ពាក្យដាស់តឿនរបស់ព្រះយេស៊ូវ1 ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“សេចក្ដីបណ្ដាលឲ្យជំពប់ដួលប្រាកដជាត្រូវមកប៉ុន្តែវេទនាដល់អ្នកណាដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។ 2 ជាការប្រសើរជាងសម្រាប់អ្នកនោះ ប្រសិនបើព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយទម្លាក់ទៅក្នុងសមុទ្រ ជាជាងឲ្យគាត់បានធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះជំពប់ដួល។ 3 ចូរប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចូរស្ដីប្រដៅគាត់; ប្រសិនបើគាត់កែប្រែចិត្ត ចូរលើកលែងទោសឲ្យគាត់ទៅ។ 4 ប្រសិនបើគាត់ប្រព្រឹត្តបាបទាស់នឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយគាត់ត្រឡប់មករកអ្នកវិញទាំងប្រាំពីរដងដោយនិយាយថា: ‘ខ្ញុំសូមកែប្រែចិត្ត!’ នោះអ្នកត្រូវតែលើកលែងទោសឲ្យគាត់”។ ជំនឿ និងកាតព្វកិច្ច5 ពួកសាវ័កទូលព្រះអម្ចាស់ថា៖ “សូមបង្កើនជំនឿដល់យើងខ្ញុំផង”។ 6 ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។ 7 “សន្មតថា ក្នុងអ្នករាល់គ្នាមានអ្នកណាម្នាក់ដែលមានបាវបម្រើកំពុងភ្ជួរស្រែ ឬឃ្វាលចៀម។ នៅពេលបាវបម្រើនោះមកពីស្រែចម្ការវិញ តើគាត់និយាយនឹងបាវបម្រើនោះថា: ‘មកអង្គុយហូបសិនចុះ’ ឬ? 8 តើគាត់មិននិយាយនឹងបាវបម្រើនោះថា: ‘ចូររៀបចំអាហារឲ្យខ្ញុំហូប ហើយក្រវាត់ខ្លួន បម្រើខ្ញុំរហូតដល់ខ្ញុំហូបហើយ សឹមអ្នកហូបតាមក្រោយចុះ’ ទេឬ? 9 គាត់មិនត្រូវដឹងគុណចំពោះបាវបម្រើនោះ ដោយសារបានធ្វើអ្វីៗដែលគាត់បញ្ជាទេ មែនទេ? 10 អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលត្រូវបានបញ្ជាមកអ្នករាល់គ្នាហើយ ចូរអ្នករាល់គ្នានិយាយថា: ‘យើងជាបាវបម្រើឥតប្រយោជន៍ទេ យើងគ្រាន់តែបានធ្វើអ្វីដែលយើងត្រូវធ្វើប៉ុណ្ណោះ’”។ មនុស្សឃ្លង់ដប់នាក់11 នៅពេលព្រះយេស៊ូវកំពុងយាងទៅយេរូសាឡិម ព្រះអង្គយាងកាត់តាមចន្លោះរវាងសាម៉ារី និងកាលីឡេ។ 12 ខណៈដែលព្រះអង្គកំពុងយាងចូលទៅក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់បានជួបព្រះអង្គ។ ពួកគេឈរពីចម្ងាយ 13 ហើយស្រែកឡើងថា៖ “លោកយេស៊ូវអើយ លោកគ្រូអើយ សូមអាណិតមេត្តាយើងខ្ញុំផង!”។ 14 ព្រះអង្គទតឃើញពួកគេហើយ ក៏មានបន្ទូលថា៖“ចូរទៅបង្ហាញខ្លួនដល់ពួកបូជាចារ្យចុះ!”។ ខណៈដែលពួកគេកំពុងចេញទៅ ពួកគេក៏បានបរិសុទ្ធ។ 15 ម្នាក់ក្នុងពួកគេបានឃើញថាខ្លួនគាត់ត្រូវបានប្រោសឲ្យជា ក៏ត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះដោយសំឡេងយ៉ាងខ្លាំង 16 ហើយក្រាបមុខនៅទៀបព្រះបាទារបស់ព្រះយេស៊ូវ ទាំងអរព្រះគុណដល់ព្រះអង្គ។ អ្នកនោះជាជនជាតិសាម៉ារី។ 17 ព្រះយេស៊ូវមានបន្ទូលតបថា៖“មិនមែនដប់នាក់ទេឬ ដែលបានបរិសុទ្ធ? ចុះប្រាំបួននាក់ទៀតនៅឯណា? 18 គ្មានអ្នកណាត្រឡប់មកវិញដើម្បីថ្វាយសិរីរុងរឿងដល់ព្រះ លើកលែងតែសាសន៍ដទៃម្នាក់នេះឬ?”។ 19 រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើងទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ ការមកដល់នៃអាណាចក្រស្ថានសួគ៌20 មានកាលមួយពួកផារិស៊ីសួរព្រះយេស៊ូវថា៖ “តើអាណាចក្ររបស់ព្រះនឹងមកដល់នៅពេលណា?”។ ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“អាណាចក្ររបស់ព្រះមិនមែនមកក្នុងលក្ខណៈដែលអាចសង្កេតឃើញបាននោះទេ 21 ហើយក៏គ្មានអ្នកណាអាចនិយាយថា: ‘មើល៍! នៅទីនេះ!’ ឬថា: ‘នៅទីនោះ!’ បានដែរ។ ដ្បិតមើល៍! អាណាចក្ររបស់ព្រះស្ថិតនៅក្នុងចំណោមអ្នករាល់គ្នានេះឯង”។ 22 ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សទៀតថា៖“នឹងមានថ្ងៃមកដល់ ដែលអ្នករាល់គ្នានឹងប្រាថ្នាចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស ប៉ុន្តែនឹងមិនឃើញឡើយ។ 23 គេនឹងប្រាប់អ្នករាល់គ្នាថា: ‘មើល៍! នៅទីនោះ!’ ឬថា: ‘មើល៍! នៅទីនេះ!’។ កុំចេញទៅ ឬទៅតាមគេឡើយ។ 24 ដ្បិតដូចដែលផ្លេកបន្ទោរភ្លឺផ្លេកពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងយ៉ាងណា កូនមនុស្សក៏នឹងជាយ៉ាងនោះដែរនៅថ្ងៃរបស់លោក។ 25 យ៉ាងណាមិញ មុនដំបូងលោកត្រូវតែរងទុក្ខជាច្រើន ហើយត្រូវជំនាន់នេះបដិសេធ។ 26 “ដូចដែលកើតមាននៅសម័យណូអេយ៉ាងណា ក៏នឹងកើតមាននៅសម័យកូនមនុស្សយ៉ាងនោះដែរ 27 គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។ 28 នៅសម័យឡុតក៏កើតមានដូចគ្នាដែរ គឺពួកគេស៊ីផឹក ទិញលក់ ដាំដុះ និងសាងសង់ 29 ប៉ុន្តែដល់ថ្ងៃដែលឡុតចាកចេញពីសូដុម នោះមានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃ បំផ្លាញពួកគេទាំងអស់។ 30 នៅថ្ងៃដែលកូនមនុស្សត្រូវបានសម្ដែងឲ្យឃើញ ក៏នឹងកើតមានយ៉ាងដូច្នោះដែរ។ 31 នៅថ្ងៃនោះ កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមកយករបស់របរនៅក្នុងផ្ទះឡើយ រីឯអ្នកដែលនៅស្រែចម្ការក៏ដូចគ្នាដែរ កុំឲ្យពួកគេត្រឡប់មករកអ្វីៗដែលនៅខាងក្រោយវិញ។ 32 ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត! 33 អ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិត អ្នកនោះនឹងរក្សាជីវិតវិញ។ 34 ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានពីរនាក់នៅលើគ្រែមួយ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល; 35 នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល; 36 នឹងមានពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល”។ 37 ពួកសិស្សទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ តើនៅឯណា?”។ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មានសាកសពនៅកន្លែងណា ត្មាតនឹងផ្ដុំគ្នានៅកន្លែងនោះដែរ”៕ |