សត្វតិរច្ឆានចេញមកពីសមុទ្រ1 បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយឡើងមកពីសមុទ្រ។ វាមានស្នែងដប់ និងក្បាលប្រាំពីរ មានមកុដរាជ្យដប់នៅលើស្នែងរបស់វា ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះ។ 2 សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។ 3 ក្បាលមួយក្នុងក្បាលទាំងប្រាំពីររបស់សត្វនោះ ហាក់ដូចជាត្រូវរបួសដល់ស្លាប់ ប៉ុន្តែរបួសមរណៈរបស់វាបានជាសះស្បើយវិញ។ ផែនដីទាំងមូលក៏ស្ងើច ហើយទៅតាមសត្វតិរច្ឆាននោះ។ 4 ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។ 5 មានមាត់មួយដែលពោលពាក្យព្រហើន និងពាក្យប្រមាថព្រះ ប្រទានដល់សត្វតិរច្ឆាននោះ ហើយមានសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ ប្រទានដល់វាដែរ។ 6 វាក៏ហាមាត់និយាយប្រមាថទាស់នឹងព្រះ ហើយនិយាយប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ គឺបណ្ដាអ្នកដែលស្ថិតនៅលើមេឃ។ 7 វាត្រូវបានប្រទានឲ្យធ្វើសង្គ្រាមទាស់នឹងវិសុទ្ធជន ហើយឈ្នះពួកគេ ថែមទាំងមានសិទ្ធិអំណាចលើគ្រប់ទាំងពូជសាសន៍ ជនជាតិ ភាសា និងប្រជាជាតិ ប្រទានដល់វាផង។ 8 រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។ 9 បើអ្នកណាមានត្រចៀក ចូរស្ដាប់ចុះ! 10 បើមានតម្រូវឲ្យអ្នកណាជាប់ជាឈ្លើយសឹក អ្នកនោះនឹងជាប់ជាឈ្លើយសឹក; បើមានតម្រូវឲ្យអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវគេសម្លាប់ដោយដាវ។ នេះហើយ ជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់វិសុទ្ធជន។ សត្វតិរច្ឆានចេញមកពីផែនដី11 បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតឡើងមកពីផែនដី។ វាមានស្នែងពីរស្រដៀងនឹងស្នែងកូនចៀម ហើយវានិយាយដូចនាគ។ 12 វាប្រើអំណាចទាំងអស់របស់សត្វតិរច្ឆានទីមួយនៅមុខសត្វតិរច្ឆានទីមួយ ហើយវាធ្វើឲ្យផែនដី និងអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វតិរច្ឆានទីមួយដែលជាសះស្បើយពីរបួសមរណៈរបស់វា។ 13 វាធ្វើទីសម្គាល់ដ៏ធំ រហូតដល់សូម្បីតែធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកផែនដីនៅមុខមនុស្ស។ 14 វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។ 15 វាត្រូវបានប្រទានឲ្យផ្ដល់ខ្យល់ដង្ហើមដល់រូបសំណាករបស់សត្វតិរច្ឆាននោះ ដើម្បីឲ្យរូបសំណាករបស់សត្វតិរច្ឆាននោះអាចសូម្បីតែនិយាយ ហើយអាចធ្វើឲ្យអ្នកណាក៏ដោយដែលមិនថ្វាយបង្គំរូបសំណាករបស់សត្វតិរច្ឆាននោះត្រូវបានសម្លាប់ផង។ 16 វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងមនុស្សមានសេរីភាព និងទាសករ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ 17 ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់បានឡើយ លុះត្រាតែអ្នកនោះមានសញ្ញាសម្គាល់នោះ ដែលជាឈ្មោះរបស់សត្វតិរច្ឆាន ឬជាលេខនៃឈ្មោះរបស់វា។ 18 ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា។ អ្នកដែលមានការយល់ដឹង ត្រូវគណនាលេខរបស់សត្វតិរច្ឆាននោះ ដ្បិតលេខវាជាលេខរបស់មនុស្ស។ លេខនោះគឺ ៦៦៦៕ |