ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


រ៉ូម 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
រ៉ូម 7

ពន្យល់ដោយលើកពីចំណងអាពាហ៍ពិពាហ៍

1 បងប្អូន​អើយ ឥឡូវនេះ ខ្ញុំ​កំពុង​និយាយ​នឹង​អ្នក​ដែល​ស្គាល់​ក្រឹត្យវិន័យ​ថា​: តើ​អ្នករាល់គ្នា​មិនដឹង​ទេឬ ថា​ក្រឹត្យវិន័យ​គ្រប់គ្រង​លើ​មនុស្ស​ក្នុង​ពេល​ដែល​គេ​នៅរស់​ប៉ុណ្ណោះ​?

2 ជាឧទាហរណ៍ ស្ត្រី​ដែល​មានប្ដី ជាប់ចំណង​នឹង​ប្ដី​តាម​ក្រឹត្យវិន័យ កាល​ប្ដី​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ​ដែលទាក់ទងនឹង​ប្ដី​។

3 ដូច្នេះ ប្រសិនបើ​នាង​ទៅយក​បុរស​ម្នាក់ទៀត​នៅពេល​ដែល​ប្ដី​នៅរស់ គេ​នឹង​ហៅ​នាង​ថា ស្ត្រី​ផិតក្បត់​; ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ ហើយ​ទោះបីជា​នាង​ទៅយក​បុរស​ម្នាក់ទៀត ក៏​នាង​មិនមែន​ជា​ស្ត្រី​ផិតក្បត់​ដែរ​។

4 បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។

5 ដ្បិត​កាល​យើង​រស់នៅ​ខាងសាច់ឈាម តណ្ហា​នៃ​បាប​ដែល​កើតមាន​តាមរយៈ​ក្រឹត្យវិន័យ តែងតែ​ចេញឥទ្ធិពល​នៅក្នុង​អវយវៈ​របស់យើង ធ្វើឲ្យ​បង្កើតផល​ដល់​សេចក្ដីស្លាប់​។

6 ប៉ុន្តែ​ឥឡូវនេះ យើង​រួច​ពី​ក្រឹត្យវិន័យ​ហើយ ដោយ​បាន​ស្លាប់​ចំពោះ​អ្វីដែល​ឃុំឃាំង​យើង ធ្វើឲ្យ​យើង​បាន​បម្រើ​តាម​ភាពថ្មី​នៃ​ព្រះវិញ្ញាណ គឺ​មិនមែន​ភាពចាស់​នៃ​គម្ពីរវិន័យ​ទេ​។

បាបឆ្លៀតឱកាសប្រើក្រឹត្យវិន័យ

7 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ក្រឹត្យវិន័យ​ជា​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យ៉ាងណាមិញ ប្រសិនបើ​មិនមែន​តាមរយៈ​ក្រឹត្យវិន័យ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ​។ ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​មិន​បាន​ចែងថា “កុំ​លោភលន់” នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដីលោភលន់​ដែរ​។

8 ប៉ុន្តែ​បាប​បាន​ឆ្លៀតឱកាស​តាមរយៈ​បទបញ្ជា ហើយ​បង្កើត​សេចក្ដីលោភលន់​គ្រប់បែបយ៉ាង​នៅក្នុង​ខ្ញុំ​។ ជាការពិត បើគ្មាន​ក្រឹត្យវិន័យ បាប​ក៏​ស្លាប់​ដែរ​។

9 ពីមុន ខ្ញុំ​បាន​រស់នៅ​ដោយគ្មាន​ក្រឹត្យវិន័យ ប៉ុន្តែ​នៅពេល​បទបញ្ជា​ចូលមក បាប​ក៏​មានជីវិតឡើង

10 រីឯ​ខ្ញុំ​ក៏​ស្លាប់​។ ដូច្នេះ ខ្ញុំ​ឃើញថា បទបញ្ជា​ដែល​ត្រូវ​នាំមកនូវ​ជីវិត បែរជា​នាំមកនូវ​សេចក្ដីស្លាប់​ទៅវិញ​។

11 តាមពិត បាប​បាន​ឆ្លៀតឱកាស​បោកបញ្ឆោត​ខ្ញុំ​តាមរយៈ​បទបញ្ជា ព្រមទាំង​សម្លាប់​ខ្ញុំ​តាមរយៈ​បទបញ្ជានោះ​។

12 ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។

បញ្ហាបាបដែលនៅក្នុងយើង

13 បើដូច្នេះ តើ​អ្វី​ដែល​ល្អ​បាន​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! គឺ​បាប​វិញ​ទេតើ ដែល​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ​តាមរយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បីឲ្យ​ឃើញថា​បាប​ជា​បាប ហើយ​តាមរយៈ​បទបញ្ជា​ធ្វើឲ្យ​បាប​ទៅជា​អាក្រក់​ហួសប្រមាណ​ទៅទៀត​។

14 ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។

15 ជាការពិត ខ្ញុំ​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ​។ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយ បែរជា​ធ្វើ​អ្វីដែល​ខ្ញុំ​ស្អប់​ទៅវិញ​។

16 ដូច្នេះ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់ស្រប​ថា ក្រឹត្យវិន័យ​ល្អ​មែន​។

17 ប៉ុន្តែ​ឥឡូវនេះ មិនមែន​ខ្ញុំ​ទៀតទេ ដែល​ធ្វើ​ការនោះ គឺ​បាប​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​វិញ​ទេតើ​។

18 ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នៅក្នុង​ខ្ញុំ គឺ​នៅក្នុង​សាច់ឈាម​របស់ខ្ញុំ គ្មាន​អ្វីល្អ​ឡើយ ពីព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ ប៉ុន្តែ​ធ្វើ​មិន​បាន​សោះ​។

19 ដោយហេតុនេះ ខ្ញុំ​មិន​ធ្វើ​ការល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ បែរជា​ធ្វើ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅវិញ​។

20 ដូច្នេះ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិនមែន​ខ្ញុំ​ទៀតទេ ដែល​ធ្វើ​ការនោះ គឺ​បាប​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ​វិញ​ទេតើ​។

21 ហេតុនេះ ខ្ញុំ​រកឃើញ​គោលការណ៍​មួយ គឺ​កាលណា​ខ្ញុំ​ចង់​ធ្វើ​ល្អ ការ​អាក្រក់​ក៏​នៅជាមួយ​ខ្ញុំ​ដែរ​។

22 ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ

23 ប៉ុន្តែ​ខ្ញុំ​ឃើញ​គោលការណ៍​មួយ​ផ្សេងទៀត​នៅក្នុង​អវយវៈ​របស់ខ្ញុំ ដែល​តែងតែ​តយុទ្ធ​នឹង​គោលការណ៍​នៃ​គំនិត​របស់ខ្ញុំ ហើយ​ចាប់​ខ្ញុំ​ជាឈ្លើយសឹក​ទៅក្រោម​គោលការណ៍​នៃ​បាប​ដែល​ស្ថិតនៅ​ក្នុង​អវយវៈ​របស់ខ្ញុំ​។

24 ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់​! តើ​នរណា​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​រូបកាយ​នៃ​សេចក្ដីស្លាប់​នេះ​បាន​?

25 ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​! ដោយហេតុនេះ ខ្លួនខ្ញុំ​បម្រើ​គោលការណ៍​របស់​ព្រះ​ក្នុង​គំនិត ប៉ុន្តែ​ក្នុង​សាច់ឈាម ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប​វិញ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative