរណៈ 14

កូនចៀម និងអ្នកដើរតាម

1 បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។

2 រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។

3 គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។

4 អ្នកទាំងនោះ​ជា​អ្នកដែល​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​សៅហ្មង​ជាមួយនឹង​ស្ត្រី​ទេ ដ្បិត​ពួកគេ​ជា​ពួក​ព្រហ្មចារី​។ អ្នកទាំងនោះ​ជា​អ្នក​ដែល​តាម​កូនចៀម ទៅ​ទីណាក៏ដោយដែល​កូនចៀម​ទៅ​។ អ្នកទាំងនោះ​ត្រូវបាន​លោះមកវិញ​ពីចំណោម​មនុស្ស ទុកជា​ផលដំបូង​ថ្វាយ​ព្រះ និង​កូនចៀម​។

5 គ្មាន​សេចក្ដីកុហក​ណា​ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​ពួកគេ​ទេ ពួកគេ​ឥតសៅហ្មងឡើយ​។

សេចក្ដីប្រកាសរបស់ទូតសួគ៌ទាំងបី

6 ក្រោយមក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ហើរ​នៅលើ​អាកាស ទាំង​នាំ​ដំណឹងល្អ​ដ៏អស់កល្បជានិច្ច ដើម្បី​ប្រកាស​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ដល់​គ្រប់ទាំង​ប្រជាជាតិ ពូជសាសន៍ ភាសា និង​ជនជាតិ​។

7 ទូតនោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ចូរ​កោតខ្លាច​ព្រះ ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ ដ្បិត​ពេលវេលា​នៃ​ការជំនុំជម្រះ​របស់​ព្រះអង្គ​មក​ដល់​ហើយ​។ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​ប្រភព​ទឹក​នានា​ចុះ”។

8 មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីពីរ​បាន​តាមមក ពោលថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​ឲ្យ​អស់ទាំង​ប្រជាជាតិ​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ​!”។

9 មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីបី​បាន​តាម​ទូតទាំងពីរ​មក បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប្រសិនបើ​អ្នកណា​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ និង​រូបសំណាក​របស់​វា ហើយ​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ឬ​នៅលើ​ដៃ​របស់​ខ្លួន

10 អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។

11 ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។

12 នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់​របស់​វិសុទ្ធជន​ដែល​រក្សា​សេចក្ដីបង្គាប់​របស់​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ”។

13 ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។

ច្រូតចម្រូតពីផែនដី

14 ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​មើល៍! មាន​ពពក​ស​មួយ ហើយ​អ្នក​ដែល​អង្គុយ​លើ​ពពក​នោះ​ដូចជា​កូនមនុស្ស នៅលើ​ក្បាល​របស់​លោក​មាន​មកុដ​មាស ហើយ​នៅក្នុង​ដៃ​របស់​លោក​មាន​កណ្ដៀវ​ដ៏មុត​។

15 មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា​៖ “សូម​លូក​កណ្ដៀវ​របស់លោក ហើយ​ច្រូត​ទៅ​! ដ្បិត​ដល់​ពេល​ច្រូតកាត់ ហើយ​ចម្រូត​នៃ​ផែនដី​បាន​ទុំ​ហើយ”។

16 ដូច្នេះ អ្នក​ដែល​អង្គុយ​លើ​ពពក​បាន​បោះ​កណ្ដៀវ​របស់​លោក​ទៅលើ​ផែនដី នោះ​ផែនដី​ក៏​ត្រូវបាន​ច្រូតកាត់​។

17 មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ​នៅ​ស្ថានសួគ៌ ទាំង​កាន់​កណ្ដៀវ​ដ៏មុត​ដែរ​។

18 ពេលនោះ មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​អាសនា ជា​ទូត​ដែល​មាន​អំណាច​លើ​ភ្លើង ទូតនោះ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូត​ដែល​មាន​កណ្ដៀវ​ដ៏មុត​នោះ​ថា​៖ “ចូរ​លូក​កណ្ដៀវ​ដ៏មុត​របស់អ្នក ហើយ​ប្រមូល​ចង្កោម​ទំពាំងបាយជូរ​នៃ​ផែនដី​ចុះ​! ដ្បិត​ផ្លែទំពាំងបាយជូរ​បាន​ទុំ​ហើយ”។

19 ដូច្នេះ ទូតសួគ៌​នោះ​ក៏​លូក​កណ្ដៀវ​ទៅលើ​ផែនដី ហើយ​ប្រមូល​ទំពាំងបាយជូរ​នៃ​ផែនដី រួច​បោះទៅ​ក្នុង​ទីបញ្ជាន់ផ្លែ​ដ៏ធំ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​។

20 ទីបញ្ជាន់ផ្លែ​នោះ​ត្រូវបាន​ជាន់​នៅ​ខាងក្រៅ​ទីក្រុង ក៏​មាន​ឈាម​ហូរចេញមក​ពី​ទីបញ្ជាន់ផ្លែ​នោះ ឡើងដល់ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយគីឡូម៉ែត្រ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative