ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូហាន 15 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
យ៉ូហាន 15

ដើមទំពាំងបាយជូរដ៏ពិត

1 “គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ​ដ៏ពិត ហើយ​ព្រះ​បិតា​របស់ខ្ញុំ​ជា​អ្នកថែចម្ការ​។

2 អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។

3 អ្នករាល់គ្នា​បាន​ស្អាត​រួចហើយ ដោយសារតែ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នករាល់គ្នា​។

4 ចូរ​ស្ថិតនៅ​ក្នុង​ខ្ញុំ នោះខ្ញុំក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។ ដូចដែល​មែក​មិនអាច​បង្កើត​ផល​ដោយ​ឯកឯង​បានឡើយ លុះត្រាតែ​នៅជាប់​នឹង​ដើមទំពាំងបាយជូរ អ្នករាល់គ្នា​ក៏មិន​អាច​បង្កើត​ផល​ដូច្នោះ​បាន​ដែរ លុះត្រាតែ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ​។

5 “គឺ​ខ្ញុំ​ជា​ដើមទំពាំងបាយជូរ អ្នករាល់គ្នា​ជា​មែក​។ អ្នក​ដែល​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នកនោះ អ្នកនោះ​នឹង​បង្កើត​ផល​ជាច្រើន ដ្បិត​អ្នករាល់គ្នា​មិនអាច​ធ្វើ​អ្វី​ដោយគ្មាន​ខ្ញុំ​បានឡើយ​។

6 ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។

7 ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយ​ពាក្យ​របស់ខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ចូរ​ទូល​សុំ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង់បាន​ចុះ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។

8 ព្រះ​បិតា​របស់ខ្ញុំ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ដោយសារតែការនេះ គឺការដែល​អ្នករាល់គ្នា​បង្កើត​ផល​ជាច្រើន និង​ការដែល​អ្នករាល់គ្នា​ធ្វើជា​សិស្ស​របស់ខ្ញុំ​។

ការស្រឡាញ់គ្នាទៅវិញទៅមក

9 “ដូចដែល​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ ខ្ញុំក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។ ចូរ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ចុះ​។

10 ប្រសិនបើ​អ្នករាល់គ្នា​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ អ្នករាល់គ្នា​នឹង​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ ដូចដែល​ខ្ញុំ​បាន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​បិតា​ខ្ញុំ ហើយ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ដែរ​។

11 “ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បីឲ្យ​អំណរ​របស់ខ្ញុំ​បាន​នៅ​ក្នុង​អ្នករាល់គ្នា ហើយ​ឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។

12 នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។

13 គ្មានអ្នកណា​មាន​សេចក្ដីស្រឡាញ់​ធំជាង​នេះ​ឡើយ គឺដែល​ម្នាក់​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​មិត្តសម្លាញ់​របស់​ខ្លួន​។

14 អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។

15 ខ្ញុំ​មិន​ហៅ​អ្នករាល់គ្នា​ជា​បាវបម្រើ​ទៀតទេ ពីព្រោះ​បាវបម្រើ​មិន​ដឹង​អ្វី​ដែល​ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​ឡើយ ផ្ទុយទៅវិញ ខ្ញុំ​បាន​ហៅ​អ្នករាល់គ្នា​ជា​មិត្តសម្លាញ់ ពីព្រោះ​ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​ដឹង​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ឮ​ពី​ព្រះ​បិតា​របស់ខ្ញុំ​ហើយ​។

16 អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។

17 ខ្ញុំ​បង្គាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។

ប្រាប់ជាមុនអំពីការបៀតបៀន

18 “ប្រសិនបើ​ពិភពលោក​ស្អប់​អ្នករាល់គ្នា ចូរ​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ​មុន​អ្នករាល់គ្នា​ហើយ​។

19 ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ពិភពលោក ម្ល៉េះសម​ពិភពលោក​បាន​ស្រឡាញ់​របស់ខ្លួនវា​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជា​របស់​ពិភពលោក គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ចេញពី​ពិភពលោក ហេតុនេះហើយបានជា​ពិភពលោក​ស្អប់​អ្នករាល់គ្នា​។

20 ចូរ​នឹកចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​: ‘បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ’។ ប្រសិនបើ​គេ​បៀតបៀន​ខ្ញុំ គេ​នឹង​បៀតបៀន​អ្នករាល់គ្នា​ដែរ​។ ប្រសិនបើ​គេ​កាន់តាម​ពាក្យ​របស់ខ្ញុំ គេ​នឹង​កាន់តាម​ពាក្យ​របស់អ្នករាល់គ្នា​ដែរ​។

21 ប៉ុន្តែ​គេ​នឹង​ប្រព្រឹត្ត​ការ​ទាំងអស់​នេះ​ដល់​អ្នករាល់គ្នា​ដោយសារតែ​នាម​របស់ខ្ញុំ ពីព្រោះ​គេ​មិន​បាន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ទេ​។

22 ប្រសិនបើ​ខ្ញុំ​មិន​បាន​មក ហើយ​ប្រាប់​ពួកគេ​ទេ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​គ្មាន​ពាក្យដោះសា​អំពី​បាប​របស់​ពួកគេ​ឡើយ​។

23 អ្នក​ដែល​ស្អប់​ខ្ញុំ ក៏​ស្អប់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។

24 ប្រសិនបើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ក្នុងចំណោម​ពួកគេ ជា​កិច្ចការ​ដែល​គ្មានអ្នកណា​ផ្សេង​បាន​ធ្វើ​ទេ ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ និង​ព្រះ​បិតា​របស់ខ្ញុំ​ទៀត​។

25 នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។

ទីបន្ទាល់ និងការបដិសេធ

26 “នៅពេល​ព្រះជំនួយ​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ​បិតា​ឲ្យមក​អ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​ចេញមក​ពី​ព្រះ​បិតា​បាន​យាង​មក ព្រះអង្គ​នឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ

27 ហើយ​អ្នករាល់គ្នា​ក៏​ធ្វើបន្ទាល់​ដែរ ពីព្រោះ​អ្នករាល់គ្នា​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក​។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative