ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 14 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 14

មរណភាពរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក

1 នៅ​គ្រានោះ ស្ដេចត្រាញ់​ហេរ៉ូឌ​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូវ

2 ក៏​មានរាជឱង្ការ​នឹង​ពួក​មន្ត្រី​ថា​៖ “អ្នកនេះ​គឺ​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​! គាត់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។

3 ជាការពិត ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ចង ហើយ​ដាក់គុក​គាត់ ដោយសារតែ​ហេរ៉ូឌាស​មហេសី​របស់​ភីលីព អនុជ​របស់​ទ្រង់​។

4 ដ្បិត​យ៉ូហាន​បាន​ទូល​ទ្រង់​ថា​៖ “ព្រះ​ករុណា​យក​នាង​ធ្វើជាមហេសី ខុសច្បាប់​ហើយ”។

5 ហេរ៉ូឌ​ចង់​សម្លាប់​យ៉ូហាន ប៉ុន្តែ​ទ្រង់​ខ្លាច​ប្រជាជន ពីព្រោះ​គេ​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី​។

6 លុះដល់​ថ្ងៃចម្រើនព្រះជន្ម​របស់​ហេរ៉ូឌ កូនស្រី​របស់​ហេរ៉ូឌាស​បាន​រាំ​ក្នុង​កណ្ដាលចំណោម ហើយ​បាន​បំពេញព្រះទ័យ​ហេរ៉ូឌ

7 ដូច្នេះ​ហេរ៉ូឌ​ក៏​សន្យា​ដោយ​ពាក្យសម្បថ​ថា អ្វីក៏ដោយដែល​នាង​សុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​នាង​។

8 ដោយ​ត្រូវ​ម្ដាយ​បញ្ចុះបញ្ចូល នាង​ក៏​ទូលថា​៖ “សូម​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​នៅ​ទីនេះ​ផង”។

9 ស្ដេច​ក៏​ពិបាកព្រះទ័យ ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ដល់នាង

10 ដោយ​ចាត់​គេ​ឲ្យទៅ​កាត់ក្បាល​យ៉ូហាន​នៅក្នុង​គុក

11 ហើយ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​ក្មេងស្រី​នោះ នាង​ក៏​យកទៅ​ឲ្យ​ម្ដាយ​របស់​នាង​។

12 ក្រោយមក ពួក​សិស្ស​របស់​យ៉ូហាន​បាន​ចូលមក​យក​សព​ទៅ​បញ្ចុះ ហើយ​ទៅ​ទូល​ព្រះយេស៊ូវ​។

នំប៉័ងប្រាំ និងត្រីពីរ

13 ព្រះយេស៊ូវ​ទ្រង់​ឮ​ដំណឹងនេះ ក៏​យាង​ចាកចេញ​ពីទីនោះ​តាម​ទូក ទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែព្រះអង្គឯង​។ ប៉ុន្តែ​ពេល​ប្រជាជន​បាន​ឮ គេ​ក៏​ទៅតាម​ព្រះអង្គ​ដោយ​ថ្មើរជើង ពី​ទីក្រុង​នានា​។

14 នៅពេល​យាង​ឡើង​ពី​ទូក ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ ក៏​មានព្រះទ័យ​អាណិតអាសូរ​ចំពោះ​ពួកគេ ហើយ​ព្រះអង្គ​ប្រោស​អ្នកជំងឺ​របស់​ពួកគេ​ឲ្យជា​។

15 លុះដល់​ពេលល្ងាច ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “កន្លែង​នេះ​ស្ងាត់ដាច់ពីគេ ម៉ោង​ក៏​ជ្រុល​ហើយ​។ សូម​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ទៅ ដើម្បីឲ្យ​ពួកគេ​ទៅ​តាម​ភូមិ​នានា ទិញ​អាហារ​សម្រាប់​ខ្លួនឯង”។

16 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពួកគេ​មិន​ចាំបាច់​ទៅ​ទេ ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។

17 ពួកសិស្ស​ក៏​ទូល​ព្រះអង្គ​ថា៖ “យើងខ្ញុំ​គ្មានអ្វី​នៅ​ទីនេះ​ទេ ក្រៅពី​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​ប៉ុណ្ណោះ”។

18 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​យក​នំប៉័ង និងត្រីនោះ​មក​ឲ្យ​ខ្ញុំ​នៅ​ទីនេះ”។

19 បន្ទាប់មក ព្រះអង្គ​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​លើ​ស្មៅ​។ នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូវ​ទ្រង់​ងើយមើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​នំប៉័ង​ទាំងនោះ​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

20 ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែល​សេសសល់​បាន​ដប់ពីរ​កន្ត្រក​ពេញ​។

21 អ្នក​ដែល​ហូប​នោះ មាន​មនុស្សប្រុស​ប្រមាណ​ប្រាំពាន់​នាក់ ដោយមិនរាប់​មនុស្សស្រី និង​កូនក្មេង​ទេ​។

ព្រះយេស៊ូវយាងលើទឹកបឹង

22 ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។

23 នៅពេល​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​តែព្រះអង្គឯង​ដើម្បី​អធិស្ឋាន​។ លុះដល់​ពេលល្ងាច ព្រះអង្គ​គង់នៅ​ទីនោះ​តែព្រះអង្គឯង​។

24 ចំណែកឯ​ទូក​ក៏​នៅ​ច្រើន​គីឡូម៉ែត្រ​ពី​គោក​ហើយ ទាំង​ត្រូវ​រលក​បោក ពីព្រោះ​បញ្ច្រាស​ខ្យល់​។

25 ពេលជិតភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ​។

26 ប៉ុន្តែ​នៅពេល​ឃើញ​ព្រះអង្គ​កំពុង​យាង​លើ​ទឹក​បឹង ពួក​សិស្ស​ក៏​ភ័យស្លុត​ទាំង​និយាយថា​៖ “ជា​ខ្មោច​!” ហើយ​ដោយសារតែ​ការភិតភ័យ​ពួកគេ​ក៏​ស្រែកឡើង​។

27 ភ្លាមនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ក្លាហានឡើង​! គឺ​ខ្ញុំ​ទេតើ កុំ​ខ្លាច​ឡើយ​!”។

28 ពេត្រុស​ទូល​តប​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ជា​ព្រះអង្គ​មែន សូម​បញ្ជា​ឲ្យ​ទូលបង្គំ​ទៅរក​ព្រះអង្គ​លើ​ទឹក​ផង”។

29 ព្រះយេស៊ូវ​មានបន្ទូលថា​៖“មក​ចុះ​!”។ ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ទៅរក​ព្រះយេស៊ូវ​។

30 ប៉ុន្តែ​នៅពេល​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ក៏​ភ័យខ្លាច ហើយ​ចាប់ផ្ដើម​លិចចុះ​។ គាត់​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ សង្គ្រោះ​ទូលបង្គំ​ផង​!”។

31 ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ហើយ​មានបន្ទូលថា​៖“មនុស្ស​មានជំនឿតិច​អើយ ហេតុអ្វីបានជា​អ្នក​សង្ស័យ​ដូច្នេះ​?”។

32 នៅពេល​ព្រះយេស៊ូវ និងពេត្រុស​ឡើង​ទូក​ហើយ នោះក៏​ឈប់​ខ្យល់​។

33 ពួក​អ្នក​ដែល​នៅក្នុង​ទូក​ក៏​ថ្វាយបង្គំ​ព្រះអង្គ ទូលថា​៖ “ព្រះអង្គ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។

ការប្រោសឲ្យជានៅគេនេសារ៉ែត

34 នៅពេល​ឆ្លង​ហើយ ពួកគេ​ក៏​ឡើង​គោក​នៅ​គេនេសារ៉ែត​។

35 មនុស្ស​នៅ​កន្លែង​នោះ​ក៏​ស្គាល់​ព្រះអង្គ ហើយ​ពួកគេ​បញ្ជូន​ដំណឹង​ទៅ​ទូទាំង​តំបន់ជុំវិញ​នោះ រួច​នាំ​អស់អ្នក​ដែល​មានជំងឺ​មក​រក​ព្រះអង្គ

36 ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative