ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 4

ព្រះយេស៊ូវត្រូវបានល្បួង

1 បន្ទាប់មក ព្រះយេស៊ូវ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន ដើម្បីឲ្យ​មារ​ល្បួង​។

2 ក្រោយពី​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន​។

3 មេល្បួង​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​ទាំងនេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍​!”។

4 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​សរសេរ​ទុកមក​ថា​: ‘មនុស្ស​មិនមែន​រស់​ដោយ​នំប៉័ង​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​គ្រប់ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​វិញ’ ”។

5 បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ

6 រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ”។

7 ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា​៖“មាន​សរសេរ​ទុកមក​ទៀត​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’”។

8 បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ

9 រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្វីៗ​ទាំងអស់នេះ​ដល់​អ្នក”។

10 ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា៖“សាតាំង ថយចេញ​ទៅ! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ព្រះ​របស់អ្នក ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយអង្គ​គត់’ ”។

11 ពេលនោះ មារ​ក៏​ចាកចេញ​ពី​ព្រះយេស៊ូវ ហើយ​មើល៍! បណ្ដា​ទូតសួគ៌​បាន​ចូលមកជិត បម្រើ​ព្រះអង្គ។

ព័ន្ធកិច្ចនៅកាលីឡេ

12 នៅពេល​ឮ​ថា យ៉ូហាន​ត្រូវគេ​ចាប់ខ្លួន ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ទៅ​កាលីឡេ​។

13 បន្ទាប់មក ព្រះអង្គ​យាង​ចាកចេញ​ពី​ណាសារ៉ែត ទៅ​គង់នៅ​កាពើណិម​ដែល​ជាទីក្រុងនៅ​មាត់បឹង ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី​។

14 នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា:

15 “ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់ គឺ​កាលីឡេ​របស់​សាសន៍ដទៃ​——

16 ប្រជាជន​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​; ចំពោះ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ដែនដី​នៃ​សេចក្ដីស្លាប់ និង​ស្រមោល​នៃ​សេចក្ដីស្លាប់ មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ” ។

17 តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​ប្រកាស​ថា៖“ចូរ​កែប្រែចិត្ត ដ្បិត​អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ”។

សិស្សដំបូង

18 នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។

19 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“មក​តាម​ខ្ញុំ​! ខ្ញុំ​នឹង​ធ្វើឲ្យ​ពួកអ្នក​ទៅជា​អ្នកនេសាទ​មនុស្ស”។

20 ពួកគេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ទៅតាម​ព្រះអង្គភ្លាម​។

21 ព្រះអង្គ​យាង​ពីទីនោះ​ទៅមុខទៀត ក៏​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​គាត់ កំពុង​ជួស​អួន​នៅក្នុង​ទូក​ជាមួយ​សេបេដេ​ជា​ឪពុក​។ ព្រះអង្គ​ទ្រង់​ហៅ​អ្នកទាំងពីរនោះ

22 ពួកគេ​ក៏​ចាកចោល​ទូក និង​ឪពុក​របស់​ពួកគេ​ភ្លាម ហើយ​ទៅតាម​ព្រះអង្គ​។

បង្រៀន ប្រកាសដំណឹងល្អ និងប្រោសឲ្យជា

23 ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។

24 ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។

25 មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative