អ៊ីស្រាអែលបដិសេធព្រះគ្រីស្ទ1 ខ្ញុំនិយាយសេចក្ដីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនភូតភរទេ សតិសម្បជញ្ញៈរបស់ខ្ញុំក៏ធ្វើបន្ទាល់ជាមួយខ្ញុំក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ 2 ថា ខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំង និងការឈឺចុកចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំ។ 3 ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម 4 គឺជនជាតិអ៊ីស្រាអែល។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យា សុទ្ធតែជារបស់ពួកគេ; 5 ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន! ព្រះជ្រើសតាំងអ៊ីស្រាអែល6 យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ 7 ហើយពួកគេក៏មិនមែនសុទ្ធតែជាកូន ដោយសារជាពូជពង្សរបស់អ័ប្រាហាំដែរ ផ្ទុយទៅវិញ“អ្នកដែលកើតពីអ៊ីសាក នឹងត្រូវបានហៅថាពូជពង្សរបស់អ្នក”។ 8 នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។ 9 ដ្បិតព្រះបន្ទូលនៃសេចក្ដីសន្យា គឺដូចតទៅ:“ឆ្នាំក្រោយយើងនឹងមកក្នុងពេលដដែលនេះ ហើយសារ៉ានឹងមានកូនប្រុសម្នាក់”។ 10 មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកាក៏មានផ្ទៃពោះជាមួយបុរសម្នាក់ដូច្នោះដែរ គឺអ៊ីសាកដូនតារបស់យើង។ 11 ជាការពិត កាលកូនទាំងពីរមិនទាន់កើតនៅឡើយ ហើយក៏មិនទាន់ធ្វើអ្វីល្អ ឬអាក្រក់ (ដើម្បីឲ្យគោលបំណងរបស់ព្រះដែលស្របតាមការជ្រើសតាំង បាននៅស្ថិតស្ថេរ 12 មិនមែនដោយសារតែការប្រព្រឹត្ត គឺដោយសារតែព្រះអង្គដែលត្រាស់ហៅវិញ) ព្រះមានបន្ទូលនឹងរេបិកាថា៖“កូនច្បងនឹងបម្រើកូនប្អូន” 13 ដូចដែលមានសរសេរទុកមកថា:“យើងបានស្រឡាញ់យ៉ាកុប ប៉ុន្តែស្អប់អេសាវ”។ ការជ្រើសតាំងដ៏សុចរិតយុត្តិធម៌របស់ព្រះ14 បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើព្រះអយុត្តិធម៌ឬ? មិនមែនដូច្នោះជាដាច់ខាត! 15 ដ្បិតព្រះមានបន្ទូលនឹងម៉ូសេថា៖ “យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា; យើងនឹងអាណិតអាសូរដល់អ្នកណាដែលយើងអាណិតអាសូរ”។ 16 ដូច្នេះ មិនមែនស្រេចលើបំណង ឬការប្រឹងប្រែងរបស់មនុស្សទេ គឺស្រេចលើព្រះដែលមេត្តាករុណាវិញ។ 17 ជាការពិត ព្រះគម្ពីរបានថ្លែងទៅផារ៉ោនថា: “យើងបានតាំងអ្នកឡើងដើម្បីការនេះ គឺដើម្បីឲ្យយើងបានសម្ដែងចេស្ដារបស់យើងតាមរយៈអ្នក និងដើម្បីឲ្យនាមរបស់យើងបានប្រកាសទៅទូទាំងពិភពលោក”។ 18 ពោលគឺ ព្រះចង់មេត្តាករុណាដល់អ្នកណា ក៏មេត្តាករុណាដល់អ្នកនោះ ហើយព្រះអង្គចង់ធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏ធ្វើឲ្យអ្នកនោះមានចិត្តរឹងរូសដែរ។ 19 ដូច្នេះ អ្នកនឹងសួរខ្ញុំថា៖ “ចុះហេតុអ្វីបានជាព្រះនៅតែចាប់កំហុសទៀត? ព្រោះថា តើនរណាអាចប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះអង្គបាន?”។ 20 ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ? 21 ឬមួយក៏ជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីធ្វើភាជនៈពីដុំដីឥដ្ឋដដែល គឺមួយសម្រាប់ការថ្លៃថ្នូរ មួយសម្រាប់ការមិនថ្លៃថ្នូរនោះទេឬ? 22 ចុះបើព្រះបានទ្រាំទ្រដោយការអត់ធ្មត់យ៉ាងខ្លាំង ចំពោះភាជនៈនៃព្រះពិរោធដែលត្រូវបានរៀបចំទុកសម្រាប់ការបំផ្លាញ ទោះបីជាព្រះអង្គមានព្រះហឫទ័យចង់សម្ដែងព្រះពិរោធ ហើយបើកឲ្យស្គាល់ព្រះចេស្ដារបស់ព្រះអង្គក៏ដោយ តើយ៉ាងណាទៅ! 23 មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ! 24 ភាជនៈទាំងនោះរួមមានទាំងយើងដែរ ដែលព្រះអង្គបានត្រាស់ហៅ មិនគ្រាន់តែពីជនជាតិយូដាប៉ុណ្ណោះទេ គឺថែមទាំងពីសាសន៍ដទៃទៀតផង។ 25 ដូចដែលព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរហូសេថា: “យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើងថា ‘ប្រជារាស្ត្ររបស់យើង’ ហើយហៅអ្នកដែលមិនត្រូវបានស្រឡាញ់ថា ‘ជាទីស្រឡាញ់’។ 26 ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។ 27 រីឯអេសាយក៏ស្រែកអំពីអ៊ីស្រាអែលថា: “ទោះបីជាកូនចៅអ៊ីស្រាអែល មានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់តែបន្តិចប៉ុណ្ណោះដែលនឹងបានសង្គ្រោះ។ 28 ព្រះអម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលសម្រេចនៅលើផែនដីនេះ យ៉ាងហ្មត់ចត់ និងឆាប់រហ័ស”។ 29 មួយវិញទៀត ដូចដែលអេសាយបានថ្លែងទុកមុនថា: “ប្រសិនបើព្រះអម្ចាស់នៃពលបរិវារមិនបានបន្សល់ពូជឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ”។ ភាពគ្មានជំនឿរបស់អ៊ីស្រាអែល30 បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? សាសន៍ដទៃដែលមិនបានស្វែងរកសេចក្ដីសុចរិត ទទួលបានសេចក្ដីសុចរិត គឺសេចក្ដីសុចរិតដែលមកពីជំនឿ 31 រីឯអ៊ីស្រាអែលវិញ គេដេញតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិត ប៉ុន្តែមិនបានដល់ក្រឹត្យវិន័យនោះឡើយ។ 32 ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនបានដេញតាមដោយជំនឿទេ គឺដេញតាម ហាក់ដូចជាដោយការប្រព្រឹត្តទៅវិញ។ ពួកគេបានជំពប់ដួលនឹង “ថ្មនៃការជំពប់” 33 ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕ |